(ភ្នំពេញ)៖ វត្តមានគ្រឿងញៀនជាចំណែកមួយដ៏ធំក្នុងការបង្កទុក្ខកង្វល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ព្រមទាំងមានលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ សាធារណៈផងដែរ។
ជនខិលខូចមួយចំនួនតូចដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន បានឆ្លៀតឱកាសលក់ទិញ ដោះដូរដោយខុសច្បាប់នូវសារធាតុញៀន ពុំខ្វល់ពីឥទ្ធិពលអាក្រក់ដែលប៉ះពាល់ដល់ប្រទេសជាតិឡើយ។
ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រទេសកម្ពុជាបានបង្កើតឱ្យមាន «ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន» ក្នុងគោលបំណងត្រួតពិនិត្យ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ដើម្បីឲ្យជ្រាបកាន់តែច្បាស់ពីសកម្មភាពបែបណាដែលត្រូវបានចាត់ទុកថាជាការជួញដូរគ្រឿងញៀន? ហើយជនដែលប្រព្រឹត្តអំពើនេះត្រូវផ្តន្ទាទោសកម្រិតណា?
ដូច្នេះសម្រាប់សប្ដាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីអំពី « បទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» មកបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ៖
យោងតាមមាត្រា ៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១២ បញ្ញតិ្តថា «អំពើជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» ជាការផ្ដល់សម្រាប់លក់ ការលក់ ការទិញដើម្បីលក់ ឬដោះដូរ និងការដោះដូរដោយខុសច្បាប់នូវសារធាតុញៀន។
ជនល្មើសដែលជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ។ ក្រៅពីការដាក់ពន្ធនាគារជនល្មើសនឹងអាចត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ។
ចំពោះតារាងទី១ សំដៅលើ រុក្ខជាតិ និងសារធាតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយដែលពុំមានផលប្រយោជន៍ខាងវេជ្ជសាស្ត្រ រួមមានដូចជា ហេរ៉ូអ៊ីន កញ្ឆា ជ័រកញ្ឆា ប្រេងកញ្ឆា។ តារាងទី២ រុក្ខជាតិ និងសារធាតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ប៉ុន្តែមានផលប្រយោជន៍ខាងវេជ្ជសាស្ត្រ រួមមានដូចជា កូកាអ៊ីន អាភៀន ទឹកកំហាប់ដើមអាភៀន ម័រហ្វីន មេតំហ្វេតាមីន។
ចំពោះស្ថានទម្ងន់ទោសពាក់ព័ន្ធនឹងបទល្មើសខាងលើ បានកំណត់កម្រិតទោសដូចខាងក្រោម៖
ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ និងផ្ដន្ទាទោសពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ក្នុងករណីដែលប្រព្រឹត្តបទល្មើស ស្ថិតក្នុងស្ថានភាពណាមួយដូចខាងក្រោម៖
១. បទល្មើសត្រូវបានប្រព្រឹត្តច្រើនដង
២. បទល្មើសត្រូវបានប្រព្រឹត្តនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ នៅក្នុងឱកាសនៃការបំពេញមុខងារ
