(ភ្នំពេញ)៖ ដើម្បីធានាឲ្យភ្ញៀវមានសុវត្ថិភាព និងភាពសប្បាយរីករាយ, អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានកំណត់ឲ្យម្ចាស់ការណូតទេសចរណ៍ទាំងអស់ ដែលស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវតែរៀបចំជលយាន្តរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដោយមានការបំពាក់ឧបករណ៍ការពារសុវត្ថិភាព ដូចជាពោងសុវត្ថិភាព ឧបករណ៍ពន្លត់អគ្គិសភ័យ និងឧបករណ៍ សម្រាប់ជួយសង្គ្រោះអ្នកដំណើរ ជាដើម។
ថ្លែងក្នុងកិច្ចប្រជុំស្តីពី ការគ្រប់គ្រងការណូតទេសចរណ៍នៅរដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអះអាងថា ការកំណត់ឲ្យម្ចាស់កាណូត ទេសចរណ៍មានឧបករណ៍ការពារសុវត្ថិភាពនេះ គឺដើម្បីធ្វើយ៉ាងណាឲ្យអ្នកទេសចរទំាងអស់ដែលជិះទូកកម្សាន្តមានភាពកក់ក្តៅ និងសប្បាយរីករាយមិនបារម្ភពីបញ្ហាគ្រោះថ្នាក់ ណាមួយកើតឡើង។
អភិបាលរាជធានីផ្នំពេញ បានបញ្ជាក់ថា ក្រៅពីការកំណត់ឲ្យ បំពាក់ឧបករណ៍សុវត្ថិភាពនេះ ម្ចាស់ជលយាន្តទេសចរណ៍ទំាងនោះត្រូវតែប្រមូលផ្តុំគ្នានៅ ចំណតកំពង់ផែតែមួយ ដែលសាលារាជធានី ភ្នំពេញ នឹងរៀបចំជូនស្ថិតបរិវេណច្រាំងទន្លេនៃ សួនច្បារខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លោកអភិបាលរាជធានីបន្តថា នេះជាការរៀបចំការណូតទេសចរណ៍ ឲ្យមានសណ្តាប់ធ្នាប់ ងាយស្រួលគ្រប់គ្រង ដែលមិនបង្កផលប៉ៈពាល់ដល់ភ្ញៀវទេសចរនិង សណ្តាប់ធា្នប់សាធារណៈ។
លោកបន្តថា «ឥលូវត្រូវមានសេចក្តីណែនាំមន្ទីរទេសចរណ៍ត្រូវពិនិត្យលើកិច្ចការងារនេះ ត្រូវលាបពណ៌យ៉ាងម៉េចអោយដូចគ្នា អ្នកបើកបរត្រូវមានជំនាញច្បាស់លាស់ ហើយមានឡាយសិនត្រឹមត្រូវ មិនត្រូវចេះតែអោយបើកទេ ពិសេសមានពោងសុវត្ថិភាព ឧបករណ៍ពន្លត់ អគ្គិសភ័យ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវ»។
ប្រធានសមាគមកាណូតទេសចរណ៍រាជធានីភ្នំពេញ បានឯកភាពទទួលយកការគោល ការណ៍នេះដើម្បីធានាឲ្យភ្ញៀវដែលជិះទូកកម្សាន្តតាមដងទន្លេសាបមានសុវត្ថិភាពខ្ពស់។
សូមបញ្ជាក់ថា ជាលទ្ធផលនៃអង្គប្រជុំ បានសម្រេចឲ្យមានចំណតបណ្ដោះអាសន្ននៅមុខសួនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលតម្រូវឲ្យទូក កាណូតដឹកភ្ញៀវទេសចរណ៍ទាំង៦២ទូក ត្រូវចូលមកចកតែមួយកន្លែង និងមានផែទូក កាណូតទេសចរណ៍នៅផ្សាររាត្រីសម្រាប់មកទទួលយកភ្ញៀវដែលមានបំណងជិះទូកកាណូតកម្សាន្ត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងទូក កាណូត និងលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ៕