(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានបង្ហាញទឹកចិត្តចង់បបួលក្រុមអ្នករិះគន់លើសំណង់វិមានឈ្នះ-ឈ្នះ មកផឹកទឹកតែ នៅបរិវេណវិមាន ដើម្បីពន្យល់ពួកគាត់ឱ្យយល់ច្បាស់ពិអត្ថន័យដ៏ជ្រាលជ្រៅរបស់វិមាន កុំឱ្យមានការភាន់ច្រឡំបន្តទៀត។
ការបង្ហាញទឹកចិត្តដ៏ល្អរបស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានធ្វើឡើងតាមរយៈទំព័រ Facebook នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩នេះ បន្ទាប់ពីមួយរយៈពេលនេះ មានមនុស្សមួយក្តាប់តូច នាំគ្នារិះគន់សំណង់វិមានឈ្នះ-ឈ្នះថា ជារបស់បរទេស ដោយបានយករូបរបស់បណ្តាថ្នាក់ដឹកនាំប្រទេសជាមិត្តមួយសន្លឹកថតបង្ហោះ លើបណ្តាញសង្គម Facebook ដោយបំភ័ន្តលើការពិតទៅវិញ។
នាយឧយ្តមសេនីយ៍ បានបន្តថា ហេតុផលត្រង់នេះ គឺសំណង់វិមានឈ្នះ-ឈ្នះ ដែលបានកសាងឡើងជារបស់កូនខ្មែរដែលបានធ្វើ និងសុទ្ធសឹងតែជាស្មាដៃខ្មែរ ដែលខិតខំជាមួយការដឹកនាំ ទស្សនៈនៃនយោបាយឈ្នះ-ឈ្នះ ការចាត់ចែងរបស់ស្ថាបត្យករ វិស្វករ ធ្វើក្នុងការគិតគូររួមទាំងសម្ភារៈ។ ដូច្នេះសំណង់ដែលមានអត្ថន័យ និងអាចប្រៀបធៀបកម្រិតតំបន់ផ្សេងទៀតផង មិនមែនជាសំណង់របស់អ្នកណាក្រៅពីខ្មែរដែលបានធ្វើ ដើម្បីបង្ហាញពីសន្តិភាព និងសមិទ្ឋផលជាតិ។ ន័យ គឺសម្ដីមិនត្រឹមត្រូវ មិនពិតប្រាកដ និងមានគោលបំណងបំភ្លៃ បំភ័ន្តនេះគឺត្រូវបានចាត់ទុកថាជាល្អងធូលី ឬក៏ជាអ្វីដែលគ្រាន់តែហើរមកប៉ះព្រោះមិនអាចធ្វើឱ្យរង្គោះរង្គើរនូវតឹកតាង ដ៏ស្កឹមស្កៃ ស្ដុកស្ដម្ភដែលមាននូវសិលាចារឹក ចម្លាក់ទម្រង់នានាដែលនៅទីនេះបាន។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំថែមទាំងបើកចំហ និងអញ្ជើញមកផឹកតែ ចំពោះអ្នកដែលយល់មិនច្បាស់ ឬក៏មានការយល់ឃើញបែបណាដែលមិនត្រឹមត្រូវនោះ ដើម្បីមកពន្យល់ស្វាគមន៍យ៉ាងកក់ក្ដៅថែមទៀត ក្នុងទិដ្ឋភាពនៃភាពសុខដុម តាមបាវចនារបស់វិមានឈ្នះ ឈ្នះ ដែលមានស្ដីពី កត្តញ្ញូ សុខដុម និងការចូលរួមនេះ»។