៣. ជ័រអាភៀន ជ័រកញ្ឆា ឬកាវកូកា មានបរិមាណសុទ្ធចាប់ពី ៤០០ (បួនរយ) ក្រាម រហូតក្រោម ៨០០ (បួនរយ) ក្រាម។
៤. ប្រេងកញ្ឆាមានបរិមាណសុទ្ធចាប់ពី ២០០ (ពីររយ) ក្រាម រហូតដល់ក្រោម ៤០០ (បួនរយ) ក្រាម។
៥. ម័រហ្វីន ហេរ៉ូអ៊ីន ឬកូកាអ៊ីនមានបរិមាណសុទ្ធចាប់ពី ៤ (បួន) ក្រាម រហូតដល់ក្រោម ២៥ (ម្ភៃប្រាំ) ក្រាម។
៦. អំហ្វេតាមីន មេតំហ្វេតាមីន ឬអ៊ិចស្តាស៊ី មានបរិមាណសុទ្ធចាប់ពី ១៥ (ដប់ប្រាំ) ក្រាម រហូតដល់ក្រោម ៨០ (ប៉ែតសិប) ក្រាម។
៧. កញ្ឆាស្ងួត ឬស្លឹកកូកា មានបរិមាណចាប់ពី ៨ (ប្រាំបី) គីឡូក្រាម រហូតដល់ក្រោម ២០ (ម្ភៃ) គីឡូក្រាម។
៨. ផ្លែអាភៀនស្រស់មានបរិមាណចាប់ពី ៨ (ប្រាំបី) គីឡូក្រាម រហូតដល់ក្រោម ៤០ (សែសិប) គីឡូក្រាម។
៩. ផ្លែអាភៀនស្ងួតមានបរិមាណចាប់ពី ៤០ (សែសិប) គីឡូក្រាម រហូតដល់ក្រោម ១៦០ (មួយរយ ហុកសិប) គីឡូក្រាម។
១០. បណ្តាសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតមានបរិមាណសុទ្ធចាប់ពី ១៥ (ដប់ប្រាំ) ក្រាម រហូតដល់ ៨០ (ប៉ែតសិប) ក្រាម។
១១. សារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតចាប់ពីពីរប្រភេទឡើងទៅ ហើយមានបរិមាណសុទ្ធសារធាតុញៀន ដែលបានកំណត់នៅក្នុងចំណុចណាមួយចាប់ពីចំណុចទី៣ ដល់ចំណុចទី១០ នៃកថាខណ្ឌនេះ។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ២០.០០០.០០០ (ម្ភៃលាន) រៀល ទៅ ៤០.០០០.០០០ (សែសិបលាន) រៀល ក្នុងករណីដែលការប្រព្រត្តឹបទល្មើស ស្ថិតក្នុងស្ថានភាពណាមួយខាងក្រោម៖
១. ជ័រអាភៀន ជ័រកញ្ឆា ឬកាវកូកា មានបរិមាណសុទ្ធចាប់ពី ៨០០ (ប្រាំបីរយ) ក្រាម រហូតក្រោម ១.៦០០ (មួយពាន់ប្រាំមួយរយ) ក្រាម។
២. ប្រេងកញ្ឆាមានបរិមាណសុទ្ធចាប់ពី ៤០០ (បួនរយ) ក្រាម រហូតដល់ ៨០០ (ប្រាំបីរយ) ក្រាម។
៣. ម័រហ្វីន ហេរ៉ូអ៊ីន ឬកូកាអ៊ីនមានបរិមាណសុទ្ធចាប់ពី ២៥ (ម្ភៃប្រាំ) ក្រាម រហូតដល់ក្រោម ៨០ (ប៉ែតសិប) ក្រាម។
៤. អំហ្វេតាមីន មេតំហ្វេតាមីន ឬអ៊ិចស្តាស៊ី មានបរិមាណសុទ្ធចាប់ពី ៨០ (ប៉ែតសិប) ក្រាម រហូតដល់ក្រោម ២៤០ (ពីររយសែសិប) ក្រាម។
៥. កញ្ឆាស្ងួត ឬស្លឹកកូកា មានបរិមាណចាប់ពី ២០ (ម្ភៃ) គីឡូក្រាម រហូតដល់ក្រោម ៦០ (ហុកសិប) គីឡូក្រាម។
៦. ផ្លែអាភៀនស្រស់មានបរិមាណចាប់ពី ៤០ (សែសិប) គីឡូក្រាម រហូតដល់ក្រោម ១២០ (មួយរយម្ភៃ) គីឡូក្រាម។
៧. ផ្លែអាភៀនស្ងួតមានបរិមាណចាប់ពី ១៦០ (មួយរយហុក) គីឡូក្រាម រហូតដល់ក្រោម ៤៨០ ( បួនរយប៉ែតសិប) គីឡូក្រាម។
៨. បណ្តាសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតមានបរិមាណសុទ្ធចាប់ពី ៨០ (ប៉ែតសិប) ក្រាម រហូតដល់ ២៤០ (ពីររយសែបសិប)ក្រាម។
