(ភ្នំពេញ)៖ ដូចទៅនឹងទម្លាប់រៀងរាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ទូទាំងប្រទេស ៤៤៣នាក់ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ស្អែកនេះ។
ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព ដែលនឹងមានការចូលរួមពីអាណាព្យាបាលសិស្ស និងលោកគ្រូតំណាងសាលារបស់សិស្សឆ្នើមទាំងនោះផងដែរ។
ក្នុងឱកាសជំនួបសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងប្រគល់ iPad ជូនសិស្សនិទ្ទេស A ទាំង៤៤៣នាក់ ដោយក្នុងម្នាក់ៗទទួលបាន ១គ្រឿងផងដែរ។ អំណោយនេះជាការឧបត្ថម្ភរបស់ក្រុមហ៊ុនជីបម៉ុង ដែលតែងបានឧបត្ថម្ភរៀងរាល់ឆ្នាំ ជូនដល់សិស្សនិទ្ទេស A។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ មានបេក្ខជនចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយបានប្រឡងជាប់។ ក្នុងនោះសិស្សជាប់និទ្ទេស A មានចំនួន ៤៤៣នាក់, និទ្ទេស B ចំនួន២៤៣០នាក់, និទ្ទេស C ចំនួន ៥៨៤៧នាក់, និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់។
ឆ្នាំនេះគឺជាឆ្នាំទី៦ហេីយ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសជូនសិស្សជាប់និទ្ទេស A បានចូលជួបសំណេះសំណាលដោយផ្ទាល់។ ការផ្តល់ឱកាសឱ្យសិស្សនិទ្ទេស A ចួលជួបសំណេះសំណាលដោយផ្ទាល់នេះ ត្រូវបានគេមេីលឃេីញថា ជាការផ្តល់តម្លៃ និងលេីកទឹកចិត្តដ៏ឧត្តុង្គឧត្តមមួយពីសំណាក់ប្រមុខរាជរដ្ឋាភិបាលសម្រាប់អ្នកសិក្សា៕