(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន បានកោតសរសើរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថា បានរៀបចំការបោះឆ្នោតយ៉ាងល្អនៅកម្ពុជា ហើយជប៉ុនសន្យានឹងបន្តជួយកម្ពុជា លើគ្រប់វិស័យ ក្នុងនោះមានការបោះឆ្នោតផងដែរ។
ការកោតសរសើរពីរាជរដ្ឋាភិបាលជប៉ុន បានបង្ហាញឡើងតាមរយៈ លោក មិកាមិ ម៉ាសាហ៉ីរ៉ុ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជា ជួបសន្ទនាជាមួយលោក ស៉ិក ប៊ុនហុក ប្រធាន គ.ជ.ប នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការ គ.ជ.ប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
សេចក្តីប្រកាសព័ត៌មាននេះ បានស្រង់សម្តីទូតថ្មីរបស់ជប៉ុន យ៉ាងដូច្នេះថា៖ «កម្ពុជាបានឆ្លងកាត់សង្គ្រាមស៉ីវិល ហើយកសាងសន្តិភាព និងខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេស បានយ៉ាងខ្លាំងក្លាថែមទៀត ពិតជាគួរឱ្យកោតសរសើរ។ ភាគីជប៉ុននឹងបន្តជួយកម្ពុជាលើគ្រប់វិស័យ ក្នុងនោះមានការបោះឆ្នោត ព្រោះជារឿងសំខាន់ណាស់ ហើយលោកបានកោតសរសើរ គ.ជ.ប និងលោកប្រធាន គ.ជ.ប ដែលបានរៀបចំការបោះឆ្នោតបានល្អនៅកម្ពុជា»។
នេះជាជំនួបលើកទីមួយ បន្ទាប់ពីលោក មិកាមិ ម៉ាសាហ៉ីរ៉ុ បានមកបំពេញបេសកកម្មការទូតនៅកម្ពុជាចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។ លោកប្រធាន គ.ជ.ប បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់លោកឯកអគ្គរាជទូត នៅរាជធានីភ្នំពេញ។ កន្លងមកនេះ គ.ជ.ប បានធ្វើការសហការយ៉ាងស្អិតរមួត ជាមួយអ្នកជំនាញការជប៉ុនប្រចាំនៅ គ.ជ.ប សរុបចំនួន ៨រូប ធ្វើការដូចបងដូចប្អូន ទាំងថ្ងៃទាំងយប់ រហូតបន្សល់ទុកស្នាដៃ និងអនុស្សាវរីយ៍ជាច្រើន។
លោក មិកាមិ ម៉ាសាហ៉ីរ៉ុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចំណាយពេលវេលាយ៉ាងមមាញឹករបស់លោកប្រធាន គ.ជ.ប ដើម្បីជួបសវនាការជាមួយលោក ហើយលោកមានកិត្តិយសយ៉ាងក្រៃលែង ដែលបានមកបំពេញការងារនៅប្រទេសកម្ពុជា។
លោកបានបន្តថា «កន្លងមកក្នុងពេលបំពេញការងារក្នុងក្របខ័ណ្ឌអាស៊ាន ខ្ញុំបានមកទស្សនានៅកម្ពុជាឆ្នាំ២០០២។ ពេលនេះក្នុងនាមឯកអគ្គរាជទូតថ្មី ខ្ញុំបានមើលឃើញការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា គួរឱ្យកោតសរសើរ»។
ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាល ភាគីជប៉ុនបានជួយបណ្ដុះបណ្ដាលមន្ត្រី គ.ជ.ប នៅប្រទេសជប៉ុន តាំងពីឆ្នាំ២០១៦ ក្នុងមួយឆ្នាំចំនួន ២រូប ហើយនឹងបន្តបណ្ដុះបណ្ដាលមន្ត្រី គ.ជ.ប ថែមទៀតពីប្រព័ន្ធបោះឆ្នោត នៅឆ្នាំ២០២០។ លោកឯកអគ្គរាជទូតបានបញ្ជាក់ថា ការងារបោះឆ្នោតពិតជាមានការលំបាក ដូចកន្លងមកស្ថានទូតជប៉ុន បានរៀបចំឱ្យមានការបោះឆ្នោតនៅក្រៅប្រទេស ហើយស្ថានទូតនេះឯងជាអ្នករៀបចំ ប៉ុន្តែត្រូវរៀបចំឱ្យបានល្អ។ ភាគីជប៉ុននឹងបន្តជួយពង្រឹងប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ឱ្យកាន់តែមានតម្លាភាពថែមទៀត។
