(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវេលាម៉ោង៦ល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចពីរថ្ងៃនៅប្រទេសវៀតណាម ប្រកបដោយលទ្ធផលផ្លែផ្កាខ្ពស់។
សម្តេចតេជោ ហ៊ុន សែន តបតាមការអញ្ជើញរបស់លោក ង្វៀន សួនហ្វុ៊ក នាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃទី០៤ ខែតុលា ម្សិលមិញនេះ បានដឹកនាំគណៈប្រតិភូដែលជាមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបំពេញទស្សនកិច្ចនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ ដំណើរអញ្ជើញបំពេញទស្សនកិច្ចរបស់សម្តេចតេជោ នៅប្រទេសវៀតណាម ទទួលបានការបដិសណ្ឋារកិច្ចយ៉ាងអធិកអធម និងកក់ក្តៅជាទីបំផុតពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាម និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមមួយចំនួនទៀត។
ក្នុងដំណើបំពេញទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុ៊ក, អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម និងជាប្រមុខរដ្ឋវៀតណាម លោក ង្វៀន ហ្វុ៊ជុង និងប្រធានរដ្ឋសភាវៀតណាម លោកស្រី ង្វៀន ធី គីមងិន។
នៅក្នុងជំនួបទាំងនេះ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំវៀតណាម សុទ្ធតែបានកត់សម្គាល់ពីការវិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងនៃប្រទេសទាំងពីរ។ ក្នុងបរិយាកាសមិត្តភាពការយោគយល់គ្នា និងការទុកចិត្តគ្នាទៅវិញទៅមក ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ព្រមទាំងសម្រេចបានជំហររួមគ្នាយ៉ាងសំខាន់ ចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម និងការសម្របសម្រួលរវាងប្រទេសទាំងពីរ នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។
តាមរយៈនៃជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំវៀតណាម បានកត់សម្គាល់ដោយពេញចិត្តចំពោះសមិទ្ធផលសេដ្ឋកិច្ច និងសង្គម គួរឲ្យកត់
សម្គាល់ដែលកម្ពុជា និងវៀតណាម សម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសទាំងពីរបានរក្សានូវស្ថិរភាពនយោបាយ និងសន្តិសុខ បានបង្កើនការរីកចម្រើនសេដ្ឋកិច្ចរបស់ខ្លួន និងបានធ្វើឲ្យប្រសើរនូវជីវភាពរស់នៅរបស់ប្រជាជន ដែលរួមចំណែកដល់ការបន្តពង្រឹងតួនាទី និងជំហររបស់ខ្លួន នៅក្នុងតំបន់ និងនៅលើពិភពលោក។ ក្នុងសា្មរតីនេះ ភាគីទាំងពីរបានឯកភាពរក្សាការគាំទ្រ និងជួយគ្នាទៅវិញទៅមក និងបន្តផ្លាស់ប្តូរឧត្តមម្មានុវត្តន៍ សម្រាប់ការគ្រប់គ្រង
ម៉ាក្រូសេដ្ឋកិច្ច និងសមាហរណកម្មអន្តរជាតិ ក្នុងបរិបទពិភពលោកថ្មី។
សម្តេចតេជោ និងថ្នាក់ដឹកនាំវៀតណាម បានឯកភាពធ្វើឲ្យទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅថែមទៀត តាមរយៈការបង្កើនការផ្លាស់ប្តូរទស្សនកិច្ច និងទំនាក់ទំនងកំរិតខ្ពស់ រក្សានូវយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាព និងជំនួយដែលមានសារៈសំខាន់រវាងក្រសួង/ស្ថាប័នពាក់ព័ន្ធ និងខេត្តនៃប្រទេសទាំងពីរ ក៏ដូចជាបន្តរៀបចំព្រឹត្តិការណ៍អបអរសាទរផ្សេងៗរួមគ្នា។
សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម បានឯកភាពគ្នាចុះហត្ថលេខាលើពិធីសារសំខាន់ៗចំនួន៨រួមមាន៖
១៖ កិច្ចព្រមព្រៀងផ្តល់ជំនួយលើគម្រោងសាងសង់អគាររដ្ឋបាលថ្មីសម្រាប់រដ្ឋសភាកម្ពុជា។
២៖ កិច្ចព្រមព្រៀងផ្តល់ជំនួយសម្រាប់ការសាងសង់សមាសធាតុមួយចំនួននៃមជ្ឈមណ្ឌលជាតិផ្តល់សេវាកម្មព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ដល់អ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុនៃប្រទេសកម្ពុជា។
៣៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនិងការជួយគ្នាទៅវិញទៅមកលើការងារគយ។
៤៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម។
៥៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មនៅតាម
ព្រំដែន។
៦៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីវឌ្ឍនភាពលើការសាងសង់ និងផែនការប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា (នៅខេត្តត្បូងឃ្មុំ)។
៧៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការលើវិស័យថាមពលអគ្គិសនី។
