(ភ្នំពេញ)៖ មន្ត្រីរដ្ឋាភិបាលកម្ពុជា ចំនួន១៥នាក់ បន្ថែមទៀតត្រូវបានជ្រើសរើស ឲ្យទៅការសិក្សានៅសាធារណរដ្ឋកូរ៉េ សម្រាប់ឆ្នាំទី២ នៃវគ្គបណ្ដុះបណ្ដាល រយៈពេល៣ឆ្នាំ (២០១៨-២០២០) ស្ដីពី «ការកសាងសមត្ថភាពលើការតាមដាន និងវាយតម្លៃ សម្រាប់ប្រទេសកម្ពុជា» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ (រយៈពេល១៣ថ្ងៃ)។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ការិយាល័យកយកាប្រចាំនៅកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា សិក្ខាកាមទាំងអស់ គ្រោងនឹងចាកចេញពីប្រទេសកម្ពុជា ទៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ។
ដើម្បីជួយសម្រួលដល់ការបណ្តុះបណ្តាលនេះ ការិយាល័យកយកាប្រចាំនៅកម្ពុជា បានរៀបចំកម្មវិធីតម្រង់ទិស មុនពេលចេញដំណើរសម្រាប់សិក្ខាកាមទាំងអស់ នៅថ្ងៃទី០៤ ខែតុលាឆ្នាំ ២០១៩ ក្នុងគោលបំណងផ្តល់ព័ត៌មានចាំបាច់មួយចំនួន ទាក់ទងទៅនឹងការបណ្តុះបណ្តាល ជីវិតនៅប្រទេសកូរ៉េ រឿងរ៉ាវសំខាន់ៗ របស់សមាគមអតីតកម្មសិក្ខាការីកម្ពុជាកូរ៉េ ក៏ដូចជាក្រមសីលធម៌ នៃកម្មវិធីបណ្តុះបណ្តាល។
ដោយមានបេសកកម្មគាំទ្រការអភិវឌ្ឍធនធានមនុស្ស នៅក្នុងប្រទេសជាដៃគូរបស់ ទីភ្នាក់ងារយកា (KOICA-កយកា) អញ្ជើញសិក្ខាកាមដែលមានទេពកោសល្យ ពីប្រទេសកម្ពុជា និងជួយពួកគេឲ្យទទួលបាននូវជំនាញ និងប្រព័ន្ធចំណេះដឹង ដែលនឹងដើរតួយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា។
សូមរំលឹកដែរថា ដើម្បីឆ្លើយតបទៅនឹងការស្នើសុំរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទីភ្នាក់ងារយកា (KOICA-កយកា) បានផ្តល់កម្មវិធីបណ្តុះបណ្តាល រយៈពេល៣ឆ្នាំ (២០១៨-២០២០) សម្រាប់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួង/ស្ថាប័នពាក់ព័ន្ធដទៃទៀត។
គោលបំណង នៃកម្មវិធីបណ្ដុះបណ្ដាលនេះ គឺទី១៖ លើកកម្ពស់ការយល់ដឹងពីសារៈសំខាន់ និងភាពចាំបាច់ នៃការតាមដាន និងការវាយតម្លៃ, ទី២៖ បង្កើតស្តង់ដារ និងគំរូសម្រាប់ការតាមដាន និងវាយតម្លៃ, ទី៣៖ ពង្រឹងសមត្ថភាពមន្រ្តី និងក្រុមការងារ ដែលទទួលខុសត្រូវការងារតាមដាន និងវាយតម្លៃការអភិវឌ្ឍគម្រោង, ទី៤៖ ជាមូលដ្ឋានចំណេះដឹងក្នុងការបង្កើតយន្តការស្ថាប័ន និងគោលនយោបាយ ពាក់ព័ន្ធនឹងការតាមដាន និងវាយតម្លៃ, ទី៥៖ ពង្រឹងភាពជាដៃគូរវាងកម្ពុជា និងកូរ៉េ តាមរយៈការចែករំលែកចំណេះដឹង និងជំនាញលើការតាមដាន និងវាយតម្លៃ និងទី៦៖ បង្កើតបរិយាកាស ដែលអាចលើកកម្ពស់បន្ថែមទៀត ដល់ការវិនិយោគ និងគម្រោងសហប្រតិបត្តិការជាច្រើនទៀត។
កម្មវិធីបណ្តុះបណ្តាលឆ្នាំទីពីរ មានគោលបំណងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ សម្រាប់បង្កើតប្រព័ន្ធតាមដាន និងវាយតម្លៃដែលអនុវត្តចំពោះវិស័យជាក់លាក់។ វគ្គបណ្ដោះបណ្ដាលឆ្នាំទី២ នឹងផ្តោតលើអ្នកឯកទេសលើវិស័យនីមួយៗ។
មន្រ្តីរាជរដ្ឋាភិបាលទាំងអស់ ដែលត្រូវបានជ្រើសរើសឲ្យចូលរួមវគ្គបណ្តុះបណ្តាលខាងលើ បានថ្លែងអំណរគុណដល់ទីភ្នាក់ងារ កយកា (KOICA-កយកា) និងរដ្ឋាភិបាលកូរ៉េ ដែលបានផ្តល់វគ្គបណ្តុះបណ្តាលនេះ នឹងបានបង្ហាញពីការប្តេជ្ញាខ្ពស់ ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលនេះ ដើម្បីជំរុញការកសាងសមត្ថភាព និងការយល់ដឹងឲ្យបានទូលំទូលាយ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ផ្សេងៗ ជាពិសេសការតាមដាន និងវាយតម្លៃ៕