(ភ្នំពេញ)៖ លោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាល កាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសំខាន់ៗចំនួន៥ចំណុចរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជូនដល់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា-ជប៉ុន ដើម្បីពង្រឹង និងពង្រីក បណ្ដាញឱ្យក្លាយជាកត្ដាចលករនៃវប្បធម៌សន្ដិភាព ឯកភាព មាននិរន្ដរ៍ភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ប្រសាសន៍សំខាន់ៗទាំង៥នោះរួមមាន៖

១៖ ការរក្សាឱ្យបាននូវសាមគ្គីភាពជិតស្និទ្ធ ពង្រឹងការងារជាក្រុម និងសុខដុមរមនីយកម្មរវាងគ្នានិងគ្នា ពិសេសរឹតចំណងមិត្តភាព ក្នុងចំណោមសមាជិកប្រតិភូនាវាយុវជននៃបណ្ដាប្រទេសនានា។

២៖ បន្ដពង្រឹងការកសាង និងបង្កើនសមត្ថភាពរបស់ខ្លួនលើពហុជំនាញ ទាំងភាសាទំនាក់ទំនង វប្បធម៌ប្រពៃណីជាតិ ចំណេះដឹងទូទៅពីអាស៊ាន ប្រវត្តិសាស្ដ្រក្នុងតំបន់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានភាពរីកចម្រើនជានិច្ច។

៣៖ បន្ដពង្រឹង និងពង្រីកកម្លាំងយុវជនទាំង ក្នុងចំណោមសមាជិកនាវាយុវជនអាស៊ី អាគ្នេយ៍ នៅកម្ពុជា យុវជន កក្រក យុវជន សសយក និងយុវជនកាយរឹទ្ធិជាតិកម្ពុជា ឱ្យទៅជាបណ្ដាញដ៍រឹងមាំ និងជា កត្ដាចលករនៃវប្បធម៌សន្ដិភាព ឯកភាព មាននិរន្ដរ៍ភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់។

៤៖ ថែរក្សាសុខភាពឱ្យបានល្អ រឹងមាំ ដើម្បីបំពេញបេសកកម្មនេះ ឱ្យទទួលបានជោគជ័យសម្រាប់ខ្លួនឯង និងសង្គមជាតិទាំងមូល។

៥៖ ត្រូវបណ្ដុះស្មារតី ជាតិនិយម រួមចំណែកថែរក្សាការពារផលប្រយោជន៍ជាតិជារួម ឈរលើបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការពាំនាំនូវប្រសាសន៍ដ៏មានសារៈសំខាន់ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែននេះ បានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា ក្នុងឱកាសទទួលជួបសំណេះសំណាល ជាមួយប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងជប៉ុន លើកទី៤៦ (SSEAYP) ។

ទន្ទឹមនឹងនោះផងដែរ លោក ពិត ចំណាន ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងជប៉ុន លើកទី៤៦ និងបានថ្លែងអំពីសមិទ្ធផល របស់កាកបាទក្រហមកម្ពុជា និងប្រវត្តិរបស់កាកបាទក្រហមកម្ពុជា ដែលក្នុងនោះផ្ដោតសំខាន់ ទៅលើសកម្មភាពរបស់យុវជនកាកបាទក្រហមកម្ពុជា ឆ្លុះបញ្ចាំងអំពីការរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីឲ្យយុវជន ជំនាន់ក្រោយមានឱកាសចូលរួមរឹតចំណងមិត្តភាព សាមគ្គីភាពជាមួយយុវជន នៃបណ្ដាប្រទេសសមាជិក អាស៊ាន ជាពិសេសគឺប្រទេសជប៉ុន។

ក្នុងឱកាសនោះ ប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងជប៉ុន លើកទី៤៦ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ គោរពចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ ប្រកបដោយព្រហ្មវិហារធម៌ ជួយសង្គ្រោះកូនចៅគ្រប់ពេលជួបទុក្ខលំបាកនានា ជាពិសេសគ្រោះហន្ដរាយធម្មជាតិ ដោយមិនទុក្ខឱ្យនរណាម្នាក់ មិនទទួលបានការជួយសង្គ្រោះឡើយទោះស្ថិតនៅទីកន្លែងណាក៏ដោយ។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី៤ហើយ ដែលថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងជប៉ុន ចូលជួបសំណេះសំណាល និងផ្ដល់ អនុសាសន៍ល្អៗ ដើម្បីជាទុនសម្រាប់ការចូលរួមជីវភាពជាអន្តរជាតិ និងទទួលបានថវិកាឧបត្ថម្ភមួយចំនួន ពីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ។

សូមជម្រាបថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៦ នឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩៕