(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និង «គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍ វិស័យទេសចរណ៍នៅខេត្តសៀមរាប» នៅថ្ងៃទី០៤-០៥ ខែតុលា ឆ្នាំ២០១៩នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពី «គម្រោងរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប» នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប។
សិក្ខាសាលានេះ ធ្វើឡើងក្រោមប្រធានបទ៖ យុទ្ធសាស្ត្រទាក់ទាញទេសចរ តាមរយៈការបត់បែនតាមទីផ្សារទេសចរណ៍ ក្រោមអធិបតីភាព លោកបណ្ឌិត ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួង និង លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប។
សិក្ខាសាលាពិគ្រោះយោបល់លើកទី២នេះ បានពិភាក្សាគ្នាទៅលើប្រធានបទចំនួន២៖ ប្រធានបទី១៖ ផ្តោតលើការរៀបចំយន្តការជាចាំបាច់សម្រាប់ការបទបែនតាមទីផ្សារទេសចរណ៍សំខាន់ៗ និងប្រធានបទទី២៖ ផ្តោតទៅលើការកំណត់ Zoning ក្នុងខេត្តសៀមរាប។ ជាលទ្ធផលពិភាក្សារយៈពេល ២ថ្ងៃនេះ សបញ្ជាក់ឱ្យឃើញពីភាពប្រទាក់ក្រឡាដែលតម្រូវឲ្យមានការ «រួមគិត រួមអនុវត្ត និងរួមទទួលខុសត្រូវ» ពីគ្រប់ភាគីពាក់ព័ន្ធ។
ដើម្បីឲ្យគម្រោងសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាបប្រព្រឹត្តិទៅប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព ថ្លែងនៅក្នុងឱកាសបិទសិក្ខាសាលាពិគ្រោះយោបល់លើកទី២នេះ លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកយកអនុសាសន៍៨ចំណុច ដូចខាងក្រោម៖
ទី១៖ ប្រកាន់ខ្ជាប់នូវគោលគំនិតនៃការអភិវឌ្ឍទេសចរណ៍នៅខេត្តសៀមរាប ជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ។
ទី២៖ ការអភិវឌ្ឍទេសចរណ៍ដោយផ្តោតសំខាន់លើគុណភាព និងប្រើយុទ្ធសាស្រ្តទាក់ទាញភ្ញៀវក្រុមតូចៗ ភ្ញៀវមកដោយខ្លួនឯង ដែលភ្ញៀវទាំងនោះចំណាយថវិកាច្រើននៅនឹងកន្លែង ហើយបញ្ជា្របចំណូលទៅដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មបានយ៉ាងច្រើន។
ទី៣៖ បង្កើតភាពប្រកួតប្រជែងដោយមានការបត់បែនតាមទីផ្សារទេសចរណ៍ ពិភពលោក ដាក់ឲ្យមានភាពបត់បែននៃតម្លៃសណ្ឋាគារ និងសេវាផ្សេងនានាតាមរដូវកាលទេសចរណ៍ High season, Low season, និងជំរុញឲ្យមានការសិក្សាពីលទ្ធភាពនៃការដាក់ឲ្យមានភាពបត់បែននៃតម្លៃចូលទស្សនាប្រាសាទអង្គរផងដែរទៅតាមប្រភេទភ្ញៀវ (ភ្ញៀវបែបគ្រួសារ ភ្ញៀវម្នាក់ឯង ភ្ញៀវជាក្រុម ភ្ញៀវទេសចរវ័យចំណាស់…)
ទី៤៖ ជំរុញឲ្យមានការពង្រឹងផលិតដែលមានស្រាប់ ជាពិសេសបឹងទន្លេសាប ភ្នំគូលែន ទីក្រុងសៀមរាបឲ្យតែមានភាពទាក់ទាញ និងសម្បូរបែប។
ទី៥៖ ការភ្ជាប់ផលិតផលទេសចរណ៍ជាលក្ខណៈកញ្ចប់គឺ Siem Reap Pass៖យុទ្ធសាស្រ្តនេះមានប្រយោជន៍យ៉ាងខ្លាំងក្នុងការបង្វែរលំហូរទេសចរទៅកាន់តំបន់ទេសចរណ៍ផ្សេងទៀតនៅក្នុងខេត្តសៀមរាប លើសពីប្រាសាទអង្គរវត្ត។
ទី៦៖ ពង្រឹងគុណភាពសេវាកម្មទេសចរណ៍តាមរយៈការជម្រុញការផ្តល់ចំណាត់ថ្នាក់ ដើម្បីរៀបចំយន្តការចូលរួមរបស់វិស័យឯកជនឱ្យកាន់តែសកម្មក្នុងការអភិវឌ្ឍទេសចរណ៍
ទី៧៖ ការអភិវឌ្ឍផលិតផលទេសចរណ៍ទទួលបានជោគជ័យ ចាំបាច់ត្រូវមាន ការផ្សព្វផ្សាយមួយដែលមានប្រសិទ្ធភាព ឲ្យចំគោលដៅ ដូចជាប្រព័ន្ធនៃការផ្សព្វផ្សាយ WECHAT MAFENWO និង QYER ទៅកាន់ភ្ញៀវចិន ចំណែកឯភ្ញៀវផ្សេងទៀតប្រើប្រព័ន្ធផ្សេងទៀតដែលភ្ញៀវចូលចិត្ត និងនិយមប្រើ។
ទី៨៖ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងរាល់ការអភិវឌ្ឍផលិតផលទេសចរណ៍ ក៏ដូចជានៅក្នុងសេវាកម្មសម្រាប់ភ្ញៀវទេសចរ ដូចជាការជំរុញការបង្កើត App នានា ដែលផ្តល់ភាពងាយស្រួលដល់ការរៀបចំការទស្សនា ឬការទស្សនា របស់ភ្ញៀវ៕