(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ បានសម្រេចធ្វើការចោទប្រកាន់បុគ្គល ៥រូប និងបក្ខពួក ពីបទ «រួមគំនិតក្បត់» តាមផែនការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល របស់ទណ្ឌិត សម រង្ស៉ី ដែលជាមេក្រុមឧទ្ទាមក្រៅច្បាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។

តាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ គ្រយ សុខេមរិទ្ធ, ឈ្មោះ សេង ខន, ឈ្មោះ ទិត្យ សុជាតិ, ឈ្មោះ រឿង សំណាង, ឈ្មោះ យិន សុខហៀង ព្រមទាំងគូកន ពីបទ រួមគំនិតក្បត់ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងសកម្មភាពរបស់បុគ្គលទាំងនេះ ព្រមទាំងគូកន ដែលបានកៀងគរ និងបំផុសឲ្យមហាជនចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល
នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី» ដោយអនុវត្តតាមការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៊ី និងគូកន។ បុគ្គលទាំងនេះ ព្រមទាំងគូកន បានកៀងគរបំផុសប្រជាពលរដ្ឋ និងមានផែនការដឹកនាំក្រមរបស់ខ្លួនធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីចូលរួមសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខ។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល និងត្រូវប្រឈមនឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទ «រួមគំនិតក្បត់» ដែលអាចមានទោសពី ០៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឲ្យរួចពីទោសតាមប្បញ្ញត្តិពិសេស នៃមាត្រា ៤៥៤ នៃក្រម
ព្រហ្មទណ្ឌ៕