(បាត់ដំបង)៖ លោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ សាកលវិទ្យាល័យឯកទេស នៃកម្ពុជា CUS បានអញ្ជើញវាគ្មិន និងអ្នកទទួលបានជោគជ័យ ក្នុងការងារជាច្រើនរូប បើកសន្និសីទរួមគ្នាមួយក្រោមប្រធានបទ «គន្លឹះជ្រើសរើសជំនាញនៅឧត្តមសិក្សា និងឱកាសការងារ» ក្នុងបំណងផ្តល់បំនិនជីវិតបន្ថែម ដល់សិស្សដែលទើបតែបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សា និងនិស្សិតដែលកំពុងសិក្សា នៅក្នុងសាកលវិទ្យាល័យរបស់ខ្លួន។
អង្គសន្និសីទ ដែលបានធ្វើឡើងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ក៏មានការអញ្ជើញចូលរួម ជាវាគ្មិនមកពីស្ថាប័នរដ្ឋ និងឯកជនជាដៃគូ របស់សាកលវិទ្យាល័យ មានដូចជាធនាគារ ABA, ធនាគារប្រៃសណីយ៍កម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK, មជ្ឈមណ្ឌលការងារខេត្តបបាត់ដំបង និងសាលាខ្មែរអន្តរជាតិប្រ៊ិជ។
ជាចំណុចចាប់ផ្តើម លោកបណ្ឌិត មាស បូរ៉ា បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការ ចំណាយពេលវេលារបស់វាគ្មិន សាស្រ្តាចារ្យ សិស្ស និស្សិត ដែលបានចូលរួមក្នុងកម្មវិធី ដ៏មានសារប្រយោជន៍ជួយ ជាគំនិតក្នុងការជ្រើសរើសជំនាញជាមូលដ្ឋាន សម្រាប់ជ្រើសរើសរបៀបសិក្សា ឲ្យទទួលបានជោគជ័យ។
លោក ណន ធី នាយកសាខា បានបង្ហាញថា CUS បានដំណើរការជិត២០ឆ្នាំហើយ ទទួលបានជោគជ័យជាច្រើន មាននិស្សិតកំពុងសិក្សា ជិត២០,០០០នាក់ និងនិស្សិតបានបញ្ចប់ការសិក្សាជាង ៣០,០០០នាក់ នៅទូទាំងប្រទេស ដែលរួមមាន២ទីតាំង នៅរាជធានីភ្នំពេញ និងខេត្តចំនួន៦ ដែលរួមមានខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត។ នោះក្នុងមហាវិទ្យាល័យ ចំនួន៥ និងជំនាញជាង៣០ជំនាញ មានដូចជា៖ គណនេយ្យ គ្រប់គ្រង ទីផ្សារ សណ្ឋាគារ និងទេសចរណ៍ ហិរញ្ញវត្ថុ និងធនាគារ គ្រប់គ្រងពាណិជ្ជកម្ម គ្រប់គ្រងអចលនវត្ថុ និងដីធ្លី វិស្វកម្មសំណង់ស៊ីវិល នីតិសាស្រ្ត វិទ្យាសាស្រ្តនយោបាយ វិទ្យាសាស្រ្តអប់រំ អក្សរសាស្រ្តខ្មែរ អក្សរសាស្រ្តអង់គ្លេស ភូមិវិទ្យា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា គណិតវិទ្យាជាដើម។
លោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង បានលើកឡើង នូវមូលដ្ឋានជ្រើសរើសជំនាញ និងការសិក្សាស្រាវជ្រាវ ដូចម្តេចដើម្បីឲ្យទទួលបានជោគជ័យ ទទួលបានការងារល្អក្រោយបញ្ចប់ការសិក្សា។ ដើម្បីសិក្សាឲ្យបានជោគជ័យនិស្សិតត្រូវខិតខំសិក្សាស្រាវជ្រាវ ចូលរួមសិក្ខាសាលាសន្និសីទ ហាត់ការបន្ថែមពីលើនេះ សូមសិក្សាបន្ថែមនូវ ជំនាញទន់ដែលគាំទ្រជំនាញដូចជា ការគ្រប់គ្រងពេលវេលា ភាសា និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា។
លោកស្រី យួយីម នារី អនុប្រធានធនាគារ ABA ផ្នែកសេវាកម្ម, លោក ស៊ិប ស៊ីសូលី ប្រធានមជ្ឈមណ្ឌលការងារប្រចាំ ខេត្តបាត់ដំបង, លោក រ៉ុម រស្មី នាយកសាខាគ្រឹះស្ថានមីក្រូហិរញវត្ថុ AMK ប្រចាំខេត្តបាត់ដំបង, លោក ប៉េង ឆៃ នាយកធនាគារប្រៃយណីយ៍កម្ពុជា, លោកស្រី សិ សុផាន់ណា នាយិកាសាលាខ្មែរអន្តរជាតិប្រ៊ិជ បានចែករំលែកនូវព័ត៌មានទូទៅលើស្ថាប័នរៀងៗខ្លួន ព្រមទាំងអះអាងដូចៗគ្នា នូវជំនាញរឹង និងទំនាញទន់ បុគ្គលិកលក្ខណសម្បត្តិដែលបុគ្គលមានដើម្បីទទួលបានការងារពីស្ថាប័នរបស់លោក។
វាគ្មិនទាំងប្រាំរូបបានសម្តែង នូវអំណរគុណដល់សាកលវិទ្យាល័យ ដែលបានផ្តល់ឱកាស ក្នុងការចូលរួមធ្វើបទបង្ហាញ និងរីករាយសហការជាបន្ត ដូចជា ផ្តល់កន្លែងធ្វើកម្មសិក្សា និងសកម្មភាពផ្សេងៗ ដើម្បីពង្រីកពង្រឹងសមត្ថភាពនិស្សិត និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីរួមគ្នាបណ្តុះបណ្តាលធនធានមនុស្ស ចូលរួមអភិវឌ្ឍប្រទេសជាតិមាតុភូមិ ជាទីស្រឡាញ់របស់យើង។
ក្នុងកិច្ចបញ្ចប់កម្មវិធី លោកបណ្ឌិត មាស បូរ៉ា ក្នុងនាមប្រធានដឹកនាំ នៃអង្គសន្និសីទ បានអះអាងជាថ្មីថា ចំណេះដឹងជាគន្លឹះនាំឲ្យជោគជ័យ ការសិក្សារៀន សូត្រត្រូវបន្តពីកម្រិតមួយ ទៅកម្រិតមួយៗ ដើម្បីបង្កើនបញ្ញា បង្កើនចំណូល និងបានបង្ហាញ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យឯកទេស នៃកម្ពុជា ដែលជាសាកលវិទ្យាល័យឈានមុខ លើការបណ្តុះបណ្តាលមួយនៅកម្ពុជា តែងតែបើកវេទិកាកៀរគរ អ្នកជំនាញផ្សេងៗ ទៅធ្វើបទបង្ហាញលើជំនាញ និងបទពិសោធន៍ ក្នុងការងាររបស់ពួកគេ ដើម្បីផ្តល់បំនិនជីវិត និងចំណេះដឹងដល់និស្សិតបន្ថែម ពីលើអ្វីដែលពួកគេបានសិក្សា៕