(សៀមរាប)៖ ក្រុមការងារចម្រុះអន្តរក្រសួង នាថ្ងៃទី០៥ ខែតុលានេះ បានចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយនៅមុខបរិវេណប្រាសាទអង្គរវត្ត ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី០៧-១១ ខែតុលា ឆ្នាំ២០១៩ ខាងមុខ។

សកម្មភាពនេះមាបការចូលរួមពីលោក ង៉ាន់ ភិរុន អភិបាលរងខេត្តសៀមរាប លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងស្នងការដ្ឋាននគរបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធនានា។

ក្នុងនោះក្រុមការងារស្នើឱ្យផ្អាកការធ្វើចរាចរណ៍ ការចតយានយន្តគ្រប់ប្រភេទចូលក្នុងបរិវេណផ្នែកខាងលិច (ផ្លូវអក្សរ U) មុខប្រាសាទអង្គរវត្ត និងផ្អាកការលក់ដូរជាបណ្តោះអាសន្ន ចាប់ពីចំណុចស្នាក់ការនគរបាលបេតិកភណ្ឌ រហូតដល់កែងផ្លូវត្រពាំងសេះ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៨ ខែតុលា ឆ្នាំ២០១៩ ដើម្បីរៀបចំបរិស្ថាន សណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខ និងចរាចរណ៍ឱ្យបានស័ក្តសមជាព្រះរាជាណាចក្រអច្ឆរិយៈដ៏ល្បីល្បាញ។ ចំពោះការដើរទស្សនារបស់ភ្ញៀវទេសចរអាចប្រព្រឹត្តទៅបានជាធម្មតា។

ក្រុមការងារក៏បានគិតគូរផងដែរនូវផែនការសំខាន់នាពេលខាងមុខដ៏ខ្លី ក្នុងការរៀបចំបរិវេណមុខអង្គរវត្តទាំងមូល (ចំណត អ្នកលក់ដូរ) ឱ្យមានបរិស្ថានស្អាត និងរបៀបរៀបរយល្អ៕