(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អំពីសភាពការណ៍ថ្មីៗ ត្រួតពិនិត្យ និងពង្រឹងការងារជំនាញដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ។

ក្នុងកិច្ចប្រជុំនោះ ក៏មានការចូលរួមពី លោកស្នងការរងទទួលចុះពង្រឹងស្រុក លោកស្នងការរង ទទួលដឹកនាំគ្រប់គ្រងការងារសន្តិសុខផ្ទៃក្នុង លោកស្នងការរងផែនការងារធនធានមនុស្ស (ស្ដីទី) លោកនាយការិយាល័យផ្សព្វផ្សាយអប់រំ លោកនាយការិយាល័សន្តិសុខ អធិការ-អធិការរង នាយ-នាយរងផ្នែក នាយ-នាយរងប៉ុស្តិ៍ រហូតដល់មន្រ្តី នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃទាំងអស់។

ថ្លែងក្នុង ឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវតែបន្ដក្ដោបក្ដាប់ សភាពការណ៍ក្នុងមូលដ្ឋាន ហើយបើមានការប្រមូលផ្ដុំណាមួយពាក់ព័ន្ធចលនាខុសច្បាប់ ត្រូវចាត់ការតាមផ្លូវច្បាប់ជាធរមាន។ លោកសង្កត់ធ្ងន់ថា សមត្ថកិច្ចត្រូវតែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ស្នងការ ណែនាំដល់កងកម្លាំងនគរបាលទាំងអស់ផងដែរ ត្រូវតែយកចិត្តទុកដាក់ និងគោរពតាមអនុសាសន៍ណែនាំរបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានធ្វើការផ្សព្វផ្សាយកន្លងទៅ៕