(ឧត្តរមានជ័យ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ បានចេញដីកាបង្គាប់ឱ្យ ចាប់ខ្លួនជនត្រូវចោទឈ្មោះ ម៉ោញ សារ៉ាត់ ភេទប្រុស អាយុ ៥៤ឆ្នាំ ពាក់ព័ន្ធការចូលរួមគំនិតក្បត់ និងការប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកល «ផែនការ នៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្សី»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ តុលាការខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩នេះ។
តាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យសាលាដំបូងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ ម៉ោញ សារ៉ាត់ ភេទប្រុស អាយុ៥៤ឆ្នាំ។ ជនត្រូវចោទរូបនេះត្រូវបានអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខៈ ២៤០ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ពីបទ៖ រួមគំនិតក្បត់ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹង អង្គហេតុនៃ «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» ផ្ដលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលជា «ផែនការ នៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្សី» ដោយមានការអំពាវនាវ និងប្រើប្រាស់ថវិកា ប៉ុនប៉ងបង្កើតកងកម្លាំងឧទ្ទាម ប្រដាប់អាវុធ ខុសច្បាប់ ដើម្បីចូលរួមអនុវត្តផែនការនេះ។
អ្នកនាំពាក្យសាលាដំបូងខេត្តឧត្តរមានជ័យ សូមបញ្ជាក់ជូនថា ដីកាបង្គាប់ឱ្យចាប់ខ្លួនខាងលើ ត្រូវបានបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
បើតាមការបញ្ជាក់ពីមន្រ្តីនគរបាលជាន់ខ្ពស់ បានឲ្យដឹងថា បុគ្គលឈ្មោះ ម៉ោញ សារ៉ាត់ បានគេចខ្លួនទៅកាន់ប្រទេសថៃ កាលពីប៉ុន្មានឆ្នាំមកហើយ និងបច្ចុប្បន្ននេះបុគ្គលខាងលើ បានចូលរួមរៀបចំផែនការ នៃការវិលចូលស្រុករបស់ទណ្ឌិត សម រង្ស៊ី ទៀតផង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ អយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ក៏បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ម៉ោញ សារ៉ាត់ ពីបទ រួមគំនិតក្បត់ ក្រោយធ្វើសកម្មភាព កៀរគរពលករខ្មែរនៅប្រទេសថៃ ឱ្យចូលរួមជាមួយទណ្ឌិត សម រង្ស៉ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ការចោទប្រកាន់ខាងលើនេះ គឺពាក់ព័ន្ធនឹងអំពើរបស់ឈ្មោះ ម៉ោញ សារ៉ាត់ ដែលបានសម្ភាសជាមួយវិទ្យុសំលេងសហរដ្ឋអាមេរិក (VOA) នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ដោយបាននិយាយថា ខ្លួនបានកៀរគរប្រជាពលរដ្ឋដែលបានចំណាកស្រុកទៅប្រទេសថៃ ឱ្យទៅចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកល «ផែនការនៃការវិលត្រលប់មកកម្ពុជារបស់ឧក្រិដ្ឋជន សម រង្ស៉ី» ដោយអនុវត្តតាមការអំពាវនាវរបស់ឈ្មោះ សម រង្ស៉ី និងបក្ខពួក។
អ្នកនាំពាក្យបន្តទៀតថា ទន្ទឹមនឹងនេះផងដែរ ឈ្មោះ ម៉ោញ សារ៉ាត់ បានធ្វើសកម្មភាពកៀរគរប្រជាពលរដ្ឋដែលបានចំណាកស្រុកទៅប្រទេសថៃ ព្រមទាំងមានផែនការដឹកនាំក្រុមរបស់ខ្លួនធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីចូលរួមសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ៕