៨៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ។
មុននឹងបញ្ចប់ដំណើរទស្សនកិច្ចនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ្វ៊ុក បានអញ្ជើញជាសហប្រធានក្នុងសន្និសីទស្តីពីការពិនិត្យឡើងវិញលើការងារខណ្ឌសីមាព្រំដែនកម្ពុជា-វៀតណាម តាំងពីឆ្នាំ២០០៦ និងពិធីចុះហត្ថលេខាលើឯកសារច្បាប់ចំនួន០២ ទាក់ទងនឹងបញ្ហាព្រំដែន រួមមាន៖ (១) សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និង (២) ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ្វុ៊ក បានយកចិត្តទុកដាក់ជាពិសេសចំពោះការចុះហត្ថលេខានៃឯកសារច្បាប់ទាំងពីរ ដែលទទួលស្គាល់ពីវឌ្ឍនភាពនៃការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក ដែលសម្រេចបានមកដល់បច្ចុប្បន្នប្រមាណ៨៤% និងបានបញ្ជាក់ជាថ្មីថា សកម្មភាពនេះបានរំលឹកនូវ
ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តក្នុងដំណើរការដោះស្រាយបញ្ហាព្រំដែនគោករវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពផងដែរក្នុងការបញ្ចប់នូវការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន លើកំណាត់ព្រំដែនដែលនៅសេសសល់ នាពេលអនាគតឆាប់ៗនេះ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយជាខ្លាំងចំពោះសមិទ្ធផលសម្រេចបានលើការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ។ ដោយសម្តេចចាត់ទុកសមិទ្ធផលនេះ ជាសមិទ្ធផលមួយនៅក្នុងប្រវត្តិសាស្ត្រនៃកិច្ចការព្រំដែនរវាងកម្ពុជា និងវៀតណាម ហើយក៏ជាសមិទ្ធផលឈានទៅបិទបញ្ចប់បញ្ហានៃប្រជាជាតិទាំងលើការងារព្រំដែននេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាលោក ង្វៀន សួនហ្វុ៊ក សុទ្ធតែបានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋរួមគ្នាថែរក្សាបង្គោលព្រំដែនដែលបានបោះរួចរាល់ ហើយត្រូវរួមគ្នាកសាងព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីនាំមកនូវការអភិវឌ្ឍសម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។
សូមបញ្ជាក់ដែរថា ក្នុងដំណើរបំពេញទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ្វុ៊ក បានអញ្ជើញជាអធិបតីនៅក្នុងសន្និសីទកម្ពុជា-វៀតណាម ស្តីពីការជំរុញវិនិយោគ និងពាណិជ្ជកម្ម។ នៅក្នុងវេទិកានេះ សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញពីការវិវឌ្ឍន៍យ៉ាងល្អប្រសើរលើការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
សម្តេចតេជោ បានលើកបង្ហាញថា កាលពីឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងវៀតណាម សម្រេចបានជាង ៤,៧ពាន់លានដុល្លារអាមេរិក គឺកើនឡើងប្រមាណ ២៤% ធៀបនឹងឆ្នាំ២០១៧។ ដោយឡែក ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ សម្រេចបាន ២,៧២ពាន់លានដុល្លារអាមេរិក ជាមួយការរំពឹងសម្រេចបានជាង ៥ពាន់លានដុល្លារអាមេរិកនៅដំណាច់ឆ្នាំនេះ។
សម្រាប់វិស័យវិនិយោគវិញ គិតចាប់ពីឆ្នាំ១៩៩៤ រហូតដល់ត្រឹមខែសីហា ឆ្នាំ២០១៩ កម្ពុជាបានអនុម័តគម្រោងវិនិយោគរបស់ក្រុមហ៊ុនវៀតណាមចំនួន ៨៤គម្រោង ក្នុងទុន
វិនិយោគសរុបចំនួនប្រមាណ ២,៥ពាន់លានដុល្លារអាមេរិក។
នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បន្តលើកទឹកចិត្ត និងអំពាវនាវឱ្យអ្នកវិនិយោគរបស់វៀតណាមមកបន្តដាក់ទុនរកស៊ីនៅកម្ពុជា។ ដើម្បីឱ្យមានការយល់ចិត្តគ្នាកាន់តែខ្លាំង ក៏ដូចជាស្រាយបញ្ហារបស់អ្នកវិនិយោគវៀតណាមនៅកម្ពុជា សម្តេចតេជោ បានណែនាំឱ្យមានការជួបប្រជុំគ្នាជាទៀងទាត់រវាងអ្នកវិនិយោគវៀតណាមនៅកម្ពុជា ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ បន្ថែមពីលើនោះ សម្តេចតេជោ ហ៊ុន សែន បានដាក់កម្មវិធីជួបពិសារអាហារជាមួយអ្នកវិនិយោគវៀតណាមនៅរាល់មុនពេលចូលឆ្នាំថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន ក៏បានគាំទ្រឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-វៀតណាម នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមនាពេលនេះ សម្តេចតេជោ និងគណៈប្រតិភូ បានអញ្ជើញដាក់ផ្កាគោរពវិញ្ញាណវីរយុទ្ធជនវៀតណាម ដែលបានពលីក្នុងចលនាតស៊ូរំដោះជាតិពីអាណានិគម ហើយក៏បានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ហូ ជីមីង ផងដែរ៕