(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ បានទទួលជួបលោក Kanji KATO អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន, លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងសហការីមួយចំនួនទៀត ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធ នឹងវិស័យកសិកម្ម និងការធ្វើពាណិជ្ជកម្ម លើផលិតផលកសិកម្ម។
លោក Kanji KATO បានជម្រាបជូនលោករដ្ឋមន្រ្តី អំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និងសហការីនៅកម្ពុជា នាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកទំហំពាណិជ្ជកម្ម លើវិស័យកសិកម្ម រវាងប្រទេសទាំងពីរ ជាពិសេសគឺផលិតកម្មសាច់គោ និងសាច់ជ្រូក។
ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណ និងវាយតម្លៃចំពោះលោករដ្ឋមន្ត្រី និងសហការី ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការអនុវត្តគម្រោងនានា ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាកសិករនៅតាមជនបទ។
ក្រោយពីដំណើរទស្សនកិច្ចនេះ លោកសង្ឃឹម និងជឿជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា លើវិស័យកសិកម្មឲ្យកាន់តែរឹងមាំល្អប្រសើរថែមទៀត ជាពិសេសការធ្វើពាណិជ្ជកម្ម ផលិតផលកសិកម្មរវាងប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន តាមរយៈគម្រោងអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យកសិកម្ម រាជរដ្ឋាភិបាលជប៉ុន បានជួយឧបត្ថម្ភ និងគាំទ្រយ៉ាងយកចិត្តទុកដាក់ ហើយទទួលបានសមិទ្ធផលយ៉ាងធំធេងគួរជាទីពេញចិត្ត។
លោកថា ជាក់ស្តែងថ្មីៗនេះ អង្គការ JICA បានជួយបង្កើតមជ្ឈមណ្ឌលពិសោធន៍សារធាតុគីមី និងវេចខ្ចប់បន្លែសុវត្ថភាព វាក់សាំងការពារជំងឺអុតក្តាម និងការងារពង្រឹកសហគមន៍កសិកម្ម ហើយជាងនេះទៅទៀតថ្មីៗនេះ ភាគីជប៉ុនបានអនុញ្ញាតឲ្យភាគីកម្ពុជា នាំចេញចេកអំបូងលឿងស្រស់ ទៅកាន់ទីផ្សារជប៉ុនផងដែរ។
ដោយឡែក ចំពោះផលិតផលស្វាយ កម្ពុជាបាននិងកំពុងខិតខំជំរុញការងារបច្ចេកទេស គុណភាព សុវត្ថិភាព និងស្តង់ដារធ្វើយ៉ាងណា ឲ្យផលិតផលស្វាយកម្ពុជា អាចនាំចេញទីកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារធំៗបី គឺចិន កូរ៉េ និងជប៉ុន នាពេលអនាគត។
លោករដ្ឋមន្រ្តី បានស្នើសុំឲ្យភាគីជប៉ុនជួយពិនិត្យពិចារណា ពន្លឿនសំណើរបស់ភាគីកម្ពុជា លើការនាំចេញផលិតផលស្វាយស្រស់ និងផ្លែឈើផ្សេងៗទៀត ទៅកាន់ទីផ្សារជប៉ុន។
លោករដ្ឋមន្ត្រី សង្ឃឹម និងជឿជាក់ថា រាជរដ្ឋាភិបាលជប៉ុន តាមរយៈអនុរដ្ឋមន្ត្រី និងឯកអគ្គរាជទូតថ្មី នឹងបន្តជួយគាំទ្រ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្ម ឲ្យមានការរីកចម្រើនបន្ថែមទៀត នាពេលអនាគត និងជាពិសេសជំរុញការនាំចេញ កសិផលកសិកម្មកម្ពុជា ឲ្យកាន់តែច្រើនឡើងថែមទៀត។
ជាការឆ្លើយតប លោក Kanji KATO បានជម្រាបជូនថា ករណីផលិតផលស្វាយ ភាគីជប៉ុន បានកំពុងធ្វើការពិនិត្យពិចារណា ហើយនឹងធ្វើការឆ្លើយតប មកភាគីកម្ពុជាវិញនៅចុងឆ្នាំនេះ ដោយឡែកផលិតផលផ្លែឈើ ផ្សេងៗទៀត ភាគីជប៉ុននឹងធ្វើការពិនិត្យពិចារណា តាមសំណើសុំរបស់ភាគីកម្ពុជា៕