(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀតណាម។

យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ០០១ បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិណូយបៃ រដ្ឋធានីហាណូយ ប្រកបដោយសុវត្តិភាព នៅម៉ោង៨៖៤០នាទីព្រឹក ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់ពីសំណាក់ថ្នាក់ ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល វៀតណាមជាច្រើនរូប។

បន្ទាប់ពីបានអញ្ជើញដល់ទីក្រុងហាណូយ ប្រទេសវៀតណាមភ្លាម សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញទៅកាន់វិមានរដ្ឋាភិបាល នាទីក្រុងហាណូយ។ នៅទីនោះ សម្តេច ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ស្និទ្ធស្នាល រ៉ាក់ទាក់ និងអធិកអធមពីសំណាក់សមភាគី លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម។ ក្នុងពិធីទទួលបដិសណ្ឋារកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន ទទួលបានកម្រងផ្កាដ៏ស្រស់ស្អាតពីកុមារា កុមារីវៀតណាម។ សម្តេចដែលអមដំណើរដោយផ្ទាល់ពីសមភាគីនាយករដ្ឋមន្រ្តីវៀតណាម បានអញ្ជើញធ្វើដំណើរឆ្លងកាត់ស្រទាប់មហាជន និងថ្នាក់ដឹកនាំវៀតណាម ដែលកាន់ទង់ជ័យ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម មុនពេលប្រមុខដឹកនាំទាំងពីរ អញ្ជើញគោរពទង់ជាតិ នៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម។ បន្ទាប់ពីពិធីត្រួតពលគ្រប់កងឯកភាព នៃកងទ័ពប្រជាជនវៀតណាមរួចមក សម្តេចតេជោ ហ៊ុន សែន ដែលអមដំណើរដោយផ្ទាល់ពីសមភាគីលោកនាយករដ្ឋមន្រ្តីវៀតណាម បានអញ្ជើញធ្វើគារវកិច្ចដោយផ្ទាល់ ចំពោះឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម-កម្ពុជា ឥស្សរជនការទូត នៃបណ្តាប្រទេសជាមិត្តនានា ប្រចាំរដ្ឋធានីហាណូយ ដែលមានវត្តមានក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះ។

 

ក្នុងជំនួបទ្វេភាគីនោះ មេដឹកនាំកម្ពុជា-វៀតណាម បានប្តេជ្ញាខិតខំកសាងទំនាក់ទំនងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំង និងស៊ីជម្រៅ ហើយបន្តពង្រីកទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ កាន់តែទូលំទូលាយលើគ្រប់វិស័យ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «កម្ពុជាមានថ្ងៃនេះ មិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រដ៏ស្មោះស ពីសំណាក់កងទ័ព និងប្រជាជនវៀតណាមបានទេ។ ដូច្នេះទាំងពេលនេះ ទាំងទៅអនាគត យើងត្រូវតែខិតខំកសាងទំនាក់ទំនងនេះឱ្យកាន់តែខ្លាំង ឱ្យកាន់តែស៊ីជម្រៅ និងពង្រីកទំហំពាណិជ្ជកម្ម សហប្រតិបត្តិការខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យដទៃទៀតឱ្យកាន់តែទូលំទូលាយ និងគ្រប់វិស័យ»

នៅក្រោយជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីវៀតណាម នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ បានព្រមព្រៀងគ្នាចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ៗចំនួន៧បន្ថែមទៀត ក្នុងគោលដៅពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ កិច្ចព្រមព្រៀង និងអនុស្សារណៈដែលបានចុះហត្ថលេខានោះរួមមាន៖

ទី១៖ កិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា ក្នុងទឹកប្រាក់ចំនួន ៣លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងសាងសង់សមាសធាតុមួយចំនួន នៃមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល ដោយស័្មគ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។

ទី២៖ កិច្ចព្រមព្រៀងផ្តល់ជំនួយលើគម្រោងសាងសង់អគាររដ្ឋបាលថ្មី សម្រាប់រដ្ឋសភាកម្ពុជា។

ទី៣៖ អនុស្សារណៈយោគយល់គ្នាទៅវិញ ទៅមក រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងក្រសួងហិរញ្ញវត្ថុវៀតណាម លើកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកលើការងារគយ ចុះហត្ថលេខាដោយតំណាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រទេសទាំងពីរ។

ទី៤៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមតំបន់ព្រំដែន រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា។

