(កណ្ដាល)៖ លោក គីម រិទ្ធី អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល បានថ្លែងថា សម្រាប់បងប្អូនប្រជាពរដ្ឋ កងកម្លាំង សិស្សានុសិស្ស យុវជន ស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា និងកាយឫទ្ធីជាង ៣០០នាក់ ដែលបានចូលរួមបរិច្ចាគឈាម គឺជាសកម្មភាព និងជាគំរូល្អដល់ប្រជាពលរដ្ឋផ្សេងទៀត ដែលបានមកផ្តល់ឈាម ព្រោះថា សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លាបំផុត ជាបុណ្យ ដែលអាចជួយសង្គ្រោះជីវិតបានផងដែរ។

លោកបានថ្លែងបែបនេះ ក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្តកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ក្នុងបរិវេណវិទ្យាល័យជ័យវរ្ម័ន ទី៧ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយមានអ្នកជំងឺនៅតាមមន្ទីរពេទ្យនានា ត្រូវការឈាមប្រមាណជា ៣០០ ផ្លោកក្នុងមួយថ្ងៃៗ ហេតុនេះហើយទើបការបរិច្ចាគឈាម គឺជាកត្តាចាំបាច់បំផុតដែលមិនអាចមើលរំលងបាន។

លោក វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឲ្យដឹងថា «បច្ចុប្បន្ននេះមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានជួបការលំបាកយ៉ាងខ្លាំង ក្នុងការប្រមូលឈាមដោយសារតែអ្នកស្ម័គ្រចិត្តផ្ដល់ឈាមនៅមានតិចតួច បើយោងតាមស្ថិតិរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានបង្ហាញថាមានអ្នកស្ម័គ្រចិត្តផ្ដល់ឈាមតែ 25% ប៉ុណ្ណោះក្នុងប្រទេសកម្ពុជា»

លោកវេជ្ជបណ្ឌិតបានបញ្ចាក់ថា ឈាមគឺពិតជាមានសារៈសំខាន់ណាស់ពីព្រោះឈាមគឺមិនអាចផលិតបានទេ គឺមានតែយកចេញពីមនុស្សតែប៉ុណ្ណោះ ដូច្នេះបើកគ្មានអ្នកបរិច្ចាគឈាម គឺយើងគ្មានឈាមសម្រាប់ជួយសង្គ្រោះអ្នកជំងឺនោះឡើយ។

លោកបានបញ្ចាក់ទៀតថា ការបរិច្ចាគឈាមគឺ មិនមានបញ្ហាអ្វីឡើយដល់សុខភាព ផ្ទុយទៅវិញអ្នកដែលបានបរិច្ចាគឈាមនឹងទទួលបានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព គឺអាចជួយកាត់បន្ថយជំងឺដាច់សរសៃឈាម កាត់បន្ថយការស្ទះសរសៃឈាម កាត់បន្ថយការឡើងទម្ងន់ និងជាតិខ្លាញ់កាត់បន្ថយជំងឺបេះដូង។ ម្យ៉ាងទៀតការបរិច្ចាគឈាម គឺអាចឲ្យអ្នកដឹងពីស្ថានភាពសុខភាពបានដោយសារមុននិងធ្វើការបរិច្ចាគឈាមត្រូវឆ្លងកាត់វេជ្ជបណ្ឌិត
ធ្វើការត្រួតពិនិត្យសុខភាពគ្រប់លក្ខ័ណទើបអាចបរិច្ចាគបាន។

សូមបញ្ជាក់ថា ក្នុងយុទ្ធនាការផ្ដល់ឈាមដោយស្ម័គ្រចិត្តនោះដែល គឺបានទទទួលឈាមសរុបចំនួន ៧៥ផ្លោក ក្នុងនោះស្រី ២១ផ្លោក ហើយចំពោះការបរិច្ចាគឈាមគឺមនុស្សទូទៅអាចធ្វើការបរិច្ចាគបាន ដែលតម្រូវឲ្យមានអាយុចាប់ពី១៨ឆ្នាំឡើង មានទម្ងន់ចាប់ពី ៤៥គីឡូឡើងទៅ មានសម្ពាធឈាមធម្មតា មានគ្រាប់ឈាមក្រហមគ្រប់គ្រាន់ និងមានសុខភាពល្អ៕