(ភ្នំពេញ)៖ ក្រុមហ៊ុន Cam M J Agricultural Park Co., Ltd បានចំណាយថវិកាប្រមាណ១៥០លានដុល្លារអាមេរិក វិនិយោគលើវិស័យកសិ-ឧស្សាហកម្ម (កែច្នៃស្វាយ) លើផ្ទៃដីជាង៩៩ហិកតា ស្ថិតនៅភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជាក់ស្ដែង នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Ung Kim នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុននេះ ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងស្នើសុំអនុសាសន៍ទាក់ទង គម្រោងវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម (កែច្នៃស្វាយ) នៅប្រទេសកម្ពុជា នាពេលអនាគតដ៏ខ្លី។
លោក KIM បានលើកយកប្រវត្តិរបស់ក្រុមហ៊ុន មកជម្រាបជូនលោករដ្ឋមន្រ្តីជ្រាបដោយសង្ខេបថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រុមហ៊ុនបានបង្កើតឡើងនៅឆ្នាំ២០១៧ ក្នុងបំណងបង្កើនផលិតភាពផលិតកម្មកសិកម្ម ការការពារផលប្រជោជន៍របស់កសិករ តាមរយៈការធ្វើឲ្យប្រសើរឡើងនូវគុណភាពកសិផល បង្កើនតម្លៃបន្ថែម និងធ្វើការប្រកួតប្រជែងទីផ្សារក្នុង និងក្រៅប្រទេស។
លោកថា នៅដើមឆ្នាំ២០១៩ ក្រុមហ៊ុនបានទទួលគោលការណ៍វិនិយោគពី CDC ដើម្បីកសាង «Cam M J Agricultural Park Special Economic Zone» លាតសន្ធឹងលើផ្ទៃដីជាង ៩៩ហិកតា ស្ថិតនៅភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលត្រូវចំណាយថវិកាប្រមាណ១៥០លានដុល្លារ មានរយៈពេល០៥ឆ្នាំ (២០២០-២០២៥)។
តំបន់ឧស្សាហកម្មនេះ ប្រើជាប្រយោជន៍សម្រាប់ធ្វើកន្លែងតាំងពិពណ៌កសិផល ការប្រមូលទិញ ការកែច្នៃផ្លែឈើត្រូពិច បន្លែ ការធ្វើជំនួញកសិផលជាមួយដៃគូឈានមុខអន្តរជាតិ ព្រមទាំងជាកន្លែងអនុវត្តបច្ចេកទេសកសិកម្ម ការប្រមូលផ្តុំក្រុមផលិតពូជ និងការ កែច្នៃជីសរីរាង្គ -ល- និយាយជារួមគឺជាតំបន់ពហុប្រយោជន៍បម្រើឲ្យវិស័យកសិឧស្សាហកម្មកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមរបស់លោក KIM។
លោក Ung Kim បានបញ្ជាក់បន្ថែមថា ប្រសិនបើតំបន់នេះ ដំណើរការល្អតាមផែនការដែលបានគ្រោងទុកនោះ កម្ពុជាត្រូវបានគេទទួលស្គាល់លើឆាកអន្តរជាតិ កាន់តែច្រើនឡើងតាមរយៈផលិតផលកសិផលកែច្នៃនេះ។
លោករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍រីករាយ និងគាំទ្រចំពោះឆន្ទៈវិនិយោគរយៈពេលវែង លើវិស័យកសិកម្មកម្ពុជា ព្រោះថា វាស្របពេលដែលក្រសួង ក៏ដូចជារាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ យកចិត្តទុកដាក់ បង្កើនតម្លៃបន្ថែមលើការ ផលិត ការកែច្នៃកសិផលឲ្យបាន ១២ភាគរយ នៅត្រឹមឆ្នាំ២០២៥ ព្រមទាំងការលើកទឹកចិត្តដល់វិនិយោគិនក្នុងវិស័យកសិ-ឧស្សាហកម្ម ដែលមានអាទិភាពចម្បង ដូចបានកំណត់ក្នុងគោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។
លោកថា ក្រសួងកំពុងទន្ទឹងរង់ចាំ និងស្វាគមន៍ជានិច្ច រាល់គម្រោងវិនិយោគគ្រប់ខ្សែច្រវាក់ផលិតកម្មពី A-Z (ផលិត កែច្នៃ និងទីផ្សារ) ដែលមានលក្ខណៈបំពេញ ឲ្យដំណើរការកែច្នៃកសិផល បានគ្រប់ជ្រុងជ្រោយ។ លោករដ្ឋមន្រ្តី បានបន្ថែមទៀតថា ប្រសិនបើយើងបញ្ចូលបច្ចេកទេសសមស្របមួយឲ្យអ្នកផលិត រួមទាំងមានសួនកែច្នៃនេះទៀត យើងសង្ឃឹមថា ផលិតផលស្វាយនឹងមានតម្លៃបន្ថែមខ្ពស់មួយ ហើយនេះ គឺអ្វីដែលកសិករយើងរំពឹងទុក។
ក្រសួង នឹងផ្តល់កិច្ចសហការតាមគ្រប់រូបភាព ដើម្បីជួយសម្រួលគ្រប់បែបយ៉ាងទាំងឯកសាររដ្ឋបាល ច្បាប់ និងបច្ចេកទេស ធ្វើយ៉ាងណាឲ្យគម្រោងសម្រេចទទួលបានជោគជ័យ ប្រយោជន៍ដើម្បីលើកកម្ពស់សមត្ថភាព ផ្គត់ផ្គង់កសិផលកែច្នៃលើទីផ្សារក្នុង និងក្រៅប្រទេស ធ្វើការប្រកួតប្រជែង ជំរុញការប្រើប្រាស់ និងកាត់បន្ថយការនាំចេញវត្ថុធាតុដើមស្វាយ បង្កើនតម្លៃបន្ថែម បង្កើតការងារ បង្កើនចំណូល និងនិរន្តរភាពសេដ្ឋកិច្ចជាតិ។ នេះជាការគូសបញ្ជាក់ របស់លោករដ្ឋមន្ដ្រី វេង សាខុន។
ក្រៅពីផលិតផលស្វាយ រដ្ឋមន្ដ្រី វេង សាខុន ក៏បានប្រាប់ឲ្យក្រុមហ៊ុនចាប់អារម្មណ៍ លើផលិតផលដំឡូងមី ម្រេច ស្វាយចន្ទី និងត្រីទឹកសាបផងដែរ ដែលសុទ្ធតែជាវត្ថុធាតុដើម មានសក្តានុពលសម្រាប់ធ្វើការកែច្នៃ និងនាំចេញ៕