(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដឹកនាំដោយ លោក ម៉ុក ចន្ទ័ករុណ អភិបាលរងខណ្ឌ និងលោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ ចុះអនុវត្តច្បាប់ចរាចរផ្លូវគោក ដោយធ្វើការស្ទាក់ចាប់រថយន្តធុនធំបើកលើផ្លូវហាមឃាត់ និងបើកខុសម៉ោងដែលកំណត់ចំនួន ៩គ្រឿង។

របាយការណ៍របស់សាលាខណ្ឌដូនពេញ បានបញ្ជាក់ថា ផ្លូវហាមឃាត់រួមមាន៖ មហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និងវិថីព្រះស៊ីសុវត្ថិ។ ក្រោយឃាត់ រថយន្តធុនធំទាំង ៩គ្រឿង ត្រូវបានបញ្ជូនយកមករដ្ឋបាលខណ្ឌដូនពេញ ដើម្បីបញ្ជូនបន្ដទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះ នៅព្រឹកមិញ លោក យស យុទ្ធី អភិបាលរងខណ្ឌ និងលោក គឹម វុត្ថា បានចុះដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនដូនពេញអនុវត្តន៍រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ វិថីព្រះនរោត្ដម ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ និងទទួលបានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរថែមទៀត។

ជាលទ្ធផល ឃាត់បានរថយន្ដចំនួន ០៨ គ្រឿង ម៉ូតូចំនួន ០១ គ្រឿង បានបញ្ជូនយកមករក្សាទុក និងធ្វើការអប់រំណែនាំតាមក្រោយនៅ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ៕