(កណ្ដាល)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី សមាជិកគណ:អចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា, អនុប្រធានទី២ រដ្ឋសភា, អនុប្រធានទី១ គណ:អចិន្ត្រៃយ៍ ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកលើកដែក បានដឹកនាំមន្ដ្រីក្រុមការងារ អញ្ជើញចូលរួមពិធីក្រុងពាលី សម្ពោធមហាកុដិ និងសមិទ្ឋិផលនានា ព្រមទាំងពិធីពុទ្ឋាអភិសេកព្រះអង្គ ២២៥០០អង្គ នៅវត្តគីរីរតនារាម ហៅវត្តកំពង់ក្នុង ស្ថិតក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
ពិធីនេះ បានប្រារព្ធធ្វើឡើងនៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ បែបព្រះពុទ្ធសាសនា យ៉ាងអធិអធម ពីពុទ្ធបរិស័ទឆ្ងាយជិតចំណុះជើងវត្ដ។ ទិដ្ឋភាពទាំងអស់នេះ បានបង្ហាញឲ្យឃើញយ៉ាងប្រត្យក្សពីភាពសុខសាន្ត ជីវភាពសម្បូរណ៌សប្បាយ មានសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងសុខដុមរមនាក្នុងសង្គមជាតិខ្មែរទាំងមូល ទាំងអស់នេះគឺដោយ សារម្លប់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិយើង ស្ថិតក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
ក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានស្នើសុំឲ្យបងប្អូនពុទ្ធបរិស័ទគ្រប់រូប ជួយថែរក្សាឲ្យបានគង់វង្សមាំមួនល្អ នូវសមិទ្ធផលទាំងអាណាចក្រ និងពុទ្ធចក្រផងដែរ៕