(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងនាយឧត្តមសេនីយ៍សាស្រ្តាចារ្យបណ្ឌិត ណុប រតនា អគ្គមេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយ-ពលទាហាន តាមបណ្តាកងអន្តរាគមន៍ នៃបញ្ជាការដ្ឋានអង្គរក្សទាំងអស់ បានអញ្ជើញចូលរួមគោរពវិញ្ញណក្ខន្ធ និងបំពាក់ឋានន្តរស័ក្កិបច្ឆាមរណៈសព ឧត្តមសេនីយ៍ត្រី ធូ ចំរ៉ុង ហៅនាយ សាន ម៉ៅ។
ក្នុងនោះផងដែរ នាយឧត្តមសេនីយ៍ បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងបានចូលបុណ្យចំនួន ២០,០០០,០០០លានរៀល និងសម្ភាររួមមាន៖ អង្ករ ២០០គីឡូក្រាម, ប៊ីចេង ៥គីឡូក្រាម, ទឹកក្រូច ១០កេស, ទឹកសុទ្ធ ១០កេស, មី ១០កេសតូច, ត្រីខ ១កេសធំ, ទឹកត្រី ២យួរ, ទឹកស៊ីអ៉ីវ ២យួរ និងទឹកដោះគោ ១កេស។
សូមបញ្ជាក់ថា នាយ សាន ម៉ៅ តារាកំប្លែងដ៏ល្បីមួយរូបរបស់កម្ពុជា បានទទួលមរណភាព នៅម៉ោង៦ល្ងាច ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅឯមន្ទីរពេទ្យប្រទេសថៃ។ សពនាយ សាន ម៉ៅ ត្រូវបានតម្កល់ធ្វើបុណ្យ នៅវត្តព្រែកប្រា ស្ថិតនៅក្នុង សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ៕