(ភ្នំពេញ)៖ ដោយមានកិច្ចសហការពីសាលារាជធានីភ្នំពេញ សភាសម្ព័ន្ធ សហជីពជាតិកម្ពុជា សាលាខណ្ឌសែនសុខ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងការពារជាតិ និងស.ស.យ.ក ខណ្ឌសែនសុខ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩នេះ សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ចំនួន៣៦៨នាក់ ដឹកនាំដោយលោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅក្នុងបរិវេណសាលាបឋមសិក្សាសែនសុខ ស្ថិតក្នុងភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ពិធីនេះប្រព្រឹត្តក្រោមអធិបតី ភាពលោក ឃុត ចាន់ដារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ អនុប្រធានស.ស.យ.ក រាជធានីភ្នំពេញ និងជាតំណាងលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក, លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សោម អូន ប្រធានសភាសម្ព័ន្ធ សហជីពជាតិកម្ពុជា។
នៅក្នុងឱកាសនេះ លោក ឃុត ចាន់ដារ៉ា បានពាំនាំមតិផ្តាំផ្ញើសាកសុខ ទុក្ខពីសំណាក់ លោក ហ៊ុន ម៉ានី ជូនកម្មករនិយោជិត ក្នុងខណ្ឌសែនសុខទាំងអស់។ លោកបានជម្រាបជូនថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសយើងបាន ទទួលនូវសុខសន្តិភាពយ៉ាងបរិបូរណ៌ទូទាំងផ្ទៃប្រទេស ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។
លោកតំណាងរាស្ត្រ បានបន្ថែមថា ជាមួយនិងការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល និងការខិតខំរកទទួលទានរបស់ប្រជាពលរដ្ឋកម្ពុជា ក៏មានកម្រិតជីវភាព រស់នៅកាន់តែល្អប្រសើរឡើង ហើយអ្វីដែលត្រូវគិតគូរ ជាបន្តបន្ទាប់ មកទៀតនេះ គឺបញ្ហាសុខភាពនេះឯង។ លោកបានសំណូមពរ ដល់ពលរដ្ឋទាំងអស់មេត្តាយកចិត្តទុកដាក់ បន្ថែមទៀតដល់ ការថែរក្សាសុខភាពផ្ទាល់ខ្លួន តាមរយៈការទទួលទានទឹកស្អាត ឬទឹកដាំពុះ ហូបស្អាត និងរស់នៅស្អាត និងជាពិសេស គឺបើដឹងថាមានអាការៈមិនសូវ ស្រួលខ្លួនហើយ ត្រូវប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាពជាបន្ទាន់។
លោកបណ្ឌិត ហេង សុខគង់ បានថ្លែងក្នុងនាមលោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយសសម្ព័ន្ធ គ្រូពេទ្យស.ស.យ.ក ថា ក្រុមគ្រូពេទ្យនៃសម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋ យុវជន កម្ពុជាចំនួន៣៦៨នាក់ ដែលសុទ្ធតែជាវេជ្ជបណ្ឌិតជំនាញ ភាគច្រើនបានបញ្ចប់ការសិក្សានៅក្រៅប្រទេស និងមានបទពិសោធន៍ ជាច្រើនឆ្នាំនៅតាមមន្ទីរពេទ្យធំៗនារាជធានីភ្នំពេញ បានចុះផ្តល់សេវាពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅខណ្ឌសែនសុខ ដោយមិនគិតថ្លៃ ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការគិតគូរ និងយកចិត្តទុកដាក់ពីសុខមាលភាពរបស់ប្រជាពលរដ្ឋ។
លោកបណ្ឌិត ហេង សុខគង់ បានបញ្ជាក់ទៀតថា ក្រុមគ្រូពេទ្យ នៃសម្ព័ន្ឋគ្រូពេទ្យ សហភាពសហព័ន្ឋយុវជនកម្ពុជា បានចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅ២៣រាជធានី-ខេត្ត បានចំនួន១១០លើក បានចំនួនជិតម្ភៃម៉ឺននាក់ គោលដៅសំខាន់គឺបង្ខិតសេវាសុខាភិបាល ទៅដល់ផ្ទះប្រជាពលរដ្ឋ ដើម្បីលើកកំពស់សុខភាព និងសុខមាលភាពប្រជាពលរដ្ឋ ជាពិសេសតំបន់ដាច់ស្រយាល និងឆ្ងាយពីសេវាសុខាភិបាលរបស់រដ្ឋ។
លោកបណ្ឌិតបានបន្ថែមទៀតថា សេវាដែលផ្តល់ជូនប្រជាពលរដ្ឋក្នុងឱកាសនេះរួមមាន ជំងឺទូទៅ ជំងឺបេះដូង និងសសៃរឈាម អេកូបេះដូង ជំងឺមនុស្សចាស់ ជំងឺត្រចៀក ច្រមុះបំពង់ក បំពាក់ឧបករណ៍សម្លេងជូនអ្នកជំងឺគ-ថ្លង់ ជំងឺភ្នែក ជំងឺសើរស្បែក និងកាមរោគ ជំងឺផ្លូវចិត្ត ជំងឺកុមារ វះកាត់តូច និងរោគសន្លាក់ ជំងឺមាត់ ធ្មេញ អេកូសាស្ត្រ រោគស្ត្រី និងពិនិត្យផ្ទៃពោះ ជំងឺតម្រងនោម មន្ទីរពិសោធន៍ចល័ត ពិនិត្យបឋម និងវាស់សំពាធឈាម អប់រំសុខភាពសាធារណៈ សេវាថែរក្សាក្រោយព្យាបាល (After Care Service) ។
លោក សោម អូន បានបញ្ជាក់ថា យោងតាមអនុសារណៈយោគយល់ MoU សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានសហការជាមួយសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បី ផ្តល់សេវាពិនិត្យ និងព្យាបាលសុខភាពដោយមិនបង់ប្រាក់ជូនកម្មករនិយោជិត និងប្រជាពលរដ្ខនៅតាមបណ្តាខេត្តក្រុង។
លោក សោម អូន បានបន្ថែមថា លោកពិតជាមានមោទភាពណាស់ ដែលបានឃើញប្រជាពលរដ្ឋក៏ដូចជាកម្មករនិយោជិតយ៉ាងច្រើនកុះករ បានអញ្ជើញមកទទួលសេវាពិនិត្យនិងព្យាបាលជំងឺនៅថ្ងៃនេះ ដែលជាសកម្មភាពមួយនៃកិច្ចការសង្គម ហើយវាបានគួបផ្សំបន្ថែមមួយផ្នែកទៀត ទៅលើសេវាពេទ្យរបស់រដ្ឋ។ លោកបានលើកឡើងដែរថា កម្មករនិយោជិតទាំងអស់បាន និងកំពុងតែទទួលបានការយកចិត្តទុកដាក់បន្ថែមទៀតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានដាក់ចេញនូវផែនការចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាដើម៕