(ហាណូយ-វៀតណាម)៖ ក្នុងសន្និសីទកម្ពុជា-វៀតណាម ស្តីពីការជំរុញវិនិយោគ និងពាណិជ្ជកម្ម នៅទីក្រុងហាណូយ នាល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសគាំទ្រឲ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-វៀតណាមបន្ថែម នៅតាមបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញផ្លូវថា តំបន់សេដ្ឋកិច្ចពិសេសនេះ អាចបង្កើតនៅតំបន់ដែលសម្ដេចធ្លាប់ធ្វើដំណើរទៅតស៊ូ ចេញទៅប្រទេសវៀតណាម ដើម្បីរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន ប៉ុល ពត នោះគឺនៅតំបន់កោះថ្ម ស្ថិតក្នុងឃុំទន្លុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ សម្ដេចតេជោ បានអះអាងទៀតថា មូលហេតុដែលសម្ដេចគាំទ្រឲ្យបង្កើតនៅតំបន់នេះ ព្រោះនេះជាទីតាំងអនុស្សាវរីយ៍ដ៏សំខាន់មួយ កាលពី៤២ឆ្នាំមុន។

នាយករដ្ឋមន្ដ្រីរបស់កម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប្រសិនបើឯកឧត្តម ង្វៀន សួនហ៊្វុក លើកទឹកចិត្តបញ្ហានេះ ខ្ញុំយល់ព្រមណាស់ ខ្ញុំគាំទ្រណាស់ចង់ឲ្យមានតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-វៀតណាម ហើយក៏កុំចាំបាច់ទៅណាឆ្ងាយក្រៅពីជិតព្រំដែនកម្ពុជា-វៀតណាម ប៉ុន្ដែសុំធ្វើក្នុងដីកម្ពុជា ព្រោះវាស្រួលដើម្បីដឹងថា ផលិតផលចេញពីទឹកដីកម្ពុជា ប៉ុន្ដែអ្នកវិនិយោគរបស់វៀតណាម»

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា តំបន់ដែលសម្ដេចធ្លាប់ធ្វើដំណើរតស៊ូដើម្បីទៅរំដោះជាតិនោះ បច្ចុប្បន្នក៏មានរោងចក្រ ក៏មានទីផ្សារមួយចំនួនផងដែរ ហើយសមណាស់ដែលប្រែពីតំបន់ ដែលចាប់ផ្ដើមនៃដំណើរការតស៊ូ ទៅជាតំបន់នៃការអភិវឌ្ឍតែម្ដង ដែលឲ្យប្រែក្លាយទៅជាស្ថានភាពពិសេស។

ប៉ុន្ដែទោះជាយ៉ាងណាក្ដី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា សម្ដេចមិនចាប់បង្ខំឲ្យបង្កើតភ្លាមៗនោះទេ ព្រោះនេះជាការធ្វើសេដ្ឋកិច្ចដែលទាមទារ ឲ្យមានការសិក្សាច្បាស់លាស់ និងលម្អិត ប្រសិនបើចំណេញចាំបង្កើត ហើយបើសិនមិនចំណេញក៏កុំបង្កើតអី។

គិតមកដល់ពេលនេះ នៅកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការ ផលិតនាំចេញផលិតផលទៅក្រៅប្រទេសចំនួន១៩ ក្នុងនោះស្រូបយករោងចក្រ បាន៣៧៧រោងចក្រ បង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ ចំនួន១១៤,១៧៣កន្លែង។ ក្នុងចំណោមរោងចក្រជិត៤០០រោងចក្រ មានរោងចក្ររបស់ប្រទេសជប៉ុន ៩០រោងចក្រ កំពុងប្រតិបត្តិការក្នុងតំបន់សេដ្ឋកិច្ចពិសេស។

តំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៅកម្ពុជា ត្រូវបានបង្កើតឡើងនៅក្រុងបាវិត ខេត្តស្វាយរៀងជាប់ព្រំដែនវៀតណាម ហើយរោងចក្រដែលបើកមុនគេ នៅតំបន់សេដ្ឋកិច្ចពិសេសនោះ គឺរោងចក្រដំឡើងកង់ ហើយពេលនេះកម្ពុជា បានក្លាយជាប្រទេសទី៣ លើពិភពលោក ដែលនាំចេញកង់លក់ច្រើនជាងគេ។

សូមបញ្ជាក់ថា នៅក្នុងជំនួបទ្វេភាគីនៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ប្រមុខដឹកនាំកំពូលទាំងពីរ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះការកើនឡើងគួរឲ្យកត់សម្គាល់ នៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលមានការកើនឡើង ២៤ភាគរយ ក្នុងឆ្នាំ២០១៨ ជាមួយទំហំទឹកប្រាក់ជាង ៤,៧០០លានដុល្លាអាមេរិក និងរំពឹងសម្រេចបានជាង ៥,០០០លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។

ភាគីទាំងពីរ បានឯកភាពជំរុញការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ តាមរយៈការបញ្ចប់ឲ្យបានឆាប់នូវផែនការមេ ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម រហូតដល់ឆ្នាំ២០៣០ និងការអនុវត្តកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារួច ស្តីពីការតភ្ជាប់ការដឹកជញ្ជូន រួមទាំងអនុស្សារណៈយោគយល់គ្នា ស្តីពីយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន សម្រាប់ឆ្នាំ២០១៨-២០២៥ ជាមួយចក្ខុវិស័យឆ្នាំ២០៣០៕