(ហាណូយ, វៀតណាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ប្រមុខរដ្ឋវៀតណាម លោក ង្វៀន ហ៊្វួជុង ថា នឹងប្រឹងប្រែងបញ្ចប់ការងារបោះបង្គោលព្រំសីមារវាងប្រទេសកម្ពុជា និងប្រវៀតណាម ឱ្យបានចប់សព្វគ្រប់ក្នុងពេលសម្តេចនៅធ្វើជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីឆន្ទៈក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ឱ្យបានចប់សព្វគ្រប់ក្នុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រីនេះ បានធ្វើឡើងក្នុងពេលសម្តេចអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ង្វៀន ហ៊្វួជុង នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ។
កម្ពុជា និងវៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ។ បច្ចុប្បន្នប្រទេសទាំងពីរបានសម្រេចការងារបោះបង្គោលព្រំសីមា បានប្រមាណ ៨៤ភាគរយហើយ នៅសល់តែ ១៦ភាគរយទៀតប៉ុណ្ណោះ។ ក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសវៀតណាមនាពេលនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងចុះហត្ថលេខាជាមួយសមភាគីវៀតណាម ដើម្បីទទួលស្គាល់លើបង្គោលព្រំសីមាដែលបានបោះរួចរាល់នេះផងដែរ។
ពាក់ព័ន្ធការបោះបង្គោលព្រំសីមាប្រទេសទាំងពីរនេះប្រមុខរដ្ឋវៀតណាម លោក ង្វៀន ហ៊្វួជុង បានសម្តែងការពេញចិត្តចំពោះលទ្ធផលទទួលបាន ក៏ដូចជាការឈានទៅចុះហត្ថលេខាទទួលស្គាល់លើព្រំសីមាដែលបានបោះរួចរាល់។ លោក ង្វៀន ហ៊្វួជុង ក៏បានជំរុញឱ្យប្រទេសទាំងពីរប្រឹងប្រែងបោះព្រំសីមា នៅសេសសល់១៦ភាគរយទៀត ឱ្យបានរួចរាល់ផងដែរ។
សូមបញ្ជាក់ថា ក្នុងជំនួបសម្តែងការគួរសមនេះប្រមុខរដ្ឋវៀតណាម លោក ង្វៀន ហ៊្វួជុង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរបំពេញទស្សនកិច្ចជាផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូនៅក្នុងប្រទេសវៀតណា។ លោក ង្វៀន ហ៊្វួជុង បានគូសបញ្ជាក់ថា លោកបានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះលទ្ធផលនៃជំនួបទ្វេភាគី ការធ្វើសន្និសីទព័ត៌មាន ក៏ដូចជាសន្និសីទកម្ពុជា-វៀតណាម ស្ដីពីការជំរុញវិនិយោគ និងពាណិជ្ជកម្ម។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសពីភាពរីករាយដែលបានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ក៏ដូចបានបានជួបជាមួយប្រធានរដ្ឋវៀតណាម។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ពីតួនាទីរបស់វៀតណាម ដែលកំពុងមានការលេចធ្លោនៅក្នុងតំបន់ ក៏ដូចជាលើឆាកអន្តរជាតិក្នុងការដើរតួនាទីសម្របសម្រួល ឬដោះស្រាយបញ្ហាផ្សេងៗ។
ពាក់ព័ន្ធបញ្ហាការអភិវឌ្ឍន៍សេដ្ឋកិច្ចវិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ជាប្រទេសស្ថិតនៅកណ្តាលវៀតណាម និងថៃ។ ដូច្នេះការរីកចម្រើនរបស់វៀតណាម ក៏ដូចជាប្រទេសថៃ ក៏នាំឱ្យកម្ពុជាមានការរីកចម្រើនផងដែរ។
សម្តេចតេជោ បានថ្លែងអំណរគុណវៀតណាម ដែលបានចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា និងបានកៀរគរអ្នកវិនិយោគវៀតណាមមករកស៊ីនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅប្រមុខរដ្ឋវៀតណាម ឱ្យចាត់ទុកកម្ពុជា គឺជាមិត្តមួយដ៏ជិតស្និទ្ធ និងស្មោះត្រង់ជាមួយវៀតណាម។
ក្នុងជំនួបនេះ លោក ង្វៀន ហ្វូ៊ជុង ក៏បានថ្លែងកោតសរសើរពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងការដើរតួនាទីផ្សេងៗ ដើម្បីសម្រួល និងដោះស្រាយបញ្ហានៅក្នុងតំបន់ផងដែរ ក៏ដូចជាលើឆាកអន្តរជាតិផងដែរ៕