(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដប្រតិ បត្ដិការបង្ក្រាបល្បែងភ្នាល់តាមអ៉ីនធឺណេត គ្រប់រូបភាពទាំងអស់ បើទោះបីជនល្មើសប្រើឈ្មោះបុគ្គលណា ឬកូនអ្នកណាក៏ដោយ។
លោក ស សុខា បានកត់សម្គាល់ថា ក្រុមជនល្មើសអាចនឹងភ្ជាប់ ឬប្រើឈ្មោះកូនថ្នាក់ដឹកនាំ ឬក៏បុគ្គលដែលមានតួនាទី អំណាចក្នុងស្ថាប័នរដ្ឋ ដើម្បីជាខ្នងបង្អែកបន្លាចសមត្ថកិច្ចដែលចុះបង្ក្រាប។ ក្នុងករណីបើមានបែបនេះ លោកទទូចស្នើសុំសមត្ថកិច្ចអនុវត្តឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់លើបុគ្គលទាំងនោះ។
តាមរយៈ Facebook លោក ស សុខា បានបញ្ជាក់យ៉ាងដូច្នេះថា៖
«សូមបន្តបង្ក្រាបអាជីវកម្មល្បែងភ្នាល់តាមអ៉ីនធឺណេត បើទោះបីជាជនល្មើសប្រើឈ្មោះបុគ្គលណាជាខ្នងបង្អែកក៏ដោយ!
ខ្ញុំ ស សុខា ក្នុងនាមប្រជាពលរដ្ឋមួយរូប ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកងកម្លាំង និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបាននិងកំពុងអនុវត្តសារាចរណ៍ណែនាំ របស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៉ីនធឺណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាថ្មីម្ដងទៀត ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបិទល្បែងភ្នាល់តាម អ៉ីនធឺណេតអនឡាញក្នុង និងក្រៅប្រទេស។ ខ្ញុំសូមគាំទ្រ និងជំរុញលើកទឹកចិត្តសមត្ថកិច្ចគ្រប់ប្រភេទ ដែលបាននិងកំពុងបន្តចុះអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ពោល គឺបង្ក្រាបអាជីវកម្មល្មើសទាំងអស់នោះ។
ច្បាស់ណាស់ថា ក្រុមជនល្មើសអាចនឹងភ្ជាប់ ឬប្រើឈ្មោះកូនថ្នាក់ដឹកនាំ ឬក៏បុគ្គលដែលមានតួនាទី អំណាចក្នុងស្ថាប័នរដ្ឋ ដើម្បីជាខ្នងបង្អែកបន្លាច សមត្ថកិច្ចដែលចុះបង្ក្រាប។ ក្នុងករណីបើមានបែបនេះ សូមទទូចស្នើសុំសមត្ថកិច្ចអនុវត្តឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់លើបុគ្គលទាំងនោះ។
ខ្ញុំសូមសង្កត់ធ្ងន់ថា បើទោះបីជាក្រុមអ្នកប្រព្រឹត្តល្មើសទាំងនោះប្រើឈ្មោះ ខ្ញុំ ស សុខា ឬក្រុមការងារខ្ញុំក៏ដោយចុះ ខ្ញុំសុំបដិសេធ និងថ្កោលទោស យ៉ាងដាច់អហង្ការ និងសូមឲ្យសមត្ថកិច្ចអនុវត្តតាមសារាចរណ៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឲ្យបានម៉ឺងម៉ាត់។
សូមសមត្ថកិច្ចបង្កើនការទប់ស្កាត់ និងអនុវត្តតាមផ្លូវច្បាប់ ដោយកុំខ្វល់ថា ជាអ្នកណា ឬកូនអ្នកណា ចំពោះជនទាំងឡាយយកឈ្មោះថ្នាក់ដឹកនាំ ឬកូនថ្នាក់ដឹកនាំណាមួយទៅប្រើ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ»៕