(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ទូទាំងប្រទេស ៤៤៣នាក់ នៅវិមានសន្តិភាព ដែលមានការចូលរួមពីអាណាព្យាបាលសិស្ស និងលោកគ្រូតំណាងសាលារបស់សិស្សឆ្នើមទាំងនោះផងដែរ។
ក្នុងឱកាសជំនួបសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានប្រគល់កាក់ពីរ, ប្រាក់ស្លឹងមួយ, សៀវភៅមួយប្រអប់ មានច្បាប់ក្រុមង៉ុយនិងអ៊ូចុង, ថវិកាពីរលានរៀល iPad មួយគ្រឿង, ជូនសិស្សនិទ្ទេស A ទាំង៤៤៣នាក់។ នាយក នាយិកា១៨៨នាក់ ទទួលបាន កាក់មាសពីរ, ប្រាក់ស្លឹង, សៀវភៅក្រុមង៉ុយ និងអ៊ូចុង, ព្រមទាំងថវិកាមួយចំនួន។ អំណោយនេះគឺជាការឧបត្ថម្ភរបស់ក្រុមហ៊ុន ជីបម៉ុង ដែលតែងបានឧបត្ថម្ភរៀងរាល់ឆ្នាំ ជូនដល់សិស្សនិទ្ទេស A។
លើសពីនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមានការបន្ធូរបន្ថយការប្រលងដើម្បីឱ្យសិស្សជាប់ច្រើននោះទេ គុណភាពនៃការប្រលង នៅតែរឹតបន្តឹងដដែល។ ប៉ុន្តែការធ្វើកំណែទម្រង់លើការប្រលង បានជំរុញឱ្យសិស្សប្រឹងរៀនតាំងពីថ្នាក់ក្រោមទៅ។
សម្តេចតេជោ បានចូលរួមអបអរសាទរដល់សិស្សប្រលងជាប់ទាំងអស់ ហើយក៏បានចូលរួមសោកស្តាយចំពោះសិស្សប្រលងធ្លាក់។ ទោះជាយ៉ាងនេះក្តី សម្តេចបានជំរុញឱ្យសិស្សប្រលងធ្លាក់ កុំបោះបង់ការសិក្សា អាចសិក្សាថ្នាក់ទី១២បន្ត សិក្សាបរិញ្ញាបត្ររង ឬសិក្សាថ្នាក់បច្ចេកទេស។
នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា៖ «សុំយកឱកាសនេះអបអរសាទរសិស្សប្រឡងជាប់គ្រប់កម្រិតទាំងអស់ទូទាំងប្រទេស ទាំងជាង៧ម៉ឺននាក់។ ទន្ទឹមនឹងនេះ ក៏សូមចូលរួមការសោកស្តាយចំពោះសិស្សដែលប្រឡងមិនជាប់ ហើយក៏សូមលើកទឹកចិត្តឱ្យចៅៗ ខិតខំរៀនសូត្របន្ត ដើម្បីប្រឡងនៅឆ្នាំក្រោយទៀត ឬចូលរៀនយកបរិញ្ញាបត្ររង ឬបច្ចេកទេស។ ក្រសួងអប់រំបានបើកឱកាស ឱ្យសិស្សដែលប្រឡងមិនជាប់ អាចមានឱកាសចូលរៀនយកបរិញ្ញាបត្ររង ហើយសាលាបណ្តុះបណ្តាលបច្ចេកទេស ដែលគ្រប់គ្រងដោយក្រសួងការងារ ក៏ទទួលយកនូវសិស្សនោះ ហើយចូលទៅរៀនយកបច្ចេកទេស»។
ស្របពេលជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរលោកគ្រូ អ្នកគ្រូ អាជ្ញាធរ កងកម្លាំងប្រដាប់ ក្រុមការងារថ្នាក់ជាតិ សហភាពសហព័ន្ធ និងអង្គការសង្គមស៉ីវិល ដែលបានចូលរួមដោះស្រាយលើបញ្ហានានាជុំវិញការប្រលង។ សម្តេចបានសម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពលើវិស័យអប់រំនៅកម្ពុជា ប៉ុន្តែនៅតែសោកស្តាយបើគ្មានការធ្វើរដ្ឋប្រហារ ១៨ មីនា ឆ្នាំ១៩៧០ ស្ថានភាពកម្ពុជានឹងប្រសើរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ប្រសិនបើកម្ពុជាមិនមានសង្គ្រាមវិនាសសកម្ម និងរបបប្រល័យពូជសាសន៍នោះស្ថានភាពប្រទេសជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋ មានភាពល្អប្រសើរជាងនេះ។ សន្ទស្សន៍នៃការអប់រំនៅទាប តែបើធៀបជាមួយការចាប់ផ្តើមរបស់កម្ពុជា ក្រោយរបបប្រល័យពូជសាសន៍ ជារឿងមួយប្រសើរសម្រាប់កម្ពុជា។
ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា រំពឹងថាទៅថ្ងៃខាងមុខថា នឹងមានអ្នកចប់កម្រិតឧត្តមសិក្សាទៅធ្វើមេឃុំ ចៅសង្កាត់ ឬសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។ សម្តេចមានប្រសាសន៍បញ្ជាក់ថា៖ «បន្តិចទៀតមានសុទ្ធតែអ្នកឧត្តមសិក្សា ហើយបន្តិចទៀតខ្ញុំជឿថា ថ្នាក់ឧត្តមសិក្សាទៅឈរឈ្មោះធ្វើមេឃុំ ធ្វើប្រឹក្សាឃុំ សង្កាត់ ហើយពេលនោះមេឃុំ ចៅសង្កាត់របស់យើង មានកម្រិតថ្នាក់ឧត្តមសិក្សា»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមួយឆ្នាំសម្តេចផ្តល់អាហារូបករណ៍ ៣៧០០កន្លែងក្នុងមួយឆ្នាំ។ បើតាមប្រសាសន៍សម្តេច អាហារូបករណ៍នេះជួយឱ្យសិស្សសម្រេចគោលដៅ។
ជាថ្មីម្តងទៀត សម្តេចតេជោ ក៏បានបន្តអំពាវនាវដល់អ្នកជាប់និងធ្លាក់ ត្រូវបន្តប្រឹងប្រែងសិក្សារៀនសូត្របន្ត។ ទីផ្សារសេរីគ្មានមនោសញ្ចេតនានោះឡើយ ចំណេះមិនដល់គេមិនយកធ្វើការនោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា៖ «សម័យឥឡូវ បើមិនចេះអក្សរ មិនចេះគ្រប់គ្រាន់ គឺគេមិនយកធ្វើការទេ សេដ្ឋកិច្ចទីផ្សារគ្មានមនោសញ្ចេតនាទេ តាសូមជម្រាបចៅៗ។ មិនមែនយកចៅៗ ទៅកំដរទីកន្លែងធ្វើការទេ គុណភាពមិនដល់គេមិនទទួលទេ ដូច្នេះប្រឹងប្រែងទាំងអស់គ្នា»៕