(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភធំសម្រាប់ការប្រគំតន្ត្រីសប្បុរសធម៌ ក្នុងខេត្តសៀមរាបកាលពីខែកញ្ញា ឆ្នាំ២០១៩ ក្នុងគោលបំណងចូលរួមចំណែកក្នុងមូលនិធិឧបត្ថម្ភដល់មន្ទីរពេទ្យ គន្ធបុប្ជា និងមន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប។
មូលនិធិសប្បុរសធម៌ មានទឹកប្រាក់សរុប៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលបានមកពីការប្រគំតន្ត្រី និងសកម្មភាពសប្បុរសធម៌នានា ត្រូវបានយកទៅប្រគល់ជូនមន្ទីរពេទ្យ គន្ធបុប្ជា និងមន្ទីរពេទ្យ កុមារអង្គរ កាលពីថ្ងៃទី៥ ខែតុលា នេះ។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែគាំទ្រសកម្មភាពសប្បុរសធម៌គ្រប់រូបភាព ដើម្បីធានាដល់និរន្តរភាពនៃប្រតិបត្តិការរបស់មន្ទីរពេទ្យទាំងនេះ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង ដែលជាស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបរិច្ចាគថវិកា៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកជូនមូលនិធិគន្ធបុប្ជាកម្ពុជា។
ក្រៅពីការបរិច្ចាគជាថវិកា កន្លងមកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានរៀបចំយុទ្ធនាការចែកទឹកបរិសុទ្ធកម្ពុជា នៅមន្ទីរពេទ្យគន្ធបុប្ជា និងមន្ទីរពេទ្យកុមារជាតិ ក្នុងរាជធានីភ្នំពេញ និងមន្ទីរពេទ្យគន្ធបុប្ជា ខេត្តសៀមរាប សម្រាប់អ្នកជំងឺទុកពិសាអំឡុងពេលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យផងដែរ៕