(កំពង់ស្ពឺ)៖ លោកទេសរដ្ឋ មន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបរសេដ្ឋ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូនៅទូទាំងស្រុកបរសេដ្ឋក្នុងទិវាគ្រូបង្រៀន ៥តុលា ក្រោមប្រធានបទ «គុណភាពគ្រូជាមូលដ្ឋានគ្រឹះ នៃយុគសម័យឌីជីថល» នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងបរិវេណសាលាស្រុកបរសេដ្ឋ។
ពិធីនេះមានការចូលរួមពីអស់លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយស្រុកឃុំ អភិបាល អភិបាលរងស្រុក មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងអស់លោក លោកស្រីជា គ្រូបង្រៀនមកពីឃុំទាំង១៥នៃស្រុកបរសេដ្ឋចំនួនប្រមាណជាង២០០នាក់ផងដែរ។
បន្ទាប់ពីលោកប្រធានស្តីទីបក្សស្រុក ឡើងធ្វើរបាយការណ៍មក លោកទេសរដ្ឋមន្ត្រីបានថ្លែងថា យើងយកថ្ងៃ៥តុលាជាទិវារំឭកគុណគ្រូ។ យើងគោរពគ្រូ ហើយតែងតែរំឭកគុណគ្រូ។ នេះជាប្រពៃណី និងជាទម្លាប់កុំឱ្យកូន ចៅភ្លេចគុណគ្រូ។ ទេសរដ្ឋមន្ត្រីបានបន្តថា ក្នុងពេលភ្ជុំបិណ្ឌកន្លងទៅនេះ នៅភ្នំពេញស្ងាត់។ ទេសចរណ៍ផ្ទៃក្នុងប្រទេសរីកចម្រើន និងចេះនាំគ្នាទៅធ្វើបុណ្យ។ បើតាមការបកស្រាយរបស់សម្តេចតេជោ គឺមានចំណុច៤ : ១) សន្តិភាព ២) ហេដ្ឋារចនា សម្ព័ន្ធល្អ ៣) ប្រជាជនមានមធ្យោបាយធ្វើដំណើរ ៤) មានប្រាក់ចំណូលល្មមសមរម្យអាចដើរលេងបាន។ រឿងនេះគឺផ្ទុយពីការលើកឡើងរបស់ក្រុមប្រឆាំងដែលថា ប្រទេសកំពុងចលាចល រំលោភអំណាច និងជិះជាន់ប្រជាជន។
ទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា សម រង្ស៊ី មិនមានសមត្ថភាពដឹកនាំប្រទេសទេ។ សូម្បីតែក្នុងគណបក្សគាត់មិនអាចប្រមូលឱ្យចូលគ្នាតែមួយទេ។ គាត់ប្រកាសថាចូលស្រុកថ្ងៃ៩វិច្ឆិកា តែមិនមានការឯកភាពពីក្រុម កឹម សុខា ហើយជាមួយនេះ អ្នកទៅទទួល សម រង្ស៊ីត្រូវមានទោស។ ប៉ុន្តែយើងនឹងយកថ្ងៃ៩វិច្ឆិកា ជាថ្ងៃហូបអំបុក ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ។ ដូច្នេះ យើងកុំទៅជ្រួលជ្រើមជាមួយពួកម្រាមដៃ៩។
ទេសរដ្ឋមន្ត្រីបានស្នើលោកគ្រូអ្នកគ្រូឱ្យប្រុង ប្រយ័ត្នកុំជឿតាមការឃោសនាថាសម រង្ស៊ី ឡើងកាន់អំណាចនាំឱ្យរីកចម្រើន។ បច្ចុប្បន្ន ជម្រើសចំពោះអ្នកប្រឆាំងគឺ ១) គាំទ្រការផ្តួលរំលំរបបតាមសម រង្ស៊ី គឺគេចមិនរួចពីគុកទេ និង ២) ស្រឡាញ់ប្រជាធិបតេយ្យ ចូលរួមក្នុងការ បោះឆ្នោត។
នៅទីបញ្ចប់ លោកទេសរដ្ឋមន្ត្រីបានផ្តែផ្តាំលោកគ្រូ អ្នកគ្រូឱ្យណែនាំសិស្ស និងកូនចៅកុំឱ្យជឿតាមការឃោសនាបោកប្រាស់របស់ក្រុមប្រឆាំង និងឱ្យរក្សាបរិស្ថានអនាម័យនៅតាមភូមិឃុំ។
បន្ទាប់ពីបញ្ចប់ការប្រារព្ធពិធីគ្រូបង្រៀន ៥តុលាមក លោកទេសរដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រុមការងារចុះជួយស្រុកបរសេដ្ឋ។ ទេសរដ្ឋមន្ត្រីបានណែនាំក្រុមការងារ និងរដ្ឋបាលស្រុកឃុំឱ្យយកចិត្តទុកដាក់លើសកម្មភាពក្រុមប្រឆាំងឆ្ពោះទៅថ្ងៃ៩វិច្ឆិកា។ ពួកគេប្រុងចូលមក ដើម្បីធ្វើរដ្ឋប្រហារ។ សម រង្ស៊ីធ្វើបានឬមិនបានគឺអាស្រ័យដោយថ្នាក់ក្រោមជាតិ។
ក្រោយពីលោកប្រធានស្តីទីបក្សស្រុកធ្វើរបាយការណ៍ប្រចាំខែកញ្ញា និងមេឃុំឡើងរាយការណ៍អំពីស្ថានភាពនៅតាមឃុំមក លោក សត្យា វុធ បានណែនាំថាកុំឱ្យតម្លៃលើពួកឧទ្ទាម។ លោកបានស្នើបក្សស្រុកថា ពេលប្រជុំ សូមធ្វើរបាយការណ៍អំពីលទ្ធផល និងដាក់ទិសដៅការងារ។
មុននឹងបញ្ចប់កិច្ចប្រជុំ លោកទេសរដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារ និងអាជ្ញាធរស្រុកឃុំត្រៀមរៀបចំពិធីអបអរសាទរពិធីអកអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី៩វិច្ឆិកា។ ឯនៅតាមឃុំត្រូវបន្តរៀបចំទិវាគ្រូបង្រៀន ដើម្បីបន្តផ្សព្វផ្សាយទៅគ្រូបង្រៀន។ ជាមួយគ្នានេះ ត្រូវខំដោះស្រាយការងារបរិស្ថានតាមឃុំ នៅតាមសាលារៀន និងរោងចក្រ ហើយនៅពេលប្រជុំធ្វើកំណត់ ហេតុសង្ខេប និងធ្វើសេចក្តីសន្និដ្ឋានផងដែរ៕