(កែប)៖ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បន្ដចូលរួម និងចែករំលែកចំណេះដឹង ចំណេះជំនាញ, បទពិសោធន៍ទាក់ទិននឹង ការវិនិយោគលើឧបករណ៍និស្សន្ទ

របស់ខ្លួននៅខេត្តកែប។ នេះជាគោលដៅទី៣នៃសិក្ខាសាលាតាមបណ្ដាខេត្ត ឆ្នាំ២០១៩ ដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុនសមភាគីកណ្តាល ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង។

ការចែករំលែកចំណេះដឹង ចំណេះជំនាញ និងបទពិសោធន៍ទាក់ទិននឹង ការវិនិយោគលើឧបករណ៍និស្សន្ទ ធ្វើឡើងក្រោមប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?» សិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ផ្ដោតជាចម្បងទៅលើការផ្សព្វផ្សាយ និងពង្រីកការយល់ដឹងអំពីការវិនិយោគ លើឧបករណ៍និស្សន្ទនៅទូទាំងប្រទេសកម្ពុជា បង្កើនទំនុកចិត្តរបស់វិនិយោគិន និងសម្របសម្រួលឱ្យពួកគាត់ត្រៀមខ្លួនរួចរាល់ សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ដែលជាផលិតផលហិរញ្ញវត្ថុដ៏ពេញនិយមមួយ។

លោក ជា បុល្លិកា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រនៃ គណៈកម្មការមូលបត្រកម្ពុជា បានប្រកាសបើកកម្មវិធីសិក្ខាសាលា តាមបណ្ដាខេត្តឆ្នាំ២០១៩នៅខេត្តកែបនេះ។

លោក បុល្លិកា បានបញ្ជាក់ពីបេសកកម្ម របស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការពង្រឹងបទបញ្ញត្តិ សម្រាប់ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនចំណេះដឹង ត្រៀមខ្លួនរួចរាល់ក៏ដូចជា ជ្រើសរើសក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណពី គណៈកម្មការមូលបត្រកម្ពុជា ដើម្បីបញ្ចៀសហានិភ័យ។

លោក ចេង តារាវុធ ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានសម្តែងភាពសប្បាយរីករាយ ក្នុងការចូលរួមក្នុងសិក្ខាសាលា តាមបណ្ដាខេត្តក្នុងឆ្នាំ២០១៩ ជាមួយគណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង។

លោក ចេង តារាវុធ ក៏បានធ្វើបទបង្ហាញស្តីពី «យុទ្ធសាស្រ្តក្នុងការជួញដូរឧបករណ៍និស្សន្ទ» ដែលផ្តោតទៅលើចំណេះដឹង ពីការជួញដូរផលិតផលឧបករណ៍និស្សន្ទការទប់ស្កាត់ និងការកាត់បន្ថយហានិភ័យពី ការវិនិយោគ និងយុទ្ធសាស្រ្តល្អៗ ដើម្បីទាញយកផលគាប់ប្រសើរពីការវិនិយោគ។

ចាប់តាំងពីមានវត្តមាននៃ សិក្ខាសាលាតាមបណ្ដាខេត្ត ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល តែងតែរួមចំណែកនៅគ្រប់គោលដៅទាំងអស់រួមមាន៖ ខេត្តព្រះសីហនុ, ខេត្តកំពង់ចាម, ខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តសៀមរាប, ខេត្តតាកែវ និងខេត្តកំពត។ ក្រុមហ៊ុន ក៏នឹងចូលរួមនៅគ្រប់គោលដៅផ្សេងទៀតក្នុងឆ្នាំ២០១៩នេះផងដែរ៕