ទី៥៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីវឌ្ឍនភាពលើការសាងសង់ និងផែនការប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា នៅខេត្តត្បូងឃ្មុំ រវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្មកម្ពុជា។

ទី៦៖ អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។

ទី៧៖ អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលរបស់កម្ពុជា ជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ស្តីពីសហប្រតិបត្តិការលើវិស័យថាមពលអគ្គិសនី។

រហូតដល់រសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម បានអញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងសន្និសីទកម្ពុជា-វៀតណាម ស្ដីពីការជំរុញវិនិយោគ និងពាណិជ្ជកម្ម រដ្ឋធានីហាណូយ។

នៅក្នុងសន្និសីទនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសកម្ពុជា និងវៀតណាម នឹងសម្រេចបានជាង៥ពាន់លានដុល្លារ។ សម្តេចថ្លែងយ៉ាងដូច្នេះថា «ក្នុងវិស័យពាណិជ្ជកម្ម យើងមានសេចក្តីសោមនស្ស ចំពោះការកើនឡើងគួរឱ្យកត់សម្គាល់ នៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលកាលពីឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងវៀតណាម សម្រេចបានចំនួនប្រមាណជាង ៤.៧ពាន់លានដុល្លារអាមេរិក គឺកើនឡើងប្រមាណ២៤% ធៀបនឹងឆ្នាំ២០១៧។ ដោយឡែក ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសយើងទាំងពីរ សម្រេចបានចំនួន ២.៧២ពាន់លានដុល្លារអាមេរិក ហើយដែលយើងរំពឹងថា នឹងសម្រេចបានប្រមាណជាង ៥ពាន់លានដុល្លារអាមេរិក នៅដំណាច់ឆ្នាំនេះ»។

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានបង្ហាញគោលជំហររួមគ្នា ក្នុងការគាំទ្រប្រទេសទីម័រលេស ដើម្បីក្លាយជាសមាជិក សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅពេលខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយសារតែការខិតខំប្រឹងប្រែង របស់ទីម័រលេស ល្មមដល់ពេលវេលាដែលមេដឹកនាំអាស៊ាន សម្រេចចិត្តឱ្យទីម័រលេស ក្លាយទៅជាសមាជិកអាស៊ាននៅពេលខាងមុខ ហើយប្រហែលជាសមស្របបំផុត ដែលជាពេលវេលាដែលទីម័រលេស ត្រូវចូលប្រជុំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅឆ្នាំ២០២០»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្តទៀតថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៩នេះ ចំនួនទេសចរវៀតណាម បានមកទស្សនានៅក្នុងប្រទេសកម្ពុជា មានចំនួនប្រមាណ៤៧ម៉ឺននាក់ ដែលតួលេខនេះមានការកើនឡើងប្រមាណ៤,៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ កន្លងទៅ។

ក្នុងសន្និសីទកម្ពុជា-វៀតណាម ស្តីពីការជំរុញវិនិយោគ និងពាណិជ្ជកម្ម នៅទីក្រុងហាណូយ នាល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រឲ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-វៀតណាមបន្ថែម នៅតាមបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញផ្លូវថា តំបន់សេដ្ឋកិច្ចពិសេសនេះ អាចបង្កើតនៅតំបន់ដែលសម្ដេចធ្លាប់ធ្វើដំណើរទៅតស៊ូ ចេញទៅប្រទេសវៀតណាម ដើម្បីរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន ប៉ុល ពត នោះគឺនៅតំបន់កោះថ្ម ស្ថិតក្នុងឃុំទន្លុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ សម្ដេចតេជោ បានអះអាងទៀតថា មូលហេតុដែលសម្ដេចគាំទ្រឲ្យបង្កើតនៅតំបន់នេះ ព្រោះនេះជាទីតាំងអនុស្សាវរីយ៍ដ៏សំខាន់មួយ កាលពី៤២ឆ្នាំមុន។

នៅក្នុងសន្និសីទនេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសរៀបចំពិធីជួបជុំសំណេះសំណាលជាមួយ វិនិយោគិនវៀតណាមនៅកម្ពុជា នៅមុនបុណ្យចូលឆ្នាំថ្មីចិន-វៀតណាម ជារៀងរាល់ឆ្នាំ ដើម្បីអាចនិយាយគ្នាទាក់ទិននឹងបញ្ហានៃការរកស៉ីជាមួយគ្នាផង ហើយឆ្លៀតឱកាសជូនពរអ្នកវិនិយោគផង។

