(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធី បិទវគ្គបំប៉នបើកបររថពាសដែក ប្រើប្រាស់គ្រឿងបំពាក់សព្វាវុធ និងបាញ់គ្រាប់ពិតរថពាសដែកជំនាន់ទី២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយនៅថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០១៩។
នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា «ថ្ងៃនេះ ខ្ញុំមានមោទនភាព និងមានក្តីសោមនស្សរីករាយក្រៃលែង បន្ថែមពីស្នាដៃ សមិទ្ធផល ដែលកងរាជអាវុធហត្ថសម្រេចបាន ២៦ឆ្នាំកន្លងមក ដែលទើបនឹងធ្វើពិធីប្រារព្ធខួបនៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៤ កក្កដា ដោយទទួលបានការអញ្ជើញផ្តល់កិត្តិយសជាអធិបតីរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានការផ្តល់កិត្តិយសពីនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ មេបញ្ជាការប្រភេទ ទ័ព ទ័ពជំនាញ បណ្តាស្ថាប័នចំណុះក្រសួង និងបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ព្រម ទាំងអាជ្ញាធរដែនដី ក្មួយៗនិស្សិត យុវជន ថែមទៀតផង»។
នាយឧត្តមសេនីយ៍ បានបន្តទៀតថា ហើយកាលពីថ្ងៃទី១ ខែតុលា នេះដែរ វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ទើបបាន ធ្វើការបើកវគ្គបណ្តុះបណ្តាលបញ្ជាការសេនាធិការ ដែលមានរយៈពេល ១២ខែ ជាលើកដំបូង នៃការធ្វើកំណែទម្រង់ ពីសាលាកងរាជអាវុធហត្ថកំបូល ដំឡើងកម្រិតទៅជាវិទ្យាស្ថាន។ ថ្ងៃនេះយើងបានប្រារព្ធពិធីបិទវគ្គបំប៉នជំនាញរថពាសដែក ឆ្នាំ២០១៩ ដែលជាជំនាញមួយ ក្នុងរចនាសម្ពន្ធកងរាជអាវុធហត្ថ ។
នាយឧត្តមសេនីយ៍ មេបញ្ជាការបានបញ្ជាក់ថា «បើតាមទស្សនៈរបស់ខ្ញុំផ្ទាល់ ក៏ដូចជា ការពិសោធន៍ ដើម្បីធ្វើឱ្យកងទ័ពមួយមានសមត្ថភាព ធានារ៉ាប់រងដោយជោគជ័យ តួនាទី ភារកិច្ច ចាំបាច់ណាស់នូវលក្ខខណ្ឌមួយចំនួនមានដូចជា៖
*ទី១៖ ត្រូវមានរចនាសម្ព័ន្ធចាត់តាំងច្បាស់លាស់ សមស្រប និងស្ថានភាពសង្គម សេដ្ឋកិច្ច ភូមិសាស្ត្រ និងសំណូមពរភារកិច្ច
*ទី២៖ មានធនធានមនុស្ស ប្រកបដោយគុណភាពគឺៈ ស្មោះត្រង់ ប្រជាជនស្រឡាញ់ គាំទ្រ ផ្ទៃក្នុងមានធ្លុងសាមគ្គីឯកភាព និងមានវិន័យថ្លៃថ្នូរ
*ទី៣៖ មានមធ្យោបាយ ឧបករណ៍ សម្ភារៈបរិក្ខារបំពាក់សមស្រប
*ទី៤៖ មានការអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន
*ទី៥៖ មានរបៀបរបបធ្វើការម៉ឺងម៉ាត់ច្បាស់លាស់។
យោងលើទស្សនៈនេះហើយ កងរាជអាវុធហត្ថ បានយកចិត្តទុកដាក់ធ្វើកំណែទម្រង់ ហើយក្នុងការធ្វើកំណែទម្រង់ បានយកការងារអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន ធ្វើជាមូលដ្ឋានក្នុងការកសាងកងរាជអាវុធហត្ថ ដើម្បីធានារ៉ាប់រងដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ ការអនុវត្តនូវតួនាទី ភារកិច្ចស្នូលរបស់ខ្លួន។
សម្រាប់វគ្គបំប៉នជំនាញរថពាសដែក ដែលធ្វើពិធីបិទវគ្គថ្ងៃនេះ តាមរយៈរបាយការណ៍លោកនាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ និងការទស្សនាដោយផ្ទាល់នូវការបង្ហាញក្នុងនាម កងរាជអាវុធហត្ថ ខ្ញុំសូមធ្វើការកោតសរសើរ ការប្រឹងប្រែង សិក្សារៀនសូត្ររបស់សិក្ខាកាម ការបង្ហាត់បង្រៀនរបស់យោធាចារ្យ ការងារគ្រប់គ្រងចាត់ចែងរបស់មជ្ឈមណ្ឌល និងគ្រប់ផ្នែកពាក់ព័ន្ធ ជាមួយនិងការវាយតម្លៃខ្ពស់នូវលទ្ធផលរួមដែលវគ្គបំប៉នទាំងមូលសម្រេចបាន។
ជាមួយនិងសមិទ្ធផលស្នាដៃធំធេង យើងក៏នៅជួបបញ្ហាប្រឈមជាច្រើនផងដែរ។ ដូចយើងទាំងអស់គ្នាជ្រាបស្រាប់ហើយ បើប្រៀបធៀបនិងលក្ខខណ្ឌកសាងអង្គភាពមួយខ្លាំងនាពេលនេះ កងរាជអាវុធហត្ថយើងនៅខ្វះចន្លោះ ក៏មិនតិចដែរ ទាំងធនធានមនុស្ស មធ្យោបាយ បំពាក់ និងវិធីសាស្ត្រធ្វើការងារ ទាមទារយើងទាំងអស់គ្នា បន្តប្រឹងប្រែងថែមទៀត។
ម្យ៉ាងវិញទៀត សភាពការណ៍វិវត្តន៍ប្រែប្រួល ស្មុគស្មាញឆាប់រហ័ស ពិបាកនិងសន្និដ្ឋាន ជម្រើសមានតែម្យ៉ាងគឺ លើកកម្ពស់ស្មារតី ធ្វើម្ចាស់ប្រុងប្រយ័ត្ន និងត្រៀមបម្រុងជានិច្ច ទោះហេតុការអ្វីមួយកើតឡើង ក្នុងទំហំទ្រង់ទ្រាយកម្រិតណាក៏ដោយត្រូវការចំណាយរហូតដល់អាយុជីវិត ក៏យោធិននៃកងរាជអាវុធហត្ថគ្រប់រូប ត្រៀមសម្រេចនូវតួនាទី ភារកិច្ច ប្រកបដោយភាពលះបង់ អំណត់ ព្យាយាម ដើម្បីសេចក្តីថ្លៃថ្នូរ កេរ្តិ៍ឈ្មោះ កិត្តិយសកងរាជអាវុធហត្ថ និងប្រទេសជាតិ។
ប្តូរផ្តាច់ការពារច្បាប់រដ្ឋធម្មនុញ្ញ ការពារសន្តិភាព ឯករាជ្យ បូរណភាព អធិបតេយ្យភាព ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម បង្ក្រាបរាល់បទល្មើស ពង្រឹងការអនុវត្តច្បាប់ ដើម្បីកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ ការពារសិទ្ធិសេរីភាព និងរបបប្រជាធិបតេយ្យសេរីពហុបក្ស។ ដោយអនុវត្តទិសស្លោក (ចំពោះប្រទេសជាតិ ត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប) ខ្ញុំសូមអំពាវនាវ យើងជានាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងមូល (ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ)៕