(ភ្នំពេញ)៖ នៅក្នុងឱកាសដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទៅកាន់ប្រទេសវៀតណាម, ភាគីទាំងពីរ បានបញ្ជាក់រួមគ្នាថា ភាពតានតឹងនាពេលថ្មីៗនេះ ត្រូវតែដោះស្រាយឲ្យបានឆាប់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២។
សេចក្តីថ្លែងការណ៍រួមរបស់កម្ពុជា-វៀតណាម ដែលប្រកាសដោយក្រសួងការបរទេសកម្ពុជានៅល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ បានបញ្ជាក់ថា ភាគីទាំងពីរបានលើកជាថ្មីអំពីជំហររបស់អាស៊ាន ស្តីពីបញ្ហាសមុទ្រចិនខាងត្បូង ដូចមាននៅក្នុងសេចក្តីប្រកាសរួមថ្មីៗនេះ ជាពិសេសសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥២។
សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់បន្ថែមថា៖ «ភាគីទាំងពីរ បានលើកឡើងថា ភាពតានតឹងនាពេលថ្មីៗនេះ ត្រូវតែដោះស្រាយឲ្យបានឆាប់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២»។
ជម្លោះនៅសមុទ្រចិនខាងត្បូង រវាងរដ្ឋាភិបាលក្រុងប៉េកាំង និងប្រទេសចំនួន៤ រួមមាន ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម និងប្រទេសហ្វីលីពីន បានកើនឡើងបន្ទាប់ពីចិនបានចាក់ដីសាងសង់កោះសិប្បនិមិត្តមួយ នៅក្នុងសមុទ្រចិនខាងត្បូង។
ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម និងប្រទេសហ្វីលីពីន បានទាមទារផ្នែកនានានៃតំបន់ជាន់គ្នានៃដែនសមុទ្រដែលមានទំហំ៣លាន៥សែនគីឡូម៉ែត្រការ៉េជាមួយចិន។ ចិនបានទាមទារសមុទ្រនោះប្រហែល៩០ភាគរយជារបស់ខ្លួន។ ទោះជាយ៉ាងនេះក្តីបញ្ហាសមុទ្រចិនខាងត្បូង ហាក់ដូចជាស្ងប់ស្ងាត់មួយរយៈកន្លងមកនេះ៕