ព្រឹកថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន វិលចូលទីលានវាយកូនគោលសាជាថ្មី បន្ទាប់ពីសម្រាករយៈពេល៣ខែ ដោយសារគ្រេចស្មា
06-10-2019 09:32
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវិលចូលទីលានវាយកូនគោលសាជាថ្មី បន្ទាប់ពីសម្រាករយៈពេល៣ខែ ដោយសារគ្រេចស្មា។
ជាមួយគ្នានេះ ក្នុងឱកាសលេងកីឡា សម្តេចតេជោនៅថ្ងៃចុងសប្តាហ៍នេះ ក៏មិនភ្លេចជូនពរជនរួមជាតិទាំងអស់ សូមជួបតែសេចក្តីសុខ សេចក្តីចំរើនផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «នេះជាថ្ងៃទីមួយ នៃការវាយកូនគោលសាជាថ្មីបន្ទាប់ពីរយៈពេលបីខែដែល មិនបានវាយដោយសារគ្រេចស្មា។ កំពុងតាមដានខ្លួនឯងតើវាយបានល្អ ឬទេជាមួយសំភារៈសម្រាប់វាយប្រភេទថ្មី។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តី សុខសេចក្តីចំរើន»។
គួររំលឹកថា ការគ្រេចស្មារបស់សម្តេចតេជោ គឺដោយសារតែការធ្វើលំហាត់ប្រាណដោយជិះកង់ ហើយក៏បានដួលកង់លើស្មៅ ទើបគ្រេចស្មាតែម្តង ដូច្នេះទើបគ្រូពេទ្យ សម្រេចឲ្យសម្តេចសម្រាកពីហាត់ប្រាណមួយរយៈ។
សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមហាត់ប្រាណឡើងវិញហើយ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ហើយទើបថ្ងៃនេះ សម្តេចទទួលបានការអនុញ្ញាតពីក្រុមវេជ្ជបណ្ឌិត ឲ្យអាចវាយកូនគោលឡើងវិញ៕