(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សោកស្តាយជាខ្លាំងចំពោះមរណភាពរបស់លោក មាស ហួន ទីប្រឹក្សារាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកមរណភាពរបស់លោក មាស ហួន គឺជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុង្គឧត្តមមួយរូប។
តាមរយៈលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនភរិយាសពលោក មាស ហួន នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «មរណភាពរបស់ឯកឧត្តម គឺជាការបាត់បង់ស្វាមី បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុង្គឧត្តមដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងហ៊ានបូជាជីវិតក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ»។
ក្នុងសារលិខិតនេះក្រៅពីការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារហើយនោះ សម្តេចតេជោ ហ៊ុន សែន រួមនិងភរិយា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធលោក មាស ហួន បានឆាប់ចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិ។
សូមបញ្ជាក់ថា លោក មាស ហួន បានទទួលមរណភាពកាលពីម៉ោង៤ទៀបភ្លឺថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩នេះ ដោយរោគាពាធ ក្នុងជន្មាយុ ៨៤ឆ្នាំ។
បច្ចុប្បន្នសពរបស់លោកតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅគេហដ្ឋានផ្ទះលេខ៤៦៤ ផ្លូវ៣៩០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