(ភ្នំពេញ)៖ គណៈកម្មការចម្រុះ នៃរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ បានសម្រេចចុះវាស់វែងចាក់ដីឈូសឆាយ ដើម្បីស្ថាបនាបើកផ្លូវសាធារណៈទាំងអស់ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ និងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦។
ការចុះវាស់វែងចាក់ដីឈូសឆាយ ដើម្បីស្ថាបនាបើកផ្លូវសាធារណៈទាំងអស់ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ របស់គណៈកម្មការចម្រុះ នៃរដ្ឋបាលខណ្ឌនេះ គេសង្កេតឃើញថា មានប្រជាពលរដ្ឋពាក់ព័ន្ធក្បាលដី ចំនួន៧គ្រួសារ បានសម្ដែងការត្រេកអរណាស់ ដោយមិនជំទាស់នោះទេ ប៉ុន្តែពួកគាត់ទទូចស្នើសុំ អាជ្ញាធរពាក់ព័ន្ធ ពិសេសរដ្ឋបាលរាជធានីភ្នំពេញ មេត្តាជួយជំរុញពន្លឿនការដោះស្រាយបញ្ហាបែងចែកដីឡូត៌ សមស្របណាមួយឲ្យបានឆាប់ៗជាមុនសិន ដែលបច្ចុប្បន្នកំពុងតែប្តឹងផ្តល់គ្នានៅតុលាការនៅឡើយ ហើយត្រូវបានចៅក្រម កោះហៅជាលើកទី២ នៅថ្ងៃទី១៨ ខែតុលាខាងមុខនេះ ដើម្បីបញ្ចប់ទំនាស់ដ៏រ៉ាំរ៉ៃរយៈពេលជាង២០ឆ្នាំមកហើយ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ។
ពួកគាត់អះអាងថា ទំនាស់បែងចែកដីឡូត៌ ក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវនេះ អូសបន្លាយរយៈពេលជាង២០ឆ្នាំមកហើយ ពោលតាំងពីឆ្នាំ១៩៩២មកម្លេះ មុនពេលគណៈកម្មាការដោះស្រាយទំនាស់ដីធ្លី ប្រគល់ឲ្យពួកគាត់ដែលមានឯកសារកាន់កាប់ខ្លះ១ឡូតិ៍, ៣ឡូតិ៍, ៤ឡូតិ៍ជាដើម តែពួកគាត់មិនយល់ព្រម ព្រោះខ្លះមានដីដល់ទៅជាង១ហិតតា បែរជាទទួលបានតែ៤ឡូតិ៍ ទំហំ២០ម៉ែត្រគុណ ៣០ម៉ែត្រប៉ុណ្ណោះ។
សូមជម្រាបថា លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ បានជម្រាបជូនដំណឹងដល់សាធារណៈជនទាំងអស់ ពិសេសម្ចាស់ក្បាលដីដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ មេត្តាជ្រាបថា ក្រោយទទួលបានការដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ តាមស្មារតីអង្គប្រជុំនាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌឫស្សីកែវ បានរៀបចំផែនការចុះវាស់វែង បើកផ្លូវសាធារណៈទាំងអស់ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ និងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦។
ក្នុងសេចក្ដីជូនដំណឹងរបស់លោក ជា ពិសី បញ្ជាក់ថា ចំពោះមុខរដ្ឋបាលខណ្ឌបានចុះវាស់វែង បោះគោលកំណាត់មានផ្លូវលេខ១៧២១ កំណាត់ផ្លូវលេខ១៧២៣ រួចរាល់ និងកំពុងចាក់ដីឈូសឆាយបើកផ្លូវលេខ១៨០២។ លើសពីនេះ រដ្ឋបាលខណ្ឌនឹងបន្តចុះវាស់វែង បោះគោល និងឈូសឆាយបើកផ្លូវលេខ១៨០៤បន្ត នៅថ្ងៃទី០៧ ខែតុលា។
រដ្ឋបាលខណ្ឌ សូមឲ្យប្រជាពលរដ្ឋដែលមានក្បាលដីពាក់ព័ន្ធ មេត្តាចូលរួមសហការជាមួយក្រុមការងារ ក្នុងការបើកផ្លូវសាធារណៈនេះ ឲ្យទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដោយឡែកចំពោះរូបវន្តបុគ្គលណា ដែលកំពុងកាន់កាប់ដីផ្លូវសាធារណៈរបស់រដ្ឋទាំងបំពានច្បាប់ សូមប្រគល់ដីផ្លូវនោះជូនរដ្ឋវិញដោយការស្ម័គ្រចិត្ត និងប្រកបដោយការទទួលខុសត្រូវតាមផ្លូវច្បាប់៕