(ភ្នំពេញ)៖ លោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS បានថ្លែងថា ចំណេះវិជ្ជា គឺជាប្រទីបសម្រាប់បំភ្លឺជីវិត ទៅថ្ងៃអនាគត។
លោកថ្លែងបែបនេះ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ នៅសាខាសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា ខេត្តបន្ទាយមានជ័យ ក្នុងសន្និសីទ CUS ២០១៩ ក្រោមប្រធានបទ «គន្លឹះជ្រើសរើសជំនាញនៅឧត្តមសិក្សា និងឱកាសការងារ» ដែលមានចំនួនសិស្ស និស្សិត សាស្រ្តាចារ្យចូលរួមប្រហែល ៣០០នាក់។
ក្នុងពិធីនោះដែរ ក៏មានការដាក់បង្ហាញសមិទ្ធផល និងព័ត៌មានរបស់ស្ថាប័ន ដែលបានចូលរួម។ អង្គសន្និសីទ មានការអញ្ជើញចូលរួមជាវាគ្មិនមកពីស្ថាប័នរដ្ឋ និងឯកជនជាដៃគូរបស់សាកលវិទ្យាល័យមានដូចជា ក្រុមហ៊ុនស៉ីសូផុនហុងសេងស័្ពតវែរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK និងមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ។
លោកបណ្ឌិត មាស បូរ៉ា ក៏បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការ ចំណាយពេលវេលារបស់វាគ្មិន សាស្រ្តាចារ្យ សិស្ស និស្សិតដែលបានចូលរួមក្នុងកម្មវិធី ដ៏មានសារៈប្រយោជន៍ ជួយជាគំនិតក្នុងការជ្រើសរើសជំនាញជាមូលដ្ឋាន សម្រាប់ជ្រើសរើសរបៀបសិក្សាឲ្យទទួលបានជោគជ័យ។
លោកបានអះអាងជាថ្មីថា ចំណេះដឹងជាគន្លឹះនាំឲ្យជោគជ័យ ការសិក្សារៀន សូត្រត្រូវបន្តពីកម្រិតមួយទៅកម្រិតមួយៗដើម្បីបង្កើនបញ្ញា បង្កើនចំណូល។ អាស្រ័យហេតុនេះ សូមខិតខំបន្តការ សិក្សា ខិតខំរៀនសូត្រក្នុងក្តីសង្ឃឹមមុតមាំ និងទទួលជោគជ័យ ខ្លឹមសាបទបង្ហាញរបស់វាគ្មិនទាំងអស់ពាក់ព័ន្ធជំនាញ របៀបជ្រើសរើសជំនាញ និងរៀនឲ្យពូកែ និងត្រូវតាមទីផ្សារការងារ ព្រមទាំងបានជាមូលដ្ឋានសម្រាប់ប្អូនៗ រៀបចំផែនការសិក្សាដូចនៅកម្រិតសាកលវិទ្យាល័យឲ្យបានជោគជ័យ។
លោក វ័ន វឿ នាយកសាខា បានបង្ហាញថា CUS បានដំណើរការជិត ២០ឆ្នាំហើយ ទទួលបានជោគជ័យជាច្រើនមាននិស្សិតកំពុងសិក្សាជិត ២០០០០នាក់ និងនិស្សិតបានបញ្ចប់ការសិក្សាជាង ៣០០០០នាក់ នៅទូទាំងប្រទេសដែលរួមមាន ២ទីតាំងនៅរាជធានីភ្នំពេញ និងខេត្តចំនួន៦ ដែលរួមមានខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត ក្នុងមហាវិទ្យាល័យចំនួន៥ និងជំនាញជាង ៣០ជំនាញ មានដូចជា៖ គណនេយ្យ គ្រប់គ្រង ទីផ្សារ សណ្ឋាគារ និងទេសចរណ៍ ហិរញ្ញវត្ថុនិងធនាគារ គ្រប់គ្រងពាណិជ្ជកម្ម គ្រប់គ្រងអចលនវត្ថុនិងដីធ្លី វិស្វកម្មសំណង់ស៊ីវិល នីតិសាស្រ្ត វិទ្យាសាស្រ្តនយោបាយ វិទ្យាសាស្រ្តអប់រំ អក្សរសាស្រ្តខ្មែរ អក្សរសាស្រ្តអង់គ្លេស ភូមិវិទ្យា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា គណិតវិទ្យា។
លោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង បានលើកឡើងនូវមូលដ្ឋានជ្រើសរើសជំនាញ និងការសិក្សាស្រាវ ជ្រាវដូចម្តេចដើម្បីឲ្យទទួលបានជោគជ័យ ទទួលបានការងារល្អក្រោយបញ្ចប់ការសិក្សា។ ដើម្បីសិក្សាឲ្យបានជោគ ជ័យនិស្សិតត្រូវខិតខំសិក្សាស្រាវជ្រាវ ចូលរួមសិក្ខាសាលា សន្និសីទ ហាត់ការ បន្ថែមពីលើនេះសូមសិក្សាបន្ថែមនូវ ជំនាញទន់ដែលគាំទ្រជំនាញដូចជា ការគ្រប់គ្រងពេលវេលា ភាសា និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា។
លោក ទូច សម្បតិ្ត តំណាងក្រុមហ៊ុន ស៉ីសូផុន ហុងសេងស្ព័តវែរ លោក មាស សំណាង ប្រធានមជ្ឈមណ្ឌលការ ងារប្រចាំខេត្តបន្ទាយមានជ័យ និងលោក ស្វាង ឆៃលន់ ប្រធានសាខាគ្រឹះស្ថានមីក្រូហិរញវត្ថុ AMK ប្រចាំខេត្តបន្ទាយមានជ័យ បានចែករំលែកនូវព័ត៌មានទូទៅលើស្ថាប័នរៀងៗខ្លួន ព្រមទាំងអះអាងដូចៗគ្នានូវជំនាញរឹង និងទំនាញទន់ បុគ្គលិកលក្ខណសម្បត្តិ ដែលបុគ្គលមានដើម្បីទទួលបានការងារពីស្ថាប័នរបស់លោក។
វាគ្មិនទាំងបីរូបបានសម្តែង នូវអំណរគុណដល់សាកលវិទ្យាល័យ ដែលបានផ្តល់ឱកាសក្នុងការចូលរួមធ្វើបទបង្ហាញ និងរីករាយសហការជាបន្តដូចជាផ្តល់កន្លែងធ្វើកម្មសិក្សា និងសកម្មភាពផ្សេងៗដើម្បីពង្រីក ពង្រឹងសមត្ថភាពនិស្សិតនិងផលប្រយោជន៍ទៅវិញទៅមក ដើម្បីរួមគ្នាបណ្តុះបណ្តាលធនធានមនុស្ស ចូលរួមអភិវឌ្ឍប្រទេសជាតិមាតុភូមិ ជាទីស្រឡាញ់របស់យើង៕