រូបវិមានឈ្នះ-ឈ្នះ រូបដំរីក្បាលបី រួមទាំងហង្ស និងគ្រុឌ នាយឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គឺជាអត្តសញ្ញាណនៃតឹកតាងសន្តិភាព និងការអភិវឌ្ឍដែលមានវត្តមាន កសាងឡើងនៅទីនោះ ជាមួយនឹងការសួរពីមនុស្សមួយចំនួនបានសរសេរអំពីករណីវិមានឈ្នះ-ឈ្នះ ថា ជារបស់យួន និងបង្ហាញរូបខ្លះៗ ដែលមិនមែនជាការពិត ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់អំពីករណីនេះ ហើយប្រហែលជាមិនបានស្ដាប់ចប់ ឬអានចប់ ឬក៏យល់ឱ្យអស់នូវខ្លឹមសារនោះ។ ន័យរបស់ខ្ញុំដែលបានបញ្ជាក់ហាក់គឺច្បាស់លាស់ណាស់ហើយថា សម្រាប់មតិដែលលើកឡើង ជាលក្ខណៈអវិជ្ជមានទាំងអស់នោះគឺគ្រាន់តែជាមតិយោបល់មួយតិចតួចប៉ុណ្ណោះ ប្រៀបដូចជាល្អងធូលី ដែលហើរមកប៉ះ ហើយត្រូវខ្យល់បក់ទៅ»។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបន្ថែមទៀតថា ដូច្នេះដើម្បីកុំឱ្យមានការយល់ច្រឡំ សូមយកចិត្តទុកដាក់ក្នុងការស្ដាប់នូវខ្លឹមសារ បទសម្ភាសន៍ របស់លោកឱ្យបានចប់គ្រប់ជ្រុងជ្រោយ និងកុំបក បេះតែ១ចំណែកតូចណាមួយធ្វើអាជីវកម្មខុសឆ្គង ហើយកុំសូមធ្វើការប្រៀបធៀប និងពិនិត្យមើលបន្ថែមទៀត។
នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមទៀតថា នេះ គឺជាអ្វីដែលលោកចង់បញ្ជាក់ឡើងវិញ និងនៅតែមានជំហរយ៉ាងរឹងមាំថាទស្សនៈ នៃការកសាងស្ថាបត្យកម្មមួយនេះ មានចក្ខុវិស័យដែលដាក់ចេញ មកយ៉ាងច្បាស់លាស់ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានទស្សនទានដែលសម្តេចពិជ័យសេនា ទៀ បាញ់ បានផ្ដល់ និងដឹកនាំការ សាងសង់នេះ ហើយក្រុមការងារពោរពេញដោយឆន្ទៈស្មារតីទទួលខុសត្រូវមុះមុត ទោះបន្ទាប់ពីការសាងសង់រួចហើយក្នុងដំណាក់កាលទី៣នេះ។
ហើយក្តី ក៏បន្តធានាបំពេញការងារទាំងថ្ងៃយប់ ព្រឹក ល្ងាច ក្នុងឱកាសពិធីបុណ្យនានា និងក្រោយពីពិធីបុណ្យហើយបានបញ្ជាក់ហើយបញ្ជាក់ទៀតថា បទពិសោធន៍ដែលយើងមានក្នុងរយៈពេល០៩ខែនេះ ក្រោយបុណ្យនីមួយៗតែងតែមាន ប្រជាជនមកឆ្លងកាត់ពីកើតទៅលិច ពីជើងទៅត្បូង និងចូលទស្សនាជាក្រុមគ្រួសារ និងឈ្វេងយល់ អ្នកខ្លះក៏បានយល់ជាមុន និងអ្នកខ្លះក៏ឈ្វេងយល់ផ្ទាល់ ដោយត្រូវឈរលើលក្ខណៈ ដែលមានភាពវិទ្យាសាស្រ្ត ដែលមានប្រវត្តិសាស្រ្តប្រាកដនេះ និងមានឡុស្ហ៊ីកនៅក្នុងនោះ។ ដូច្នេះសូមចូលរួមជាមួយគ្នា ក្នុងការកសាងប្រទេសជាតិ ថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍឱ្យកាន់តែបានជឿនលឿន និងឧដុង្គឧត្តម៕