(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ បានចេញមកប្រកាសបដិសេធ និងថ្កោលទោសចំពោះជនខិលខូចដែល ប្រើប្រាស់ ឈ្មោះលោក ទៅកាងល្បែងភ្នាល់ល្មើសច្បាប់តាមអនឡាញ។
បញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី០៧ ខែតុលានេះ លោក ស សុខា បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបល្បែងភ្នាល់ តាមអនឡាញខុសច្បាប់ ប្រកបដោយប្រសិទ្ធភាព ថ្មីៗនេះ មានលេចឮជនខិលខូចមួយចំនួន បានយកឈ្មោះបុគ្គលនេះបុគ្គលនោះជាខ្នងបង្អែក។ ក្នុងនោះក៏មានជនឆ្លៀតឱកាសមួយក្ដាប់តូច បង្កើតពាក្យចចាមអារ៉ាម លាបពណ៌មកលើរូបលោក ថានៅពីក្រោយ និងបានជួយសម្រួលដល់អាជីវកម្មខុសច្បាប់។
លោក ស សុខា បានចាត់ទុកការចោទប្រកាន់ និងពាក្យចចាមអារ៉ាម ដែលប្រើប្រាស់ឈ្មោះរបស់លោក គឺជាល្បិចកាងអាជីវកម្មខុសច្បាប់របស់ជនខិលខូច បង្អាក់បន្ទុចការអនុវត្តច្បាប់របស់អាជ្ញាធរ មានសមត្ថកិច្ចតែប៉ុណ្ណោះ ដែលអំពើនេះ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្ដន្ទាទោស។
លោកថា ការបង្កើតពាក្យចចាមអារ៉ាមពីជនអគតិមួយចំនួននោះ គឺជាការលាបពណ៌ក្នុងចរិតព័ត៌មានក្លែងក្លាយ (fake news) បង្ខូចកេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូររបស់លោក ក្នុងបំណងយកចំណេញរឿងអ្វីមួយ និងបំពុលសង្គមតែប៉ុណ្ណោះ ដែលមិនមែនជាសេរីភាពបញ្ចេញមតិតាមច្បាប់ទេ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្ដន្ទាទោស។
លោក ស សុខា បានបញ្ជាក់ដូច្នេះថា «ខ្ញុំ (ស សុខា) សូមបដិសេធទាំងស្រុង និងសូមថ្កោលទោសជនទាំងនោះយ៉ាងដាច់អហង្ការ ព្រមទាំងស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការផ្លូវច្បាប់ ឲ្យបានធ្ងន់ធ្ងរជាទីបំផុត»។
ជាមួយគ្នានេះ លោកក៏សូមលើកទឹកចិត្ត គាំទ្រ និងស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បង្កើនការទប់ស្កាត់ និងអនុវត្តច្បាប់តាមសារាចរណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដោយកុំខ្វល់ថា ជានរណា ឬកូននរណា ចំពោះជនទាំងឡាយណាដែលយកឈ្មោះថ្នាក់ដឹកនាំ ឬកូនថ្នាក់ដឹកនាំណាមួយទៅប្រើ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ៕