៩. សារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតចាប់ពីពីរប្រភេទឡើងទៅ ហើយមានបរិមាណសុទ្ធសរុបនៃសារធាតុ ស្មើនិងបរិមាណសុទ្ធសារធាតុញៀនដែលបានកំណត់នៅក្នុងចំណុចណាមួយចាប់ពីចំណុចទី១ ដល់ចំណុចទី ៨ នៃកថាខណ្ឌនេះ។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២០ (ម្ភៃ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំឬអស់មួយជីវិត និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៤០.០០០.០០០ (សែសិបលាន) រៀល ទៅ ១០០.០០០.០០០ (មួយរយលាន) រៀល ក្នុងករណីដែលការប្រព្រត្តឹបទល្មើស ស្ថិតក្នុងស្ថានភាពណាមួយខាងក្រោម៖
១. ជ័រអាភៀន ជ័រកញ្ឆា ឬកាវកូកា មានបរិមាណសុទ្ធចាប់ពី ១.៦០០ (មួយពាន់ប្រាំមួយរយ) ក្រាមឡើយទៅ។
២. ប្រេងកញ្ឆាមានបរិមាណសុទ្ធចាប់ពី ៨០០ (ប្រាំបីរយ) ក្រាម ឡើងទៅ។
៣. ម័រហ្វីន ហេរ៉ូអ៊ីន ឬកូកាអ៊ីនមានបរិមាណសុទ្ធចាប់ពី ៨០ (ប៉ែតសិប) ក្រាមឡើងទៅ។
៤. អំហ្វេតាមីន មេតំហ្វេតាមីន ឬអ៊ិចស្តាស៊ី មានបរិមាណសុទ្ធចាប់ពី ២៤០ (ពីររយសែសិប) ក្រាម ឡើងទៅ។
៥. កញ្ឆាស្ងួត ឬស្លឹកកូកា មានបរិមាណចាប់ពី ៦០ (ហុកសិប) គីឡូក្រាម ឡើងទៅ។
៦. ផ្លែអាភៀនស្រស់មានបរិមាណចាប់ពី ១២០ (មួយរយម្ភៃ) គីឡូក្រាម ឡើងទៅ។
៧. ផ្លែអាភៀនស្ងួតមានបរិមាណចាប់ពី ៤៨០ (បួនរយប៉ែតសិប) គីឡូក្រាម ឡើងទៅ។
៨. បណ្តាសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតមានបរិមាណសុទ្ធចាប់ពី ២៤០ (ពីររយសែបសិប) ក្រាម ឡើងទៅ។
៩.សារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតចាប់ពីពីរប្រភេទឡើងទៅ ហើយមានបរិមាណសុទ្ធសរុបនៃសារធាតុស្មើនិងបរិមាណសុទ្ធសារធាតុញៀនដែលបានកំណត់នៅក្នុងចំណុចណាមួយ ចាប់ពីចំណុចទី១ ដល់ចំណុចទី ៨ នៃកថាខណ្ឌនេះ។
ចំពោះការកាន់កាប់ ការលាក់ទុក សន្និធិ និងសកម្មភាពប្រហាក់ប្រហែលផ្សេងទៀត និងការបញ្ជូនតាមគ្រប់រូបភាពដែលនាំឱ្យមានការផ្លាស់ទីពីទីកន្លែងមួយទៅទីកន្លែងមួយទៀតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ពីប្រទេសមួយទៅប្រទេសមួយទៀត ឬ តាមរយៈការផ្ញើ ការធ្វើចរាចរ ការនាំចូលការនាំចេញ នូវសារធាតុញៀន ក៏ត្រូវទទួលការផ្តន្ទាទោសក្នុងមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នេះដែរ ។
សរុបមកច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន បានកំណត់ទោសយ៉ាងតឹងរឹងរហូតឈានដល់ការជាប់ពន្ធនាគារអស់មួយជីវិតទៀតផង។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងធ្វើយុទ្ធនាការយ៉ាងសកម្មដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងគោលបំណងលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់នៅទូទាំងប្រទេស។
រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា គន្ធ វិជិតា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