(សៀមរាប)៖ កម្ពុជាបាន និងកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០១៩ នៅលើទឹកដីនៃខេត្តសៀមរាបអង្គរ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩។
ដំណើរការកិច្ចប្រជុំរបស់ឧត្តមមន្ត្រីអាស៊ាន ដើម្បីត្រៀម និងពិនិត្យលើឯកសារសំខាន់ៗ ដើម្បីដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានពិនិត្យ និងអនុម័តក្នុងកិច្ចប្រជុំលើកទី១៥ ដែលនឹងប្រារព្ធបើកជាផ្លូវការ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៩ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថានៅថ្ងៃទី១ នៅក្នុងក្របខណ្ឌកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ឧត្តមមន្ត្រីអាស៊ាននឹងធ្វើការពិនិត្យលើ ទី១៖ ឯកសារសំខាន់ចំនួន៣ នឹងត្រូវយកមកពិនិត្យ និងអនុម័ត រួមមាន (១) សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមអាស៊ាន ស្តីពីការប្រែប្រួលអាកាសធាតុ នៅកិច្ចប្រជុំកំពូលលើកទី២៥ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP25-UNFCCC) (២) សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអាស៊ាន ស្តីពីបរិស្ថាន និង (៣) សំណើសុំដាក់បញ្ចូលឧទ្យានជាតិ របស់ប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា សរុបចំនួន៥ ទៅជាឧទ្យានបេតិកភណ្ឌអាស៊ាន, ទី២) កិច្ចប្រជុំត្រៀមលើការគ្រប់គ្រងការបំពុលផ្សែងអ័ព្ទឆ្លងដែន និងទី៣៖ កិច្ចប្រជុំបច្ចេកទេសរបស់ឧត្តមមន្ត្រីអាស៊ាន លើផ្នែកសាលាមេត្រីបរិស្ថាន។
លោក នេត្រ ភក្ត្រា បានថ្លែងថា កិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាននេះ នឹងពិនិត្យពិភាក្សាលើកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ លើវិស័យបរិស្ថាន ក្នុងនោះរួមមានបញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និរន្តរភាពបរិស្ថានទីក្រុង ការអភិរក្សជីវៈចម្រុះ បរិស្ថានតំបន់ឆ្នេរសមុទ្រ ការងារអប់រំបរិស្ថាន ការគ្រប់គ្រងធនធានទឹក ការគ្រប់គ្រងសារធាតុគីមី និងសំណល់គ្រោះថ្នាក់ ការគ្រប់គ្រងការបំពុលផ្សែងអ័ព្ទឆ្លងដែន និងសាលាមេត្រីភាពបរិស្ថានជាដើម។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ក៏មានកិច្ចប្រជុំលើកទី១៦ នៃរដ្ឋមន្ត្រីបរិស្ថានអាស៊ានបូក ៣ (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ដែលផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការ លើវិស័យបរិស្ថាន និងកិច្ចប្រជុំលើកទី១៥ នៃសន្និសីទភាគីកិច្ចព្រមព្រៀងអាស៊ាន ស្ដីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន។
ទន្ទឹមនឹងនេះ ក៏មានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន-ជប៉ុន ដើម្បីពិនិត្យលើវឌ្ឍនភាពការងារសហប្រតិបត្តិការបច្ចុប្បន្ន និងគំនិតផ្តួចផ្តើមសំណើថ្មីៗ រួមមានដូចជា៖ ប្រព័ន្ធផ្ទៀងផ្ទាត់បច្ចេកទេសបរិស្ថាន ការផ្ទេរបច្ចេកវិទ្យា និងសំណល់ប្លាស្ទិកសមុទ្រ។ ជាមួយគ្នានេះដែរ កម្ពុជានឹងទទួលរៀបចំពិធីប្រគល់ពានរង្វាន់សាលាមេត្រីភាពបរិស្ថានអាស៊ានលើកទី៣ និងយុវជនឆ្នើមមេត្រីភាពបរិស្ថានអាស៊ានលើកទី១ សម្រាប់រដ្ឋជាសមាជិកអាស៊ានទាំងអស់តាមរយៈមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន។ នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន លើកទី១៥ និងកិច្ចប្រជុំពាក់ព័ន្ធនេះ ក៏នឹងមានពិធីដាំដើមផ្កាក្រវ៉ាន់នៅមុខប្រាង្គប្រាសាទអង្គរផងដែរ។
សូមជម្រាបជូនថា កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន តែងតែធ្វើរៀងរាល់២ឆ្នាំម្តង ក្នុងគោលបំណង ជជែកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបរិស្ថាន នៅក្នុងតំបន់។ កិច្ចប្រជុំលើកទី១៤ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំជាមួយបណ្តាប្រទេសជាដៃគូសន្ទនា ត្រូវបានប្រារព្ធធ្វើឡើង កាលពីខែកញ្ញា ឆ្នាំ ២០១៧ នៅប្រទេសប្រ៊ុយណេ ដែលជាប្រទេសម្ចាស់ផ្ទះ៕