(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់ វិមានឈ្នះឈ្នះ បានរិះគន់ក្រុមអ្នករិះគន់ រូបវិមានឈ្នះឈ្នះ លើក្រដាសប្រាក់ថ្មី ១៥០០០រៀលថា សម្ដីរបស់ពួកគេជាលំអងធូលី ដែលបានខ្យល់បក់មួយភ្លែត ហើយបាត់រសាត់ទៅវិញគ្មានស្រមោល។ លោកថា វិមានឈ្នះឈ្នះ ត្រូវបានចាត់ទុកជានិមិត្តសញ្ញាដ៏ធំមួយ សម្រាប់ប្រទេសជាតិ និងជាសំណង់ ដែលតំណាងឱ្យសុខសន្តិភាពរបស់កម្ពុជា។
ការព្រលះបែបនេះរបស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន នៅក្នុងបរិវេណវិមានឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា វាមិនមានចំនួនច្រើនទេ គឺតិចណាស់ ក៏ប៉ុន្តែបើនិយាយទៅ វាជារឿងអស់សំណើចក៏ថាបាន ហើយក៏ដូចហៅថា មិនដឹងថាម៉េច ជាលំអងធូលីមួយដែលវាកើតឡើង ការបេះរូបបន្តិចរបស់គណៈប្រតិភូវៀតណាម យកមកបង្ហោះ គឺជារឿងកំប្លែងសុទ្ធសាធវិមានឈ្នះ-ឈ្នះ មានថ្នាក់ដឹកនាំប្រទេសជាច្រើន បានមកទស្សនា ដូច្នេះមិនដឹងថា កម្រិតខួរក្បាលគាត់នៅក្នុងកម្រិតបែបម៉េច ខ្ញុំគិតថា មិនគាប់បីចាប់អារម្មណ៍ទេ ប្រៀបដូចលំអងធូលីមួយ ហើរមួយភ្លែតបាតទៅចុះ»។
នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងថា វាគ្មានអ្វីចំលែកនោះទេ ដែលក្រុមអ្នកប្រឆាំងនាំគ្នាបានធ្វើ គឺការរិះគន់នូវសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំបានខិតខំប្រឹងប្រែងធ្វើ និងកសាងមក ហើយមួយវិញទៀត ក្រុមទាំងអស់នោះ ក៏ពួកគេកំពុងសប្បាយព្រមទាំងដកដង្ហើមនៅក្រោមម្លប់សន្តិភាពនាពេលបច្ចុប្បន្ននេះ ដោយមិនដឹងគុណសូម្បីតែបន្តិច។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា ការបោះពុម្ពក្រដាសប្រាក់ ១៥០០០រៀលថ្មី គាប់ជូនដូចទេវតាប្រទានផងដែរ។ ជាមួយគ្នានេះ បើយកប្រាក់១៥០០០រៀល មកចែក ៤០០០រៀល ស្មើ៣.៧៥ដុល្លារ ដូច្នេះទម្រង់ ៣.៥.៧នេះ គឺជាទម្រង់របស់វិមានឈ្នះ-ឈ្នះ ដោយនៅលើក្រដាសប្រាក់ថ្មីនេះ មានរូបវិមានឈ្នះ-ឈ្នះ ដំរីក្បាលបី ហង្ស និងរូបសត្វគ្រុឌ ទាំងនេះតំណាងឱ្យភាពសម្បូរបែបនៃបញ្ញាញាណ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបន្ថែមទៀតថា ទម្រង់របស់វិមានឈ្នះ-ឈ្នះ ដែលមានធាតុ ៣យ៉ាង គឺទី១៖ ការធានារូបកាយ និងអាយុជីវិត គឺការធានានូវសុវវត្ថិភាពខាងផ្នែកសន្តិសុខផ្ទាល់ខ្លួនរបស់បុគ្គល និងគ្រួសារដែលស្ម័គ្រចិត្តបញ្ចប់សង្គ្រាម និងការប្រយុទ្ធហើយវិលត្រឡប់ មករួមរស់នៅក្នុងចរន្តនៃសង្គមជាតិវិញ ទី២៖ ការធានាអាជីព និងមុខរបរ គឺការធានានូវសុវត្ថិភាពខាងផ្នែកអាជីព ដោយផ្តល់ជូនអ្នកទាំងនោះ នូវលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តមុខរបរ និងការរកស៊ីចិញ្ចឹមជីវិត ដែលពួកគាត់ធ្លាប់មានកន្លងមក និងទី៣៖ ការធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ គឺជាការធានាសុវត្ថិភាពខាងផ្នែកកម្មសិទ្ធិដែលគេធ្លាប់មាន និងកាន់កាប់ក្នុងរយៈពេលកន្លងមកដោយគ្មានការដកហូត ឬរុះរើ។
