(កំពង់ចាម)៖ «ខ្ញុំសូមបញ្ជាក់ថា រាល់ការធ្វើសកម្មភាពទាំងឡាយ ដែលជាសកម្មភាពញុះញង់ បំផុសប្រមូលផ្ដុំប្រជាពលរដ្ឋ ឲ្យទៅចូលរួមក្នុងចលនា ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ឬក៏ក្នុងគោលបំណងធ្វើបដិវត្តន៍ពណ៌ គឺជាសកម្មភាពខុសច្បាប់»។ នេះជាការលើកឡើងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៦ ខែតុលាឆ្នាំ ២០១៩ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាល អធិការដ្ឋាននគរបាល ស្រុកកោះសូទិន ខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានថ្លែងបន្តថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅថ្មីៗនេះ មានក្រុមអគតិ ឬហៅថា ពួកឧទ្ទាមក្រៅច្បាប់ បានយកឱកាសពេលធ្វើបុណ្យទានទៅជាការប្រមូលផ្ដុំ លួចលាក់ប្រជុំជាមួយ នឹងប្រជាពលរដ្ឋ ដើម្បីរៀបចំផែនការ ទៅទទួលថ្នាក់ដឹកនាំរបស់ពួកគេ ដែលមានផែនការមកស្រុកខ្មែរ នៅក្នុងខែវិច្ឆិកាខាងមុខនេះ។
លោកអភិបាលខេត្ត បន្តថា ក្នុងខណៈពេលដែលប្រជាពលរដ្ឋកំពុងតែធ្វើបុណ្យ ហើយក៏ស្ថិតនៅក្នុងស្ថានភាពរងគ្រោះដោយសារទឹកជំនន់ផងនោះ បែរជាពួកអគតិ មិនបានមកជួយអ្វីទេ បែរជានាំគ្នាទៅប្រមូលប្រជាពលរដ្ឋប្រជុំធ្វើការអុជអាលញុះញង់ វាយប្រហារមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ខណៈពេលដែលរាជរដ្ឋាភិបាល កំពុងតែខិតខំប្រឹងប្រែងដើម្បីលើកស្ទួយជីវភាព និងកំពុងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះនូវគ្រោះធម្មជាតិនេះផងដែរ។
លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា បើទោះជាយ៉ាងនោះក្តី ប្រជាពលរដ្ឋអត់បានទៅជឿលើការញុះញង់របស់ក្រុមអគតិនោះទេ ព្រោះខណៈពេលដែលពួកគេមកញុះញង់ គឺចំពេលដែលរាជរដ្ឋាភិបាលកំពុងតែសកម្មនៅក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបបញ្ហានាៗនៅតាមមូលដ្ឋាន។
លោកអភិបាលខេត្ត ក៏បានយកឱកាសនោះ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមកុំជឿតាមការញុះញង់ ឬការបំផុសអូសទាញណាមួយ ដែលជាសកម្មភាពធ្វើឱ្យប៉ះពាល់ដល់ច្បាប់ ដែលបានហាម ជាពិសេសសូមកុំចូលរួមធ្វើសកម្មភាពណាមួយដែលធ្វើឲ្យប៉ះពាល់ដលជីវ ភាពរស់នៅរបស់ប្រជាពលរដ្ឋតែម្តង៕