(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ បានស្នើឡើង ៤ចំណុច សម្រាប់ជាការពិចារណា និងមានវិធានការតាមដានជាក់ស្តែង សំដៅលើកកម្ពស់គុណភាពគ្រូបង្រៀន ដែលជាមូលដ្ឋានគ្រឹះ នៃយុគសម័យឌីជីថល។

ការស្នើឡើងរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសដែលសម្តេច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងឱកាសដែលក្រសួងអប់រំ យុវជន និងកីឡា រៀបចំទិវាគ្រូបង្រៀន ក្រោមប្រធានបទ «គុណភាពគ្រូជាមូលដ្ឋានគ្រឹះ នៃយុគសម័យឌីជីថល» នៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ចំណុចទាំង៤នោះ រួមមាន៖

*ទី១៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវជំរុញការអប់រំឌីជីថល ឱ្យទាន់សភាពការណ៍ជាតិ តំបន់ និងសកលលោក
*ទី២៖ ក្រសួងត្រូវរៀបចំប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ រួមទាំងវគ្គវិក្រឹតការតាមគ្រប់រូបភាព ដើម្បីលើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពរបស់គ្រូបង្រៀនគ្រប់កម្រិត ជាពិសេសការបង្រៀន និងរៀនតាមបែបបច្ចេកវិទ្យាទំនើប
*ទី៣៖ ក្រសួងត្រូវបន្តកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដល់សាលារៀន បន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់កុំព្យូរទ័រ បន្ទប់សាស្ត្រាចារ្យ តាមលទ្ធភាព និងស្ថានភាពជាក់ស្តែងរបស់សាលារៀន សម្រាប់បម្រើដល់ការរៀន និងបង្រៀនបែបថ្មី
*ទី៤៖ ក្រសួង និងអ្នកពាក់ព័ន្ធ ត្រូវបង្កលក្ខណៈងាយស្រួល ឱ្យលោកគ្រូ អ្នកគ្រូ មានឱកាសទទួលបានការអភិវឌ្ឍសមត្ថភាព។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បន្តថា៖ «ខ្ញុំសូមផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូទាំងអស់ គរុសិស្ស គរុនិស្សិត ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនបន្ថែមទៀត ដើម្បីឱ្យដើរឱ្យទាន់ការវិវឌ្ឍនៃបច្ចេកវិទ្យា និងយកចំណេះដឹងថ្មីៗទាំងនេះ មកបង្ហាត់បង្រៀនសិស្សបន្ត»

លើសពីនេះ សម្តេចក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះគ្រូបង្រៀនទាំងអស់ទូទាំងប្រទេស ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី ដើម្បីបង្ហាត់បង្រៀនសិស្ស ឱ្យប្រកបដោយចំណេះដឹង សីលធម៌ ឥរិយាបថ និងកាយសម្បទារឹងមាំ សម្រាប់ជាធនធានក្នុងការអភិវឌ្ឍប្រទេស ឱ្យសម្បូររុងរឿងនាពេលអនាគត។ រាជរដ្ឋាភិបាល សូមផ្ញើសេចក្តីទុកចិត្ត និងសេចក្តីសង្ឈឹមយ៉ាងមុតមាំលើគ្រូបង្រៀនទាំងអស់ ក្នុងការជួយឱ្យកម្ពុជា ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០៕