ប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះរូបនេះ បានបញ្ជាក់ថា សម្រាប់ភាពជោគជ័យនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រ DIFID «ឌីហ្វីដ» ក្នុងចំណោមយុទ្ធសាស្ត្រជាច្រើន ដែលកើតចេញពីតួអក្សឡាតាំងចំនួន៥គឺ៖ D.I.F.I.D មានរួមមាន៖ Divide មានន័យថា បំបែក, Isolate មានន័យថា ឯកោ, Finish មានន័យថា បញ្ចប់, Intergrate មានន័យថា ធ្វើសមាហរណកម្ម និង Decelop មានន័យថា អភិវឌ្ឍ។ ដែលជាយុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីបង្រួបបង្រួមជាតិកម្ពុជាទាំងមូលពីសង្គ្រាមស៊ីវិល។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់បន្ថែមទៀតថា ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិទាំងមូល ទទួលបានសុខសន្តិភាពពេញលេញ មានឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក។ អត្ថន័យនៃការកសាងវិមានឈ្នះ-ឈ្នះ ដើម្បីចរិក និងតម្កល់និមិត្តរូប វត្ថុតាង និងសមិទ្ធផលទាំងអស់ដែលពាក់ព័ន្ធទុកជាការចងចាំ និងជាមេរៀនសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។
សូមបញ្ជាក់ថា ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានបោះពុម្ពចេញផ្សាយនូវក្រដាសប្រាក់រៀលគំរូថ្មី ដែលរៀបចំឡើងដើម្បីអបអរសាទរ ក្នុងឱកាស នៃព្រះរាជពិធីបុណ្យគម្រប់ខួប ១៥ព្រះវស្សា ការ យាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងពេលខាងមុខនោះមានក្រុម អគតិមួយក្តាប់តួចបានរិះគន់ថា បានដាក់រូបសំណង់ វិមានឈ្នះ-ឈ្នះ ដោយពួកគេចាត់ទុកថាវិមានឈ្នះ-ឈ្នះនេះ គឺជានិមិត្តសញ្ញារបស់ប្រទេស យួន។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមអ្នករិះគន់ទាំងនោះ ត្រូវពិនិត្យឱ្យបានច្បាស់នូវខ្លឹមសារនៃការសាងសង់នូវ វិមានឈ្នះ-ឈ្នះនេះ ដោយលោក បានលើកឡើងថា ការស្ថាបនាវិមានឈ្នះ-ឈ្នះនេះ មានគោលដៅសំខាន់ចំនួន ៥ដូចជាទី១៖ រំម្លឹកសារៈសំខាន់នៃសន្តិភាព សមិទ្ធផល និងដំណើរការ ដែលបាននាំឱ្យមានសន្តិភាព តាមគោលនយោបាយឈ្នះ-ឈ្នះ និងការបង្រួបបង្រួមជាតិ។ បង្ហាញពីសុខដុមបនីយ កម្ម នៃសង្គមកម្ពុជា តាមរយៈសាសនា សម័យកាលប្រវត្តិសាស្ត្រ និងសមិទ្ធផល។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់បន្ថែមទៀតថា ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិទាំងមូល ទទួលបានសុខសន្តិភាពពេញលេញ មានឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក។ អត្ថន័យនៃការកសាងវិមានឈ្នះ-ឈ្នះ ដើម្បីចរិក និងតម្កល់និមិត្តរូប វត្ថុតាង និងសមិទ្ធផលទាំងអស់ដែលពាក់ព័ន្ធទុកជាការចងចាំ និងជាមេរៀនសម្រាប់មនុស្សជំនាន់ក្រោយផងដែរ៕