(ភ្នំពេញ)៖ លោក Yannick MILEV ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ បានផ្តាំផ្ញើដល់ប្អូនៗ ក្មួយៗសិស្សនុសិស្សឲ្យប្រឹងប្រែង យកចិត្តទុកដាក់សិក្សារៀនសូត្រ ដើម្បីចាប់បាននូវអាជីពការងារ ដ៏ល្អប្រសើរមួយនាពេលអនាគត។
ការផ្ដាំផ្ញើបែបនេះ របស់លោក Yannick MILEV បានធ្វើឡើងក្នុងឱកាសដែល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក ប្រារព្ធពិធីប្រគល់អាហារូបករណ៍ និងសម្ភារសិក្សា ជូនបុត្រធីតាដៃគូ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ នៅការិយាល័យកណ្តាលរបស់ចម្រើន ដែលមានអាសយដ្ឋានអាគារ ៤២៥ ផ្លូវ២៧១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩។
ក្នុងពិធីនោះ មានវត្តមាន ប្រជាពលរដ្ឋជាដៃគូ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន អញ្ជើញមកពីសាខាចំនួនបួនគឺ សាខាប្រតិបត្តិការ, សាខាច្រាំងចំរះ, សាខាជ្រោយចង្វា និងសាខាកណ្តាល ដែលជាអាណាព្យាបាល សិស្សានុសិស្ស ដែលត្រូវទទួលអាហារូបករណ៍ និងប្អូនៗសិស្សានុសិស្សជាច្រើនរូប ព្រមទាំងគណៈគ្រប់គ្រង បុគ្គលិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ផងដែរ។
ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន បានបញ្ជាក់ថា កម្មវិធីនេះ ត្រូវបានបង្កើតឡើង ដោយគំនិតផ្ដួចផ្ដើម របស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ របស់ចម្រើន ដើម្បីបែងចែក ផលចំណេញ ដែលទទួលបានពីសកម្មភាពប្រតិបត្តិការ របស់ខ្លួន ចូលរួមក្នុងសកម្មភាពសង្គម និងត្រឡប់ទៅជួយដល់បុត្រធីតាដៃគូរបស់ចម្រើនវិញ តាមរយៈការផ្តល់ជាអាហារូបករណ៍ និងសម្ភារសិក្សា។
លោក Yannick MILEV បានបន្ថែមថា នេះគឺជាលើកទី៦ ហើយដែលចម្រើន បានប្រារព្ធពិធីប្រគល់អាហារូបករណ៍នេះ គិតចាប់ពីឆ្នាំ២០១៣មក ដែលកន្លងទៅចម្រើន បានធ្វើការផ្តល់អាហារូបករណ៍ ទៅដល់សិស្សសរុប ចំនួន៦២៤នាក់ ដោយឡែកសម្រាប់ឆ្នាំសិក្សា២០១៩-២០២០នេះ មានសិស្សចំនួន៧០នាក់ ទទួលបានអាហារូបករណ៍នេះ មកពីគ្រប់សាខាតាមបណ្តាខេត្តរាជធានី ចំនួន១៦។
គួររំលឹកថា ចម្រើន ជាគ្រឹះស្ថានបានចាប់ផ្តើមប្រតិបត្តិការ តាំងតែពីដើមឆ្នាំ២០០៦ មកហើយមានទស្សនវិស័យចង់ក្លាយខ្លួន ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ ខាងផ្នែកការងារសង្គម នៅក្នុងប្រទេសកម្ពុជា ហើយកន្លងមកគ្រឹះស្ថាននេះ បានធ្វើកិច្ចការទាំងនោះជាបន្តបន្ទាប់ និងបានទទួលវិញ្ញាបនបត្រ ទទួលស្គាល់ស្នាដៃទាំងនោះជាលក្ខណៈអន្តជាតិជាច្រើនផងដែរ។
បច្ចុប្បន្ននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន មានបុគ្គលិកសរុប ចំនួន២២៨នាក់ និងសាខាចំនួន២១ ដែលប្រតិបត្តិការក្នុងបណ្តាខេត្តរាជធានីចំនួន១៦។ ចំពោះដៃគូ បាននិងកំពុងទទួលឥណទាន មានសរុបប្រមាណ ៣ម៉ឺននាក់ ភាគច្រើនជាស្រ្តី ជាមួយនឹងផលបត្រឥណទានសរុប ជាង១៨លានដុល្លារអាមេរិក។ ក្រៅពីការផ្តល់ឥណទាន ចម្រើន បានផ្តោតសំខាន់ ទៅលើការផ្តល់សេវាសេដ្ឋកិច្ចសង្គម មួយចំនួនផ្សេងទៀតផងដែរ៕