(ពោធិ៍សាត់)៖ រន្ទះបាញ់ដ៏កម្រ និងហេតុការណ៍គួរឲ្យសង្វេគមួយ បានកើតឡើងទៅលើជនរងគ្រោះ ២នាក់ បណ្តាលស្លាប់យ៉ាងអណោចអធ័ម ខណៈកំពុងជ្រកភ្លៀងនៅក្រោមផ្ទះទុកចោល ដែលផ្ទះនោះធ្លាប់រន្ទះបាញ់ម្តងរួចមកហើយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃ៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចបឹងអង្គ ស្ថិតក្នុងភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
សេចក្ដីរាយការណ៍ជាបឋម ពីអាជ្ញាធរមានសមត្តកិច្ចបានឲ្យដឹងថា នៅម៉ោងកើត មានករណីរន្ទះបាញ់ ១លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន ២នាក់ រួមមាន៖
*ទី១៖ ឈ្មោះ អៀម វុធ អាយុ៤៨ឆ្នាំ រស់នៅភូមិតាដែស ឃុំសំរោង
*ទី២៖ ឈ្មោះ ច្រិញ ទូច (ញ៉ាញ់) អាយុ១៥ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំសំរោង។
សេចក្តីរាយការណ៍បន្តថា នៅគ្រាដែលមេឃធ្លាក់ភ្លៀង ១មេយ៉ាងធំ លាយឡំទៅដោយខ្យល់ព្យុះ កន្រ្តាក់ ផ្គរ រន្ទះបាញ់ ជនរងគ្រោះបានចូលទៅជ្រកក្រោមផ្ទះ ដែលគេទុកចោល (ផ្ទះនោះធ្លាប់ត្រូវរន្ទះបាញ់ម្តងរួចហើយ) បន្ទាប់មកក៏បន្តបាញ់ ស្លាប់យ៉ាងអណោចអធ័មនៅនឹងកន្លែងតែម្តង។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