(កំពង់ចាម)៖ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងសហការី បានឆ្លៀតយកពេលឈប់សម្រាក ចុងសប្តាហ៍ អញ្ជើញចុះមកមូលដ្ឋាន ដើម្បីធ្វើការសាកសួរសុខទុក្ខ តាមដានការអនុវត្តកម្មវិធីគោនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
ជាក់ស្តែង នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ លោក វេង សាខុន បានអញ្ជើញជាអធិបតិក្នុងវេទិកាសាធារណៈ ដែលបានរៀបចំធ្វើនៅក្នុងបរិវេណ វត្តមុសិខារាម (ផ្តៅជុំ) ក្នុងភូមិផ្តៅ ឃុំផ្តៅជុំ ស្រុកជើងព្រៃ។
វេទិកានេះ ក៏មានការចូលរួមផងដែរ ពីសំណាក់លោកប្រធាន អនុប្រធានក្រុមការងារ អភិបាលស្រុក សមាជិកក្រុម ប្រឹក្សាស្រុក ប្រធាន-អនុប្រធានការិយាល័យជុំវិញស្រុក និងបងប្អូនប្រជាពលរដ្ឋ ប្រមាណ៤០០នាក់ ដែលបានអញ្ជើញមកពីភូមិផ្តៅជុំលិច ផ្តៅជុំកើត ចាំនាង និងភូមិឈើទាល។
លោក នង សៀកម៉េង មេឃុំផ្តៅជុំ និងលោក អូត ឈាងលី អភិបាលស្រុក បានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេប អំពីស្ថានភាពភូមិសាស្រ្ត រដ្ឋបាល ប្រជាជន ការអប់រំ សុខាភិបាល សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម ធម្មការ និងសាសនា សេវាសាធារណៈ ការងារបង្កបង្កើនផល បញ្ហាជីវភាព លទ្ធផលនៃការអភិវឌ្ឍមូលដ្ឋាន និងជាពិសេសលទ្ធផល នៃការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
លោក វេង សាខុន ក្នុងនាមថ្នាក់ដឹកនាំក្រុមការងារ ចុះជួយស្រុកជើងព្រៃ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ដែលសម្តេចតែងតែគិតគូពីសុខទុក្ខ បញ្ហាជីវភាពរបស់បងប្អូនគ្រប់ពេលវេលា
លោកថា បើទោះបីសម្តេច មិនបានអញ្ជើញមកជួបសំណេះសំណាល ជាមួយបងប្អូនដោយផ្ទាល់ ប៉ុន្តែទឹកចិត្តគោរព ស្រឡាញ់ និងបេះដូងរបស់សម្តេច គឺស្ថិតនៅជាប់បងប្អូនគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ហើយសម្តេចទាំង៤ បានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋយើង ជួបតែពុទ្ធពរទាំង៤ ប្រការគ្រប់ៗគ្នា។
ក្នុងពិធីសំណេះសំណាល លោកបានជម្រាបជូនបងប្អូន អំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ជាបន្តបន្ទាប់ដោយចាប់ផ្តើមតាំងពីក្រោយថ្ងៃរំដោះ ៧មករា ដែលប្រទេសជាតិយើង ត្រូវបានស្តារឡើងវិញជាបន្តបន្ទាប់ ដោយផ្តើមចេញពីការសេសសល់នៃការបំផ្លាញ ស្ទើរតែទាំងស្រុងដោយសារសង្គ្រាមស៊ីវិលរាំរ៉ៃ ក្រីក្រ អសន្តិសុខស្បៀង អស្ថិរភាពសង្គម -ល-។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណ ជាពិសេសគឺគោលនយោបាយឈ្នះ-ឈ្នះ បានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព ស្ថិរភាពពេញទូទាំងផ្ទៃប្រទេស និងឈានទៅធ្វើការអភិវឌ្ឍជាបណ្តើរៗ ហើយទទួលបានកំណើនសេដ្ឋកិច្ចល្អប្រសើរ ស្របជាមួយនឹងកំណើនប្រជាជន និងសេចក្តីត្រូវការចាំបាច់ នៃហេដ្ឋារចនាគាំទ្រសំខាន់ៗ។
ទន្ទឹមនឹងនេះ ក្នុងការបន្តអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ និងប្រសិទ្ធភាព តម្រូវឲ្យក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងថ្នាក់មូលដ្ឋានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ និងក្របខណ្ឌកំណែទម្រង់គ្រប់វិស័យ ឲ្យគ្រប់ជ្រុងជ្រោយ មុតស្រួត ស្រុះដៃគ្នា និងមានប្រសិទ្ធភាព ដើម្បីធ្វើដំណើរទៅកាន់ប្រទេសមួយ មានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នាឆ្នាំ២០៥០ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
ដូច្នេះ ដើម្បីឈានទៅសម្រេចបានមហិច្ឆតានេះ លោកប្រធាន បានផ្តាំផ្ញើសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុក ឃុំ និងភូមិ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ មេត្តាបន្តរក្សានូវភាពអត់ធ្មត់ កុំជឿ ស្តាប់ពាក្យមួលបង្កាច់ បំភ្លៃការពិត លាបពណ៌ ឈានទៅបង្កអស្ថិរភាព ការបះបោរ និងអំពើហិង្សាកើតឡើង ក្នុងសង្គមឲ្យសោះ។
លោកថា យើងត្រូវមានភាពជឿជាក់ និងក្តីសង្ឃឹមលើការដឹកនាំ របស់រាជរដ្ឋាភិបាលប្រកប ដោយឆន្ទៈមុតមាំដោយតម្កល់ឧត្តមគតិស្នេហាជាតិ និងប្រជាជនជាធំ ថានឹងដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ វិបុលភាព សុភមង្គល និងការអភិវឌ្ឍ។
ក្នុងពិធីសំណេះសំណាលនេះ បងប្អូនប្រជាពលរដ្ឋបានចោទសួរ សំណូមពរ និងសំណើដូចជាស្តារប្រឡាយ និងជួសជុលកែលម្អផ្លូវលំ សំលៀកបំពាក់ប្រជាការពារ និងការកសាងទីសេនាសេណាក់វត្តផ្តៅជុំផងដែរ។ ដើម្បីជួយចែករំលែក និងដោះស្រាយសំណើ លោកប្រធាន និងសហការី ក៏បានសម្រេចបានជួយឧបត្ថម្ភ ជាថវិកាតាមសំណើខាងលើ៕