(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា បានថ្លែងបញ្ជាក់ថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នាឆ្នាំក្រោយនេះ សមាគមនៃគ្រូពេទ្យអាស៊ានទាំងអស់ បានបោះឆ្នោតជាឯកច្ឆ័នឲ្យប្រទេសកម្ពុជា រៀបចំឡើងនូវសន្និសីទអន្តរជាតិស្តីពី «ជំងឺបេះដូង» ដែលនឹងប្រព្រឹត្តនៅទីក្រុងសៀមរាប។
កាថ្លែងបញ្ជាក់របស់ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជារូបនេះ ធ្វើឡើងនៅក្នុងសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៦ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា ដោយមានការចូលរួមពីលោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងបណ្តាក្រុមគ្រូពេទ្យជំនាញៗនៅកម្ពុជាផងដែរ។
លោកសាស្ត្រាចារ្យ សុខ ជួរ បានបញ្ជាក់យ៉ាងដូច្នោះថា «នៅក្នុងឆ្នាំ២០១៩នេះ ជាកិត្តិយសរបស់កម្ពុជា ដែលសមាគមគ្រូពេទ្យបេះដូងកម្ពុជាទទួលបានពានរង្វាន់ពីសមាគមគ្រូពេទ្យបេះដូងអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី។ មួយវិញទៀតនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នាឆ្នាំក្រោយនេះ សមាគមនៃគ្រូពេទ្យអាស៊ានទាំងអស់បានបោះឆ្នោត ជាឯកច្ឆ័នឲ្យប្រទេសកម្ពុជា រៀបចំឡើងនូវសន្និសីទអន្តរជាតិស្តីពីជំងឺបេះដូង ដែលនឹងប្រព្រឹត្តនៅទីក្រុងសៀមរាប»។
ជាមួយគ្នានោះដែរ លោកសាស្ត្រាចារ្យ សុខ ជួរ ក៏បានពន្យល់ថា ក្នុងរយៈពេល១ឆ្នាំម្តង សមាគមគ្រូពេទ្យបេះដូងកម្ពុជា តែងតែប្រារព្ធសន្និសីទមួយនេះ ក្នុងគោលបំណងគឺដើម្បីចែករំលែកចំណេះដឹង និងការអភិវឌ្ឍន៍ថ្មីៗ នៃវិស័យវេជ្ជសាស្ត្រដែលទាក់ទងទៅនឹងជំងឺបេះដូងដល់សិក្ខាកាម ដែលមកចូលរួមនឹងសន្និសីទនេះ និងម្យ៉ាងទៀតគឺឲ្យពួកគាត់បានធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងគ្នានិងគ្នា ដើម្បីឈានទៅរកការពង្រឹងសមត្ថភាព របស់គ្រូពេទ្យបេះដូងនៅប្រទេសកម្ពុជាយើង ម្យ៉ាងវិញទៀត គោលបំណងជារួមដើម្បីធ្វើយ៉ាងណាដើម្បីព្យាបាលដល់អ្នកជំងឺមានប្រសិទ្ធភាពខ្ពស់។
នាឱកាសនោះលោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងថាយ៉ាងដូច្នោះថា «សមាគមគ្រូពេទ្យបេះដូងកម្ពុជា កំពុងតែធ្វើការអភិវឌ្ឍន៍ខ្លួនទៅមុខ ហើយកំពុងតែធ្វើឲ្យខ្លួនមានសមត្ថភាពនៅត្រង់ថា ការងារដែលពាក់ព័ន្ធទៅនឹងកិច្ចថែទាំជំងឺបេះដូង ហើយយើងក៏បានមើលឃើញជាក់ស្តែងថា នៅមជ្ឈមណ្ឌលថែទាំបេះដូងមន្ទីរពេទ្យកាល់ម៉ែត គឺកំពុងតែមាំទាំ ទាំងសមត្ថភាពរបស់ក្រុមគ្រូពេទ្យ និងសម្ភារបច្ចេកទេសគឺមានការបំពាក់បានច្រើន និងល្អៗគ្រប់គ្រាន់ ក្នុងការពិនិត្យនិងព្យាបាលដល់អ្នកជំងឺ»។
ជាមួយគ្នានេះដែរ លោករដ្ឋលេខារូបនេះក៏បានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមគ្រូពេទ្យបេះដូងកម្ពុជា ជាមួយនឹងការទទួលបានរង្វាន់ពីមជ្ឈដ្ឋានអន្តរជាតិ ដែលទាំងនេះគឺជារឿងសំខាន់ ហើយក៏ជាមោទនភាពរបស់បណ្តាក្រុមគ្រូពេទ្យ ដែលមានចូលរួមក្នុងសមាគមបេះដូងកម្ពុជានេះផង៕