លោក ស៉ិក ប៊ុនហុក បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់លោកឯកអគ្គរាជទូត លើការងារបោះឆ្នោតជាពិសេសនៅកម្ពុជា។ លោកប្រធានបានបន្តថា កាលពីខែឧសភា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំទៅលោក ស៊ិនហ្សូ អាបេ (Shinzō Abe) នាយករដ្ឋមន្ត្រីជប៉ុន ដើម្បីឱ្យបន្តជួយរៀបចំការបោះឆ្នោត តាមបែបប្រជាធិបតេយ្យនៅកម្ពុជា។
លទ្ធផលនៃការបោះឆ្នោតដែលឃើញស្រាប់នេះឯង គឺជាផ្លែផ្កានៃវត្ថុបំណងរបស់ប្រមុខរាជរដ្ឋាភិបាលទាំងពីរ។ លោកប្រធានបានបញ្ជាក់ទៀតថា គ.ជ.ប បានផ្លាស់ប្ដូរពីការចុះឈ្មោះដោយដៃ មកការចុះឈ្មោះតាមប្រព័ន្ធកុំព្យូទ័រ ហើយទទួលបានការសាទរ ការជឿជាក់ និងទំនុកចិត្តពីប្រជាពលរដ្ឋកម្ពុជា។ បច្ចុប្បន្ន គ.ជ.ប កំពុងធ្វើកំណែទម្រង់ និងខិតខំប្រឹងប្រែង ដើម្បីធ្វើយ៉ាងណាឱ្យការបោះឆ្នោតពីមួយលើកទៅមួយលើក កាន់តែល្អប្រសើរថែមទៀត។
លោក ស៉ិក ប៊ុន ហុក បានបញ្ជាក់ថា៖ «ចំពោះការបោះឆ្នោតនៅក្រៅប្រទេស យើងខ្ញុំក៏ចង់បានការបោះឆ្នោតអញ្ចឹងដែរ ប៉ុន្តែអាស្រ័យទៅលើមូលដ្ឋានច្បាប់ បើមានច្បាប់ យើងត្រូវធ្វើតាម និងអនុវត្ត។ ជាងនេះទៀត គ.ជ.ប មិនទាន់មានបទពិសោធន៍ សម្ភារ ធនធានមនុស្ស និងបច្ចេកទេស ដែលទាមទារឱ្យមានជំនួយ ប្រសិនបើមានច្បាប់តម្រូវ»។
លោកប្រធានក៏បានរំលឹកដែរថា ជប៉ុនធ្លាប់បានជួយកម្ពុជាលើការបោះឆ្នោតតាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ននេះ។ ពីពេលនេះទៅ គ.ជ.ប នឹងមានការបោះឆ្នោតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ហើយ គ.ជ.ប បានស្នើសុំទៅកាន់ស្ថានទូតជប៉ុនជួយផ្ដល់អ្នកជំនាញ ដើម្បីអប់រំឱ្យបានទូលំទូលាយពាក់ព័ន្ធនឹងការបោះឆ្នោត និងដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា យល់ឱ្យបានច្បាស់ពីតម្លៃ នៃលទ្ធិប្រជាធិបតេយ្យ។
ជាចុងក្រោយលោកប្រធាន បានសង្កត់ធ្ងន់ថា គ.ជ.ប ធ្វើកិច្ចការងាររបស់ខ្លួនសំខាន់ ២ ជាចម្បងរួមមាន៖
១៖ ប្រជាពលរដ្ឋដែលមានឯកសារគ្រប់គ្រាន់ និងមានអាយុ ១៨ឆ្នាំឡើងទៅត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
២៖ សំឡេងឆ្នោតដែលគេបានបញ្ចេញ ត្រូវបានរាប់យ៉ាងត្រឹមត្រូវ។
ជារួម គ.ជ.ប ចង់បានការបោះឆ្នោតឱ្យដូចប្រទេសអភិវឌ្ឍ ដែលប្រជាពលរដ្ឋមានការជឿជាក់លើយុត្តិធម៌នៃការបោះឆ្នោត ព្រោះលទ្ធផលនៃការបោះឆ្នោតដែលគ្រប់ភាគីជឿជាក់ និងទទួលយកបាន គឺជាកត្តាសំខាន់ណាស់ សម្រាប់ស្ថិរភាពរបស់ស្រុកទេស។ លោកប្រធានបានបញ្ជាក់យ៉ាងច្បាស់ថា «ក្នុងនាមជាខ្មែរ ខ្ញុំត្រូវធ្វើឱ្យខាងតែបាន»៕