(ត្បូងឃ្មុំ )៖ លោកបណ្ឌិត ប៉ា ម៉េងហុក ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានក្រុម ការងារចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងសហការី ព្រឹកថ្ងៃទី៦ តុលា ឆ្នាំ២០១៩ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងបានផ្តល់សម្ភារៈសិក្សាដល់សិស្សានុសិស្សជាង ១៥០០នាក់ ដែលពួកគេកំពុងត្រៀមខ្លួនក្នុងការចូលរៀនក្នុងឆ្នាំសិក្សាថ្មី នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។
ក្នុងពិធីនេះ លោកបណ្ឌិត ប៉ា ម៉េងហុក មានប្រសាសន៍ថា ការសិក្សាគឺមានតម្លៃយ៉ាងធំធេងណាស់ ហើយថា ចំពោះអ្នកដែលមានចំណេះដឹង ដែលជាលទ្ធផលកើតចេញពីការសិក្សា គឺវាមានតម្លៃស្មើនឹងគ្រាប់ពេជ្រ។ ដូច្នេះសូមក្មួយៗសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រឱ្យបានសកម្មបំផុត ដោយមិនត្រូវយកពេលវេលាដ៏ល្អនេះ ទៅប្រព្រឹត្តនូវអំពើអ្វីដែលជាការឥតប្រយោជន៍នោះឡើយ។
លោកបានបន្តថា រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺបានទុកវិស័យអប់រំ ជាវិស័យអាទិ៍ភាពខ្ពស់បំផុត។ ជាមួយគ្នានេះ លោកបណ្ឌិតបានសំណូមពរដល់មាតា បិតា អាណាព្យាបាល សូមនាំកូនចៅដែលគ្រប់អាយុចូលរៀនទៅចុះ ឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នាសម្រាប់ឆ្នាំសិក្សាថ្មី ដែលនឹងបើកបវេសនកាលនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាង មុខនេះ។
ចំពោះសម្ភារៈសិក្សាដែលត្រូវចែកជូនដល់សិស្សានុសិស្សពីចំណាត់ថ្នាក់លេខ១ ដល់លេខ៣ និងសិស្ស ដែលមិនជាប់ចំណាត់ថា្នក់នៅពេលនេះសរុបចំនួន ១៥២៥នាក់ ក្នុងនោះសិស្សជាប់ចំណាត់ថ្នាក់លេខ១ ចំនួន៥០ នាក់ ម្នាក់ៗទទួលបាន សំពៀត១ សៀវភៅ១២ក្បាល ប៊ិច១២ដើម បន្ទាត់១២ និងថ្នាំដុសធ្មេញ២ប្រអប់។ សិស្ស ជាប់ចំណាត់ថ្នាក់លេខ២ ចំនួន៥០នាក់ ម្នាក់ៗទទួលបានសំពៀត១ សៀវភៅ៨ក្បាល ប៊ិច៨ដើម បន្ទាត់៨ និងថ្នាំ ដុសធ្មេញ២ប្រអប់។ សិស្សជាប់ចំណាត់ថ្នាក់លេខ៣ ចំនួន៥០នាក់ ម្នាក់ៗទទួលបានសំពៀត១ សៀវភៅ៥ក្បាល ប៊ិច៥ដើម បន្ទាត់៥ និងថ្នាំដុសធ្មេញ២ប្រអប់។
ដោយឡែកសិស្សដែលមិនបានជាប់ចំណាត់ថ្នាក់ចំនួន ១៣៧៥ នាក់ ម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច២ដើម និងបន្ទាត់២។ ក្រៅពីនេះលោក បណ្ឌិត ប៉ា ម៉េងហុក និង ក្រុមការងារចុះជួយឃុំវាលម្លូរក៏បានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ សាលាស្រុក សាលាឃុំ និងប្រជាការពារភូមិនូវ ថវិកាសរុបចំនួន២០លានរៀល ៕