ក្រោយបញ្ចប់សន្និសីទកម្ពុជា-វៀតណាម ស្ដីពីការជំរុញវិនិយោគ និងពាណិជ្ជកម្ម នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ លោក ង្វៀន ហ៊្វួជុង ប្រធានរដ្ឋវៀតណាម។ ក្នុងជំនួបនោះសម្តេចបានប្រាប់ប្រមុខរដ្ឋវៀតណាមថា នឹងប្រឹងប្រែងបញ្ចប់ការងារបោះបង្គោលព្រំសីមារវាងប្រទេសកម្ពុជា និងប្រវៀតណាម ឱ្យបានចប់សព្វគ្រប់ក្នុងពេលសម្តេចនៅធ្វើជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

រហូតដល់ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ដែលជាថ្ងៃទីពីរនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាណូយ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី នៃកងទ័ពប្រជាជនវៀតណាម និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបលោក ហូ ជីមិញ ផងដែរ។

បន្ទាប់ពីនោះ សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ្វ៊ុក បានអញ្ជើញចូលរួមក្នុងសន្និសីទ ស្តីពីបញ្ហាព្រំដែន។ នាយករដ្ឋមន្រ្តីទាំងពីរ បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរ ដែលសម្រេចបានចំនួន ៨៤ភាគរយ ដែលក្នុងនោះមាន (១)៖ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និង (២)៖ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្រោយពិធីចុះហត្ថលេខានោះ នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់អាជ្ញាធរ និងពលរដ្ឋកម្ពុជា-វៀតណាម ថែរក្សាបង្គោលព្រំដែន និងប្រែក្លាយព្រំដែន ទៅជាតំបន់សន្តិភាព និងអភិវឌ្ឍជានិច្ចនិរន្តន៍ ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងប្រទេសយើងទាំងពីរតរៀងទៅ។

 

សម្តេចតេជោ ហ៊ុន សែន សម្តែងការរីករាយ និងពេញចិត្តជាខ្លាំងចំពោះលទ្ធផលបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ដែលសម្រេចបានប្រមាណ៨៤ភាគរយ ហើយឈានទៅចុះហត្ថលេខាទទួលស្គាល់នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកលទ្ធផលនេះជារឿងមោទនភាពមួយសម្រាប់កម្ពុជា និងវៀតណាម ដែលបានប្រឹងប្រែងទម្លុះនូវការលំបាកទាំងឡាយ រហូតសម្រេចបានលទ្ធផលតាមការចង់បាន ហើយស្ទើរតែបញ្ចប់ទាំងស្រុងលើការងារព្រំដែនគោករវាងប្រទេសទាំងពីរ។

នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានចូលជួបជាមួយលោកស្រី ង្វៀន ធី គីមងិន ប្រធានសភាវៀតណាម។ ក្នុងជំនួបនោះ លោកស្រីប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អ្វីដែលប្រទេសវៀតណាមចង់បាន គឺចង់បន្ដឲ្យមានការពង្រឹង ពង្រីកទំនាក់ទំនងទ្វេភាគី ហើយផ្អែកទៅលើការជួយគ្នាទៅវិញទៅមក ក្នុងនាមប្រទេសភូមិផងរបងតែមួយ។

នៅមុនពេលបញ្ចប់ទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នៅប្រទេសវៀតណាម, ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក៏បានបង្ហាញសេចក្តីថ្លែងការណ៍រួម២២ចំណុច រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ ០៥ ខែតុលា ឆ្នាំ២០១៩។

ក្នុងសេចក្តីថ្លែងការណ៍បានកត់សម្គាល់នូវចំណុចសំខាន់ៗជាច្រើន ក្នុងនោះក៏បានបង្ហាញដែរថា ភាគីទាំងពីរ បានបញ្ជាក់រួមគ្នាថា ភាពតានតឹងនាពេលថ្មីៗនេះ ត្រូវតែដោះស្រាយឲ្យបានឆាប់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២។ ភាគីទាំងពីរបានលើកជាថ្មីអំពីជំហររបស់អាស៊ាន ស្តីពីបញ្ហាសមុទ្រចិនខាងត្បូង ដូចមាននៅក្នុងសេចក្តីប្រកាសរួមថ្មីៗនេះ ជាពិសេសសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥២។

ក្រោយពេលបំពេញបេសកកម្មជោគជ័យសព្វគ្រប់ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មកដល់ប្រទេសកម្ពុជាវិញ នៅវេលាម៉ោង៦ល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩៕