(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីន បានចាប់ខ្លួនស្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់ ដែលនាំចូលដោយខុសច្បាប់នូវគ្រឿងញៀនមានតម្លៃជាង ៥៤លាន pesos ពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសហ្វីលីពីន ខណៈលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ កំពុងធ្វើសង្រ្គាមប្រឆាំងគ្រឿងញៀន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរហ្វីលីពីន ស្ត្រីឥណ្ឌូណេស៊ីខាងលើមានឈ្មោះ Agnes Alexandra ត្រូវបានឃាត់ ខ្លួនកាលពីព្រឹកថ្ងៃចន្ទ នៅឯអាកាសយានដ្ឋានទីក្រុងម៉ានីល បន្ទាប់ពីអាជ្ញាធររកឃើញគ្រឿងញៀន ប្រភេទ methamphetamine ៨គីឡូក្រាម នៅក្នុងវ៉ាលីរបស់ស្ត្រីរូបនេះនៅលើជើងហោះហើរចេញពី ខេត្តសៀមរាប ប្រទេសកម្ពុជា។ ប៉ុន្តែនាង Alexandra បានអះអាងថា វ៉ាលីនេះមិនមែនជារបស់នាងនោះទេ។
គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ អាជ្ញាធរហ្វីលីពីន បាននិងកំពុងធ្វើសង្រ្គាមយ៉ាងក្ដៅគគុកក្នុងការបង្រ្កាបគ្រឿងញៀន ដែលបណ្ដាលឱ្យជនសង្ស័យ ពាក់ពាក់នឹងគ្រឿងញៀនជិត៧,០០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីឆ្នាំលលោកឡើងកាន់តំណែងកាលពីឆ្នាំ២០១៦មក៕