(ភ្នំពេញ)៖ ថ្លែងក្នុងទិវាគ្រូបង្រៀននៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា បើទោះបីជាបច្ចេកវិទ្យា មានភាពរីកចម្រើនខ្លាំងយ៉ាងណាក៏ដោយ ក៏មិនទាន់អាចយកមកប្រើប្រាស់ ដើម្បីជំនួសគ្រូបង្រៀនបាននៅឡើយទេ។
សម្តេចក្រឡាហោម ស ខេង បានអះអាងបែបនេះ ក្នុងឱកាសសម្តេចតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជាអធិបតីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ក្រោមប្រធានបទ «គុណភាពគ្រូជាមូលដ្ឋានគ្រឹះ នៃយុគសម័យឌីជីថល» នៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្វីបើបច្ចេកវិទ្យាដើរលឿនយ៉ាងណាក៏ដោយ គ្រូបង្រៀននៅតែមានតួនាទីសំខាន់ ដែលបច្ចេកវិទ្យាមិនទាន់អាចជំនួសបាននៅឡើយ ជាពិសេសសមត្ថភាព និងវិជ្ជាជីវៈរបស់គ្រូបង្រៀន ក្នុងការគ្រប់គ្រងដំណើរការបង្រៀនក្នុងថ្នាក់ ការពន្យល់មេរៀន ការលើកឧទាហរណ៍ និងការគ្រប់គ្រងសណ្តាប់ធ្នាប់នៃការរៀនសូត្រ និងវិធីសាស្ត្របង្រៀនសម្រាប់សតវត្សទី២១នេះ ដែលផ្តោតលើការដោះស្រាយ ការធ្វើការងារជាក្រុម និងវិធីសាស្ត្រដទៃទៀត»។
សម្តេចបន្តថា «ជំនាញ និងបំណិនទាំងនេះ សុទ្ធតែត្រូវបានបង្ហាត់បង្ហាញ នៅក្នុងមុខវិជ្ជាចិត្តវិទ្យា និងគរុកោសល្យ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូទាំងអស់»។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគ្រូបង្រៀនទាំងអស់ទូទាំងប្រទេស ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី ដើម្បីបង្ហាត់បង្រៀនសិស្ស ឱ្យប្រកបដោយចំណេះដឹង សីលធម៌ ឥរិយាបថ និងកាយសម្បទារឹងមាំ សម្រាប់ជាធនធានក្នុងការអភិវឌ្ឍប្រទេស ឱ្យសម្បូររុងរឿងនាពេលអនាគត។ រាជរដ្ឋាភិបាល សូមផ្ញើសេចក្តីទុកចិត្ត និងសេចក្តីសង្ឈឹមយ៉ាងមុតមាំលើគ្រូបង្រៀនទាំងអស់ ក្នុងការជួយឱ្យកម្ពុជា ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
សម្តេចក្រឡាហោម ស ខេង ក៏បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូទាំងអស់ គរុសិស្ស គរុនិស្សិត ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនបន្ថែមទៀត ដើម្បីឱ្យដើរឱ្យទាន់ការវិវឌ្ឍនៃបច្ចេកវិទ្យា និងយកចំណេះដឹងថ្មីៗទាំងនេះ មកបង្ហាត់បង្រៀនសិស្សបន្ត៕