(ភ្នំពេញ)៖ របាយការណ៍ផ្លូវការដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីក្រសួងទេសចរណ៍នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា នៅរយៈពេល៨ខែដើមឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាទាំងមូលទទួលបានភ្ញៀវទេសចរមកកម្សាន្តចំនួន ៤,៣៦០,៣៩៧នាក់ កើនឡើង១០.៤ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨។
ក្រសួងទេសចរណ៍បានឲ្យដឹងថា រយៈពេល៨ខែកន្លងមកនេះ ភ្ញៀវទេសចរចូលតាមផ្លូវអាកាសមានចំនួន ៣,១០៤,៤៨៩នាក់ ស្មើនឹង៧១.២% នៃចំនួនភ្ញៀវសរុប ដែលមានកើន១៦.៦% ក្នុងនោះចូលតាមអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញចំនួន ១,៤២៧,៤៨៧នាក់ កើន១៤.៧%, តាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប ១,១៨៨,២៥៤នាក់ ថយចុះ៩.១% និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ចំនួន៤៨៨,៧៤៨នាក់ កើនឡើង៣៤៣.៥%។
ដោយឡែក ភ្ញៀវទេសចរដែលចូលមកតាមផ្លូវគោកមានចំនួន១,១៦០,៧៤៦នាក់ ស្មើនឹង២៦.៦% នៃចំនួនសរុប ថយចុះ២.៩% និងភ្ញៀវទេសចរចូលតាមផ្លូវទឹកមានចំនួន៩៥,១៦២នាក់ ស្មើនឹង២.២% នៃចំនួនសរុប កើនឡើង២.៩%។
ជាមួយគ្នានេះបើក្រឡេកទៅមើល ចំនួនភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុង ដែលទៅទស្សនាតំបន់អាទិភាព នៅរយៈ៨ខែដើមឆ្នាំនេះដូចជា៖
* តំបន់ភ្នំពេញ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ២,៨០៨,៥៦១នាក់ ស្មើនឹង៥៣.៨% នៃចំនួនភ្ញៀវសរុប កើនឡើង២៧.៤%។
* សៀមរាបអង្គរ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១,៥៥១,៨៣៦នាក់ ស្មើនឹង២៩.២% នៃចំនួនភ្ញៀវសរុប ថយចុះ១១.១%។
* តំបន់ឆ្នេរសមុទ្រ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៨០៤,៥៣៧នាក់ ស្មើនឹង១៥.២% កើនឡើង៣៦.៥%។
* តំបន់អេកូទេសចរណ៍ភូមិភាគឥសាន្ត ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥៦,៧២៣នាក់ ស្មើនឹង១.១% កើនឡើង៩.១%។
* តំបន់ប្រាសាទព្រះវិហារ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន៣៦,៩៥៧នាក់ ថយចុះ៣.៣%។
ក្រសួងទេសចរណ៍បានឲ្យដឹងទៀតថា នៅ៨ខែដើមឆ្នាំនេះ មានទេសចរកម្ពុជា ចេញទៅក្រៅប្រទេសចំនួន ១,៣៤៧,០៦០នាក់ កើនឡើង៤.៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦លាននាក់៕