(កំពង់ស្ពឺ)៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ ជាមួយក្រុមការងារ បានអញ្ជើញប្រគល់ជូនផ្ទះដល់គ្រួសារ រងគ្រោះដោយសារខ្យល់កន្ទ្រាក់កន្លងមកចំនួន ០៨ខ្នង។
ជាមួយគ្នានោះ លោកក៏បានចែកជូនអំណោយរបស់សាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ ដល់គ្រួសារដែលងាយរងគ្រោះចំនួន៤១គ្រួសារ ដែលជួបការខ្វះខាតផងដែរ។
លោក វ៉ី សំណាង បានថ្លែងថា ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្ងៃនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានចុះមកចែកផ្ទះចំនួន ០៨ខ្នង ដែលជាការសាងសង់របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កន្លងមក។
ក្នុងឱកាសនោះដែរ បងប្អូនប្រជាពលរដ្ឋ ៤១គ្រួសារផ្សេងទៀត ដែលជាជនងាយរងគ្រោះ និងជាស្ត្រីក្រីក្រចាស់ជរាក៏បានទទួលអំណោយសង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺផងដែរ៕