(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងប្រាប់កងកម្លាំងទាំងអស់ មិនឲ្យជនក្បត់ជាតិ សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ និងបក្ខពួក បង្ករអសន្តិសុខ បំផ្លាញសុខសន្តិភាព ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់បានជាដាច់ខាត។
ការថ្លែងបែបនេះនៅគ្រាដែលលោកអញ្ជើញចូលរួមសំណេះសំណាល ជាមួយកងកម្លាំងការពារ ព្រំដែនដែលឈរជើងនៅតាមព្រំដែន ក្នុងស្រុកចន្ទ្រា និងក្រុងបាវិត និងក្រុមរត់ម៉ូតូឌុបប្រមាណជិត៨០០នាក់ នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅវក្នុងបរិវេណវត្តបុទុមរង្សីហៅវត្តចេក ស្ថិតក្នុងឃុំសំរោងស្រុកចន្ទ្រា ខេត្តស្វាយរៀង។
នាយឧត្តមសេនីយ៍ បន្តថា ប្រទេសកម្ពុជាបានឆ្លងកាត់នូវភ្លើងសង្គ្រាមឥតឈប់ឈរ តែដោយសារការដឹនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្រោមនយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យប្រទេសកម្ពុជាទាំងមូល ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដូច្នេះមិនអាចឲ្យក្រុមក្បត់ជាតិណា មកបំផ្លាញបានឡើយ ព្រោះសន្តិភាពនេះ រកដោយលំបាកណាស់ទម្រាំមកដល់ថ្ងៃនេះ។
នាយឧត្តមសេនីយ៍ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងកម្លាំងត្រូវខិតខំការពាសន្តិសុខណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ អនុវត្តន៍គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ឲ្យទទួលបានជោគជ័យ និងត្រូវផ្តល់សេវាសាធារណៈឲ្យបានល្អប្រសើរ ទាំងសេវាសំណូមពរ និងសេវាតម្រូវការ គឺធ្វើយ៉ាងណាមិនឲ្យពលរដ្ឋមានការថ្នាំងថ្នាក់ឡើយ។
លោកបញ្ជាក់ថា «ត្រូវប្រាប់ក្រុមពួកសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោលហើយនោះ កុំជឿតាមការបំផុសបំផុល ញ៉ុះញង់ពីទណ្ឌិត សម រង្ស៉ី និងបក្សពួកដែលមកចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺនាំតែមានទោសទណ្ឌ តាមទណ្ឌិត សម រង្ស៉ី តែប៉ុណ្ណោះព្រោះតុលាការ កំពុងស្វែងរកចាប់ខ្លួនទណ្ឌិតនេះ គឺគិតតែខិតខំរកស៉ីចិញ្ចឹមគ្រួសារ ឲ្យមានជីវភាពរីកចម្រើន ដោយគ្មានអតីតគណបក្សសង្គ្រោះជាតិរស់ឡើងវិញទ្បើយ»៕